ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាប្រភេទជំងឺទឹកនោមផ្អែម តែងកើតមានអំឡុងសប្តាហ៍ទី ២៤ ក្រោយពពោះ។ ទឹកនោមផ្អែមប្រភេទនេះ ប៉ះពាល់ការប្រើប្រាស់ជាតិស្កររបស់កោសិកា ជាហេតុនាំឲ្យជាតិស្ករក្នុងឈាមកើនឡើង ជះឥទ្ធិពលអាក្រក់ទាំងអ្នកម៉ាក់ និងបេប៊ី។ យ៉ាងណា ក្រោយសម្រាល ជាតិស្ករក្នុងពោះម៉ាក់ៗនឹងវិលត្រឡប់មកធម្មតាវិញ ប៉ុន្តែទាំងម៉ាក់ៗ និងបេប៊ី ក៏ប្រឈមហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដូចគ្នា។ គួរប្រឹក្សាជាមួយគ្រូពេទ្យ តាមដានកម្រិតជាតិស្ករឲ្យបានទៀងទាត់។
ជាដំបូន្មាន សម្រាប់ស្រីៗមានជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ មុនសម្រេចចិត្តពពោះ គប្បីប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ដើម្បីទទួលបានការណែនាំល្អៗ បញ្ចៀសហានិភ័យទាំងម៉ាក់ៗ និងបេប៊ី ទៅថ្ងៃក្រោយ។
ម្នាក់ក្នុងចំណោមស្ត្រីពពោះ ១០នាក់ មានជំងឺនេះ ហើយភាគច្រើនកើតមានលើស្ត្រីធាត់ៗ។ ប៉ុន្តែយើងអាចគ្រប់គ្រងជំងឺនេះបាន ដោយកាត់បន្ថយនូវកត្តាប្រឈមមួយចំនួន។ គួរសួរគ្រូពេទ្យបន្ថែមបើមានចម្ងល់។
ធម្មតាមិនបង្កចេញជារោគសញ្ញាអ្វីទេ អ្នកជំងឺអាចដឹងថាខ្លួនកើតជំងឺនេះ នៅពេលគាត់ធ្វើតេស្តពិនិត្យផ្ទៃពោះ។ ម៉ាក់ៗ មួយចំនួនអាចមានរោគសញ្ញាពេលជាតិស្ករឡើងខ្ពស់ដូចជា៖
– នោមញឹក
– ស្រេកទឹកញឹកញាប់
– ស្ងួតមាត់
– នឿយហត់
ប៉ុន្តែរោគសញ្ញាខាងលើ អាចកើតមានអំឡុងពេលពពោះ ហើយក៏មិនប្រាកដជារោគសញ្ញាទឹកនោមផ្អែមទាំងស្រុងដែរ។ យ៉ាងណា បើមានរោគសញ្ញាអ្វីប្លែក ឆាប់ទៅជួបគ្រូពេទ្យ។
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
អាំងស៊ុយលីន ជាអ័រម៉ូនផលិតចេញពីលំពែង មានតួនាទីជួយដឹកនាំស្ករទៅឲ្យកោសិកា សម្រាប់ប្រើប្រាស់ក្នុងរាងកាយ និងជួយសម្រួលជាតិស្ករក្នុងឈាម។ ពេលលំពែងផលិត អាំងស៊ុយលីន មិនគ្រប់គ្រាន់ បណ្តាលឲ្យម៉ាក់ៗ មានជំងឺទឹកនោមផ្អែមប្រភេទនេះ។ មួយទៀត អ្នកខ្លះមានបញ្ហានេះអំឡុងពេលជិតសម្រាល និងខ្លះទៀតអាចមានបញ្ហាតាំងពីដំបូង ព្រោះលើសកម្រិតជាតិស្ករមុនពេលពពោះ ភាគច្រើនដោយសារលើសទម្ងន់ ហើយពេលពពោះ កាន់តែខ្វះ អាំងស៊ុយលីន ហេតុនាំឲ្យមានជំងឺទឹកនោមផ្អែមពេលពពោះ។
កត្តាប្រឈមងាយកើតទឹកនោមផ្អែមពេលពពោះមានច្រើនដូចជា៖
– លើសទម្ងន់
– អាយុលើស ២៥ឆ្នាំ
– ធ្លាប់កើតកូនថ្លោសពីមុន
– មានជំងឺដុំគីសនៅក្រពេញអូវែ
– សាច់ញាតិក្នុងផ្ទះមានកើតជំងឺនេះ
– ធ្លាប់មានជំងឺទឹកនោមផ្អែមពេលពពោះពីមុន
– គណនាធម្យមភាគទម្ងន់ និងគីឡូ (BMI) លើសពី ៣០
– មានជំងឺប្រចាំកាយ ពិសេសជំងឺ Glucose Intolerance (ជំងឺបំបែកជាតិស្ករមិនបានល្អ)
– លេបថ្នាំ Glucocorticoids (ថ្នាំប្រឆាំងរលាកសន្លាក់ ជំងឺហឺត ឬជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង) ប្រើថ្នាំ Beta-blockers (ថ្នាំលើសឈាម ឬចង្វាក់បេះដូងដើរលឿន) ឬថ្នាំ Antipsychotic (សម្រាប់ជំងឺផ្លូវចិត្ត)។
អត្ថបទគួរអាន៖
គ្រូពេទ្យ នឹងសួរយើងសំណួរមួយចំនួនពេលណាត់ជួបពិនិត្យផ្ទៃពោះចន្លោះសប្តាហ៍ទី ៨-១២ ដើម្បីរកមើលមានជំងឺទឹកនោមផ្អែមពេលពពោះ ឬអត់។
ក្នុងករណីមានកត្តាប្រឈមមួយ ឬច្រើន យើងត្រូវធ្វើតេស្តមួយចំនួនដូចជា៖
– តេស្តជាតិស្ករ (Initial Glucose Challenge Test)៖ ត្រូវផឹកទឹកស្ករ ១ ម៉ោងមុន បន្ទាប់មកគ្រូពេទ្យនឹងធ្វើការវាស់ជាតិស្ករក្នុងឈាម បើកម្រិតជាតិស្ករក្រោម ១៣០-១៤០ មិលី្លក្រាម/ដេស៊ីលីត្រឈាម ឬ ៧,២-៧,៨ មិល្លីម៉ួល/លីត្រឈាម ចាត់ទុកជាកម្រិតធម្មតា ប៉ុន្តែបើជាតិស្ករវាស់ឃើញខ្ពស់ជាងនេះ យើងនឹងត្រូវធ្វើតេស្តជាតិស្ករមួយបែបទៀត ដើម្បីឲ្យប្រាកដយើងពិតជាគ្មាន ឬមានជំងឺទឹកនោមផ្អែមពេលពពោះ។
– តេស្ត Glucose tolerance testing៖ ទាមទារតមញ៉ាំចំណីពេញ ១យប់ ហើយនៅពេលព្រឹកគ្រូពេទ្យនឹងធ្វើការវាស់កម្រិតជាតិស្ករ បន្ទាប់មកឲ្យយើងញ៉ាំទឹកស្ករផ្អែមខ្លាំងជាងមុន និងពិនិត្យជាថ្មីចន្លោះពេល ១ ម៉ោងម្តង និងធ្វើតេស្តសរុប ៣ដង។ បើមើលទៅឃើញថាជាតិស្ករក្នុងឈាមកាន់ឡើងលើសធម្មតា ២ ក្នុង ៣ដង បញ្ជាក់ថាយើងពិតជាមានជំងឺទឹកនោមផ្អែមពេលពពោះពិតមែនហើយ។
ការព្យាបាលអាចមិនមែនសម្រាប់តែម៉ាក់ៗទេ ក៏ដើម្បីជួយបេប៊ី គេចផុតពីជំងឺទឹកនោមផ្អែមប្រភេទទី ២។ គោលដៅព្យាបាល ធ្វើយ៉ាងណាឲ្យជាតិស្ករក្នុងខ្លួនស្ថិតនៅកម្រិតមួយអាចទទួលយកបាន ខណៈអ្វីយើងគួរធ្វើរួមមាន៖
– ញ៉ាំអាហារល្អសម្រាប់សុខភាព
– ចាក់ អាំងស៊ុយលីន បើចាំបាច់
– ធ្វើលំហាត់ប្រាណ យ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ បើចង់ហាត់ដោយប្រើកម្លាំងខ្លាំង គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ក្នុងត្រីមាសទី ១ ពេលពពោះគប្បីកុំហាត់កីឡាណាប្រើខ្នង។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– អាហារមានជីវជាតិ៖ ញ៉ាំអាហារសម្បូរជាតិសរសៃ និងជាតិខ្លាញ់ទាប កុំភ្លេចញ៉ាំផ្លែឈើ បន្លែ និងស្រូវសាឡី។ គួរតែញ៉ាំឲ្យបានគ្រប់មុខ ប៉ុន្តែកុំច្រើនពេក។
– បញ្ចេញជាតិពុល៖ បញ្ចេញសកម្មភាព ឬហាត់ប្រាណរៀងរាល់ថ្ងៃ ជិះកង់ ហែលទឹក យ៉ាងហោចណាស់ ៣០ នាទី។ បើមិនអាចហាត់ម្តងបាន ៣០នាទី ហាត់តិចជាងនេះក៏បាន។
– សម្រកទម្ងន់មុនពពោះ៖ សម្រកគីឡូអាចជួយយើងមានសុខភាពល្អពេលពពោះ។ លើកទឹកចិត្តខ្លួនឯងដោយគិតថា យើងនឹងទទួលបានផលប្រយោជន៍ច្រើននៅពេលក្រោយ ដូចជា បេះដូងមានសុខភាពល្អ កម្លាំងខ្លាំងជាងមុន និងមានទំនុកចិត្តលើខ្លួនឯង។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕