ក្លិនមាត់មិនល្អ ពេលខ្លះក៏មានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែមដែរ ខណៈបញ្ហាមាត់ធ្មេញមួយចំនួនសុទ្ធតែអាចធ្វើឲ្យធុំក្លិនមាត់បាន។
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម អាចកាត់បន្ថយហានិភ័យកើតបញ្ហាធុំក្លិនមាត់នេះបាន ដោយកាត់បន្ថយភេសជ្ជៈ និងអាហារផ្អែម គ្រប់គ្រងសុខភាពមាត់ធ្មេញ ក៏ដូចជាកម្រិតជាតិស្ករក្នុងឈាម។
១. មូលហេតុនាំឲ្យអ្នកជំងឺទឹកនោមផ្អែមធុំក្លិនមាត់
ជំងឺរលាកអញ្ចាញធ្មេញ
ជំងឺរលាកអញ្ចាញធ្មេញនេះ គឺបង្កឡើងដោយបាក់តេរីវាយប្រហារលើជាលិកា និងឆ្អឹងរបស់ធ្មេញ។ ការរលាកអាចមានឥទ្ធិពលលើការធ្វើមេតាប៉ូលិស និងបង្កើនកម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឲ្យជំងឺទឹកនោមផ្អែមកាន់តែអាក្រក់។
ដោយសារតែជំងឺទឹកនោមផ្អែមអាចបង្កឲ្យមានការលាកអញ្ចាញធ្មេញ ហើយការរលាកអញ្ចាញធ្មេញក៏បង្កើតឲ្យមានបញ្ហាផ្សេងទៀតដល់អ្នកជំងឺទឹកនោមផ្អែមវិញដែរ។ តាមការចុះផ្សាយរបស់ព្រឹត្តបត្រ IOSR Journal of Dental and Medical Sciences ប៉ាន់ប្រមាណថាអ្នកជំងឺទឹកនោមផ្អែមម្នាក់ ក្នុងចំណោមបីនាក់នឹងជួបបញ្ហារលាកអញ្ចាញធ្មេញ។ ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចជាផលវិបាករបស់ជំងឺទឹកនោមផ្អែម ហើយក៏មានទំនាក់ទំនងជាមួយនឹងជំងឺរលាកអញ្ចាញធ្មេញនេះដែរ។
ជំងឺទឹកនោមផ្អែមអាចបំផ្លាញសរសៃឈាម នាំឲ្យមានការកាត់បន្ថយចរន្តឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ រួមទាំងអញ្ចាញធ្មេញផងដែរ។ នៅពេលអញ្ចាញធ្មេញរបស់យើងមិនបានទទួលឈាមគ្រប់គ្រាន់ អញ្ចាញធ្មេញនឹងខ្សោយ និងងាយឆ្លងរោគ។ អ្នកមានជំងឺទឹកនោមផ្អែម អាចនឹងជួបបញ្ហាឡើងកម្រិតជាតិស្ករក្នុងមាត់ផងដែរ ដែលផ្ដល់ផលល្អដល់បាក់តេរីក្នុងការលូតលាស់ ឆ្លងរោគ និងមាត់ធុំក្លិនមិនល្អ។ ពេលកម្រិតជាតិស្ករក្នុងឈាមយើងឡើងកាន់តែខ្ពស់ រាងកាយនឹងពិបាកក្នុងការតតាំងជាមួយមេរោគឆ្លងផ្សេងៗ ដែលនេះនាំឲ្យការរលាកនៅអញ្ចាញធ្មេញក៏ពិបាកជាសះស្បើយ។
ក្លិនមាត់មិនល្អជាសញ្ញទូទៅមួយនៃជំងឺរលាកអញ្ចាញធ្មេញ។ ខាងក្រោមនេះជាសញ្ញាផ្សេងទៀត៖
- អញ្ចាញឡើងក្រហម ឬប៉ោង
- ឈាមអញ្ចាញធ្មេញ
- ស្រៀវធ្មេញ និង
- ផតអញ្ចាញធ្មេញ។
សេតូន
ពេលរាងកាយយើងមិនអាចផលិតអាំងស៊ុយលីនបាន កោសិការបស់យើងមិនទទួលបានគ្លុយកូសទៅតាមអ្វីដែលកោសិកាត្រូវការដើម្បីបង្កើតថាមពលនោះទេ។ ជំនួសមកវិញ រាងកាយយើងនឹងប្ដូរមកដុតខ្លាញ់ជំនួសវិញ។ ការដុតខ្លាញ់ជំនួសការដុតជាតិស្ករ ធ្វើឲ្យកើតជាតិសេតូន នៅក្នុងឈាម និងទឹកនោម។ ជាតិសេតូនអាចកើតឡើងដែរពេលយើងតមអាហារ ឬពេលយើងមានរបបអាហារសម្បូរប្រូតេអ៊ីនខ្ពស់ កាបូអ៊ីដ្រាតទាប។
កម្រិតជាតិសេតូនឡើងខ្ពស់អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានក្លិនមាត់មិនល្អដែរ អាចមានក្លិនដូចទៅនឹងថ្នាំលាបក្រចក។ ពេលដែលកម្រិតសេតូនឡើងខ្ពស់ជាងកម្រិតសុវត្ថិភាព អ្នកជំងឺនឹងស្ថិតក្នុងលក្ខខណ្ឌគ្រោះថ្នាក់ ហៅថា diabetic ketoacidosis (DKA)។ Diabetic ketoacidosis ក្នុងករណីនេះជាតិសេតូនក្នុងឈាមកើនឡើងធ្វើឲ្យជាតិអាស៊ីដបង្កការរំខានដល់សរីរាងផ្សេងៗដូចជាខួរក្បាលជាដើម។
រោគសញ្ញា DKA រួមមាន៖
- ក្លិនមាត់ដូចផ្លែឈើ
- នោមញឹកជាងធម្មតា
- មានអាការៈឈឺចាប់ខុសប្រក្រតី ចង្អោរ ឬក្អួត
- កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់
- ដង្ហើមខ្លី ឬពិបាកដកដង្ហើម
- វង្វេងវង្វាន់ ។
២. វិធីគ្រប់គ្រងក្លិនមាត់របស់អ្នកជំងឺទឹកនោមផ្អែម
ថ្វីបើក្លិនមាត់ ដោយសារការរលាកអញ្ចាញនេះកើតចេញពីជំងឺទឹកនោមផ្អែមមែន តែយើងក៏នៅមានវិធីបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះបានដែរ។ ខាងក្រោមនេះជាតិចនិកមួយចំនួនសម្រាប់អ្នកជំងឺទឹកនោមផ្អែមថែទាំមាត់ធ្មេញ៖
- ដុសធ្មេញពីរដងយ៉ាងតិចក្នុងមួយថ្ងៃ និងដុសសម្អាតអណ្ដាតផងដែរ
- ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងរក្សាមាត់ឲ្យមានសំណើម
- គ្រប់គ្រងកម្រិតជាតិស្ករឲ្យស្ថិតនៅកម្រិតត្រឹមត្រូវតាមការណែនាំ
- ទំពារស្ករកៅស៊ូគ្មានជាតិស្ករ ជួយបង្កើនទឹកមាត់
- ទៅជួបពេទ្យធ្មេញជាឲ្យបានទៀងទាត់ និងត្រូវប្រាប់គូ្រពេទ្យឲ្យដឹងថាយើងមានជំងឺទឹកនោមផ្អែម។
- ឈប់ជក់បារី។
[embed-health-tool-bmi]