backup og meta

ស្រ្តី​សម័យ​ថ្មី​និយមជ្រើស​រើស​វិធីសម្រាល​កូន​ដោយវះកាត់ នេះជាអ្វី​ម៉ាក់ៗគួរដឹង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 25, 2022

    ស្រ្តី​សម័យ​ថ្មី​និយមជ្រើស​រើស​វិធីសម្រាល​កូន​ដោយវះកាត់ នេះជាអ្វី​ម៉ាក់ៗគួរដឹង​

    ទន្ទឹម​នឹង​មាន​ទំនោរ​លើ​ការ​សម្រាល​កូន​ដោយ​វះ​កាត់ ម៉ាក់​ៗ​គួរ​ស្វែង​យល់​សិន​ថា​ការ​សម្រាល​តាម​វិធី​នេះ​មាន​​គុណសម្បត្តិ និង​ផល​រំខាន​អ្វី​ខ្លះ​។ ​ការ​ដឹង​ច្បាស់​ពី​គុណ​សម្បត្តិ និង​កត្តា​ប្រ​ឈម​នេះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​សម្រាល​កូន​បាន​ច្បាស់​លាស់ ដោយ​មិន​គ្រាន់​តែ​ធ្វើ​តាម​គ្នា ឬ​ចិត្ត​ចង់​។

    ការ​សម្រាល​កូន​ដោយ​វះ​កាត់​ភាគ​ច្រើន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​សុខ​ភាព​ម្ដាយ ឬ​កូន ពេល​គ្រូពេទ្យ​រក​ឃើញ​ថា​​អាច​មាន​គ្រោះ​ថ្នាក់​បើ​សម្រាល​តាម​ធម្មជាតិ​។ យ៉ាងណា បច្ចុប្បន្ន​ក៏​មាន​ដែរ​ម៉ាក់​ៗ​ខ្លះ​ចង់​បាន​ថ្ងៃ​កើត​របស់​កូន​ល្អ យក​ហុងស៊ុយ ឬ​ពេល​ខ្លះ​ម៉ាក់​ៗ មួយ​ចំនួន​មិន​ចង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​​សម្រាល​។ បើ​អ៊ីចឹង​មុន​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​សម្រាល​កូន​ដោយ​​វះ​កាត់​ម៉ាក់​ៗ ក៏​ដូច​ជា​ប៉ា​ៗ​គួរ​ដឹង​រឿង​ទាំង​នេះ​សិន​។

    មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​ចុះ​ផ្សាយ​លើ​វិបសាយ​របស់​ខ្លួន​ថា​ក្នុង​មួយ​ឆ្នាំ​​ ផ្នែក​សម្ភព​របស់​មន្ទីរ​ពេទ្យ​នេះ​បាន​សម្រាល​កូន​ឲ្យ​ស្រ្តី​ចំនួន​ ១ម៉ឺន​នាក់ ក្នុង​នោះ​មាន​ ២ ៧០០​នាក់​បាន​សម្រាល​ដោយ​វះ​កាត់ ឬ​ស្មើ​នឹង​២៧​ភាគរយ​នៃ​អ្នក​សម្រាល​កូន​សរុប​។ ដូច​គ្នា​ដែរ នៅ​ចក្រភព​អង់គ្លេស ស្រ្តី​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ បាន​សម្រាល​កូន​ដោយ​វះកាត់​ដែរ​។​

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ១. គុណ​សម្បត្តិ

    ការ​សម្រាល​កូន​ដោយ​វះកាត់​ដែល​មាន​ផែន​ការ​ទុក​​មុន ​អាច​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​មួយ​ចំនួន​ដូច​ជា៖

    • កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​សម្រាល​
    • មិន​មាន​របួស​ត្រង់​ទ្វារ​មាស​
    • កាត់​បន្ថយ​ហានិភ័យ​លេច​នោម​ក្រោយ​សម្រាល​
    • ​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​ស្រុត​ស្បូន​​

    កត្តា​ប្រឈម​​មួយ​ចំនួន​ក្នុង​ចំណោម​កត្តា​ប្រឈម​ខាង​លើ​នៅ​តែ​អាច​កើត​ឡើង​បាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​មាន​កម្រិត​ទាប​ជាង​ការ​សម្រាល​តាម​ធម្មជាតិ​។ យ៉ាង​ណា​មិញ​បញ្ហា​ពិបាក​បត់ជើង ឈឺ​ចាប់​ពេល​រួម​ភេទ ថប់បារម្ភ និង​បញ្ហា​ពិបាក​បំបៅ​ដោះ​កូន​ អាច​កើត​មាន​ឡើង​ដូច​គ្នា​ទៅ​នឹង​អ្នក​សម្រាល​កូន​តាម​ធម្មជាតិ​។

    ទោះបី​​ជា​មាន​​គុណ​សម្បត្តិ​ច្រើន​បែប​នេះ​ក្ដី វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​មន្ទីរ​ពេទ្យ​បង្អែក​កម្ពុជា-ចិន សែន​សុខ មាន​ប្រសាសន៍​ថា ជា​ធម្មតា​គ្រូពេទ្យ​តែង​ណែ​នាំ​ស្រ្តី​ឲ្យ​សម្រាល​កូន​តាម​ធម្មជាតិ លើក​លែង​តែ​ក្នុង​ករណី​សុខភាព​ម្ដាយ ឬ​កូន​មាន​បញ្ហា ដែល​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន ទើប​គ្រូពេទ្យ​ណែនាំ ឬ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះ​កាត់​។​

    គួរអាន៖

    ​វះ​កាត់​សម្រាល​កូន

    ២. បញ្ហា​ប្រឈម​អាច​កើត​មាន​លើ​ការ​សម្រាល​ដោយ​វះកាត់​

    ការ​សម្រាល​កូន​ដោយ​វះ​កាត់​អាច​បង្កើន​ហានិភ័យ​មួយ​ចំនួន​ដល់​ម៉ាក់​ៗ និង​កូន​ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ម៉ាក់​ៗ​ និង​កូន ត្រូវ​តែ​កើត​មាន​បញ្ហា​ទាំង​នេះ​នោះ​ទេ ដោយ​ថា​នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​អាច​កើត​ឡើង និង​មាន​លទ្ធភាព​កើត​ឡើង​ខ្ពស់​ជាង​អ្នក​ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​។ មុន​នឹង​សម្រេច​ដាក់​ផែន​ការ​សម្រាល​ដោយ​វះកាត់​ម៉ាក់​​ៗ គួរ​ពិភាក្សា​ឲ្យ​បាន​ល្អិត​ល្អន់​ពី​បញ្ហា​នេះ​ជាមួយ​គ្រូ​ពេទ្យ​។​

    ​កត្តា​ប្រឈម​ដែល​អាច​កើត​មាន​គឺ​៖

    • អាច​ឆ្លង​រោគ​ក្នុង​ទឹក​នោម ស្បូន ឬ​មុខ​របួស គ្រូពេទ្យ​អាច​ផ្ដល់​ថ្នាំ​ផ្សះ​ឲ្យ​ម៉ាក់​ៗ​មុន​ពេល​វះកាត់​ដើម្បី​បង្ការ​បញ្ហា​នេះ
    • ត្រូវ​សម្រាក​ពេទ្យ​យូរ​ជាង​​ អ្នក​សម្រាល​តាម​ធម្មជាតិ
    • ត្រូវ​ការ​ការ​ជា​សះ​ពី​មុខ​របួស​យូរ​
    • អាច​មាន​ការ​ហូរ​ឈាម​ច្រើន នាំ​ឲ្យ​ត្រូវ​ការ​បញ្ចូល​ឈាម
    • មាន​កំណក​ឈាម
    • កូន​អាច​មាន​របួស​ស្បែក​តិច​តួច​ពេល​វះកាត់​សម្រាល តែ​នឹង​ជាសះស្បើយ​វិញ​ក្នុង​រយៈ​ពេល​​ខ្លី

    ចំណុចសំខាន់

    ​ទោះ​បី​ជា​លើក​ទី​មួយ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​វះ​កាត់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ការ​សម្រាល​កូន​លើក​ទី​ពីរ​ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​​ដោយ​វះកាត់​នោះ​ដែរ​។ ម៉ាក់​ៗ​មួយ​ចំនួន​ បើ​មិន​មាន​​បញ្ហា​សុខ​ភាព​ទេ គឺ​អាច​សម្រាល​កូន​ទី​ពីរ​តាម​ធម្មជាតិ​បាន​ ប៉ុន្តែ​គ្រាន់​តែ​ត្រូវ​ការ​ការ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​បន្តិច​ ដើម្បី​ធានា​ថា​ចាប់​ពី​ការ​មាន​ផ្ទៃ​ពោះ រហូត​ដល់​ពេល​សម្រាល​គឺ​ម៉ាក់​ៗ​មាន​សុខ​ភាព​ល្អ​ជា​ធម្មតា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម