backup og meta

ទាំងនេះជា​មូលហេតុ​បង្ក និងវិធីការពារស្រ្តីកុំឲ្យមាន​គ្រោះថ្នាក់ពេលមាន​ផ្ទៃពោះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 07, 2023

    ទាំងនេះជា​មូលហេតុ​បង្ក និងវិធីការពារស្រ្តីកុំឲ្យមាន​គ្រោះថ្នាក់ពេលមាន​ផ្ទៃពោះ

    ស្រ្តី​គ្រប់​រូបទំនងជា​មាន​អារម្មណ៍រំភើបមិនតិច​ទេពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ស្របពេលដែល​អារម្មណ៍​ភ័យខ្លាច​មួយចំនួនក៏កើតមាន​ពេលគិត​ដល់​ពេល​សម្រាលដែលអាចមានគ្រោះ​ថ្នាក់​ដល់អាយុជីវិត ខណៈប្រទេស​កំពុងអភិវឌ្ឍន៍​ និង​ក្រីក្រ​ប្រឈម​នឹង​ការស្លាប់នេះ​ច្រើន។​

    តើមរណមាតាជាអ្វី?

    មរណមាតា​ សំដៅដល់​ការ​ស្លាប់​របស់​ស្ត្រី​ទាក់ទង​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​ ហើយការស្លាប់​​អាច​កើត​មានអំឡុង​ពេល​ស្ត្រី​ពពោះ ពេល​សម្រាល​កូន ​ឬ​ក្រោយ​ពី​សម្រាល​៤២ថ្ងៃ និង​ការ​រំលូតកូន​ជាដើម។ ប៉ុន្តែបើ​​ស្រ្តីមានផ្ទៃពោះ​ស្លាប់​ដោយ​សារតែ​ឧប្បត្តិហេតុ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​មិន​ទាក់​ទង​នឹង​ការ​ពពោះ​ មិន​ចាត់ទុកជា​មរណមាតាទេ​។ តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO)​ក្នុង​ឆ្នាំ២០១៧ បាន​បង្ហាញ​ថា​ស្ត្រី​ជាង​៨៣០នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​ជុំវិញ​ពិភពលោក​ដោយ​សារ​បញ្ហា​កើត​ឡើងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ហើយ​ភាគច្រើន​នៃការស្លាប់នេះ​មាន​នៅ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​គ្រោះ​ថ្នាក់ទាំងនេះ​សុទ្ធតែ​អាច​បញ្ចៀសបាន។

    មូលហេតុ​បង្ក​មរណមាតា

    នៅ​ប្រទេស​ដែល​មាន​ការថែទាំ​សុខភាព​ត្រឹមត្រូវ ផល​វិបាក​ដែល​កើត​ពី​ការ​មាន​ផ្ទៃពោះ និង​មរណមាតា​កម្រ​កើត​មាន​ណាស់ ព្រោះ​បញ្ហា​ដែល​កើត​អំឡុង​ពេល​ពពោះ ពេល​សម្រាល​កូន និង​ក្រោយ​សម្រាល​កូន​អាច​ព្យាបាល​បាន និង​បង្ការ​បាន។ ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ​ទៀត ស្ថានភាព​ទាំង​នេះ​ពិត​ជា​គ្រោះថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។ ខាងក្រោម​នេះ​ជា​មូលហេតុ​នៃ​មរណមាតា៖

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ១. ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល (Postpartum Hemorrhage)

    ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រសិន​ជា​មិន​មាន​គ្រូពេទ្យ​ជំនាញ​ជួយ​បញ្ឈប់​ការ​ធ្លាក់​ឈាម​។

    ធ្លាក់ឈាម

    ២.ការ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ក្រឡា​ភ្លើង (Eclampsia)

    ការ​តាម​ដាន​សុខភាព និង​ធ្វើ​តេស្ដ​អាច​រក​ឃើញ​បញ្ហា​ដូចជា​ការ​លើស​សម្ពាធ​ឈាម និង​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។ ការ​ទទួល​ការ​ថែ​ទាំ​សុខភាព​ពី​គ្រូពេទ្យ​អាច​ព្យាបាល​ជំងឺបម្រុងក្រឡាភ្លើង (Pre-eclampsia) ប៉ុន្តែ​បើ​មិន​មាន​ការ​ថែទាំ​ត្រឹមត្រូវ​ទេ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់។

    ៣.ការ​ឆ្លង​ជំងឺ

    ស្ត្រី​អាច​ឆ្លង​ជំងឺ​ផ្សេងៗ​ពី​ការ​រម្លូត​កូន​ដោយ​មិនមានសុវត្ថិភាព (unsafe abortion) ការ​សម្រាល​ដែល​មិន​មាន​អនាម័យ ឬ​ការ​សម្រាល​រយៈពេល​យូរ។ ការ​យល់​ដឹង និង​ព័ត៌មាន​មិន​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​អនាម័យ​ផ្ទាល់​ខ្លួន និង​ការ​ថែទាំ​ទារក​បន្ទាប់​ពី​សម្រាល​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ។

    ៤.ការ​រម្លូត​កូន

    នៅប្រទេស​ក្រីក្រខ្លះទៀតការរម្លូតកូនមិនសូវមាន​សុវត្ថិភាព ដោយថាការ​រម្លូត​កូននោះធ្វើឡើង​ដោយ​មិន​មាន​អ្នក​ជំនាញ​ ហើយនេះ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​របស់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ដោយ​អចេតនា។

    ៥.ការ​កក​ឈាម​ក្នុង​សរសៃ​ឈាម​សួត​​ (Pulmonary embolism)

    ការ​កក​ឈាម​ក្នុង​សរសៃ​ឈាម​សួត​អាច​កើត​ឡើង​បន្ទាប់​ពី​ការ​សម្រាល​កូន​រួច និង​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​សម្រាប់​អ្នក​សម្រាល​កូន​ដោយ​វះ​កាត់

    ៦. ផល​វិបាក​ផ្សេងៗ​បង្ក​ដោយ​ការ​ពពោះ​ដោយ​ផ្ទាល់

    ស្ត្រី​ប្រមាណ​ជា​១០%​ស្លាប់​ដោយ​ផល​វិបាក​ដែល​កើត​ពី​ការ​ពពោះ​ដោយ​ផ្ទាល់​មាន​ដូចជា សុក​ពាំង​មាត់​ស្បូន (Placenta previa) ការ​ដាច់​រហែក​ស្បូន (Uterine rupture) និង​កូន​ក្រៅ​ស្បូន (Ectopic pregnancy)បើ​មិន​មាន​ការ​ថែទាំ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។

    ៧. មូលហេតុ​ផ្សេងៗ​​មិន​បង្ក​ដោយ​ការ​ពពោះ​ដោយ​ផ្ទាល់

    ការ​ពពោះ​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ដល់​អ្នក​មាន​ផ្ទុកវីរុសHIV និងអ្នកមាន​ជំងឺ​បេះដូង។ នៅពេល​ពពោះ​ ស្រ្តី​ខ្លះអាចកើតជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ស្លេកស្លាំង ដែលជំងឺនេះ​អាចនឹងមានស្ថានភាព​​កាន់​តែ​អាក្រក់​ក៏ថាបាន​។

    ៨. កត្តា​រួម​ចំណែក​ផ្សេងៗ

    អាយុ៖ ការ​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​ក្មេង​ពេក​ ឬ​ចាស់​ពេកអាច​មាន​ផល​វិបាក​ផ្សេងៗ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់បាន។

    ស្ថានភាព​សង្គម​សេដ្ឋកិច្ច៖ ការ​ទទួល​បាន​អប់រំ​តិច របប​អាហារ​មិន​ល្អ និង​ការ​រាំង​ស្ទះ​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព​អាច​ប៉ះ​ពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ដែរ។

    វិសមភាព​យេនឌ័រ៖ នៅ​ប្រទេស​មួយ​ចំនួន ស្ត្រី​មាន​ឱកាស​តិច​ក្នុង​ការ​ទទួល​ការ​អប់រំ និង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​រស់​នៅ និង​ជម្រើស​គ្រួសារ។

    ធនធាន​មាន​ស្រាប់៖ ការ​រស់​នៅ​ឆ្ងាយ​ពី​កន្លែង​ផ្តល់​សេវា​សុខភាព​អាច​ប៉ះ​ពាល់​ដល់​ការ​តាម​ដាន​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​ពេល​សម្រាល​មិន​មាន​គ្រូពេទ្យ ឬ​ពេទ្យ​ឆ្មប។

    ចំនួន​កូន​ដែល​បាន​បង្កើត៖ ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​អាច​មាន​ហានិភ័យ​ខ្ពស់​ជាង​កូន​ទី​២ និង​ក្រោយ​ពី​កូន​ទី​៥ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ។

    វិធីបង្ការហានិភ័យពេលពពោះ

    ចន្លោះ​ពី​ឆ្នាំ១៩៩០ដល់២០១៥ ចំនួន​ស្ត្រី​ស្លាប់​ដោយ​សារ​ការ​មាន​ផ្ទៃពោះ និង​ការ​សម្រាល​កូន​បាន​ថយ​ចុះ​​៤៤%។ ការ​ថយ​ចុះ​នេះ​មក​ពី៖

    ការ​អប់​រំ

    ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់វិធីពន្យារ​កំណើត

    ការ​តាម​ដាន​សុខភាព​អំឡុង​ពេល​ពពោះ

    ការ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ និង​មាន​គ្រូ​ពេទ្យ​ជំនាញ

    ការ​ទទួល​បាន​ថ្នាំ​សង្កូវ និង​ការ​ព្យាបាលនូវ​ផល​វិបាក​ផ្សេងៗ

    ការ​ថែ​ទាំ​ពេល​ពពោះ​ និង​ការ​សម្រាល​មាន​ភាព​ជឿន​លឿន។

    ប៉ុន្តែ​នៅ​ប្រទេស​មួយ​ចំនួន​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ដើម្បី​កាត់​បន្ថយ​អត្រា​​មរណមាតា​ដែល​ក្នុង​នោះ​រួម​មាន៖

    ១.ការ​អប់រំ

    ការ​អប់រំ​អាច​ឲ្យ​ក្មេង​ស្រី​យល់​ដឹង​បន្ថែម​អំពី​សុខភាព​បន្ត​ពូជ ការ​ពន្យារ​កំណើត និង​ផល​វិបាក​នៃ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ដែល​ទាំង​នេះ​អាច​ជួយ​ក្មេង​ស្រី​​ឲ្យ​មាន​ជម្រើស​កាន់​តែ​ល្អសម្រាប់ជីវិត​។

    ២.ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព

    ការ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​ដែល​កើត​មុន​ និង​ការ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​អាច​បង្ការ​ការ​ស្លាប់​អំឡុង​ពេល​ពពោះ។ សេវាកម្ម​អាហារូបត្ថម្ភ និង​សុខភាព​ប្រព័ន្ធ​បន្ត​ពូជ​មាន​សារសំខាន់​ណាស់​សម្រាប់​ក្មេងស្រី និង​វ័យ​ជំទង់​ដែរ។

    ៣.អនាម័យ

    ការ​យល់​ដឹង​អំពី​អនាម័យ​ផ្ទាល់​ខ្លួន និង​ការ​ថែទាំ​ទារក​បន្ទាប់ពី​សម្រាល​អាច​បង្ការ​មិន​ឲ្យ​ឆ្លង​ជំងឺ។

    ៤.ការ​ថែទាំ​សុខភាព​អំឡុង​ពេល​ពពោះ

    ការ​ថែទាំ​សុខភាព​ដោយ​គ្រូ​ពេទ្យ​ជំនាញ​មុន​ពេល និង​អំឡុង​ពេល​សម្រាល​អាច​បញ្ចៀស​ផល​វិបាក និង​ជួយ​ការ​សម្រាល​ឲ្យ​មាន​សុវត្ថិភាព។ ស្ត្រី​គួរ​សម្រាល​នៅ​មន្ទីរពេទ្យ ឬ​គ្លីនិក​ដើម្បី​ធានា​នូវ​សុវត្ថិភាព។

    ៥.ការ​ត្រួត​ពិនិត្យ​ក្រោយ​ពេល​សម្រាល

    ក្រោយ​ពី​សម្រាល​រួច ស្ត្រី​នៅ​ត្រូវការ​ថែទាំ​ឲ្យ​បាន​ដិតដល់ និង​ការ​ត្រួតពិនិត្យ​បន្ថែម​ទាក់​ទង​ទៅ​នឹង​ការ​ធ្លាក់​ឈាម​ក្រោយ​ពេល​សម្រាល ឬ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម