អ្នកជំងឺទឹកនោមផ្អែមម្នាក់ដែលមានវ័យ៥៩ឆ្នាំ ទទួលបានការព្យាបាលជំងឺទឹកនោមផ្អែមដោយជោគជ័យ ក្រោយធ្វើការផ្លាស់ប្តូរកោសិកា (pioneering cell transplant) កាលពីឆ្នាំ២០២១ និងលែងប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺទឹកនោមផ្អែមតទៅទៀត ចាប់តាំងពីឆ្នាំ២០២២មក។
ការព្យាបាលនេះពាក់ព័ន្ធនឹងការបង្កើតកោសិកាសិប្បនិម្មិតដែលរកឃើញនៅក្នុងលំពែង ដែលផលិតអាំងស៊ុយលីន និងរក្សាជាតិស្ករក្នុងឈាមបានល្អ។ គូសបញ្ជាក់ផងដែរថា អ្នកជំងឺកើតជំងឺទឹកនោមផ្អែមប្រភេទ២ រយៈពេល២៥ឆ្នាំមកហើយ ហើយបានបាត់បង់មុខងារនៃកោសិកាទាំងនេះស្ទើរតែទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏មានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ដែលទាមទារឲ្យគាត់ចាក់អាំងស៊ុយលីនយ៉ាងច្រើនជារៀងរាល់ថ្ងៃ ដើម្បីបង្ការពីការសន្លប់ដោយសារជំងឺទឹកនោមផ្អែម។ យ៉ាងណាមិញ នៅក្នុងករណីព្យាបាលដ៏ជោគជ័យនេះ ក្រុមគ្រូពេទ្យអាចស្តារសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យវិលមករកសភាពធម្មតាវិញ ដោយមិនទាមទារឲ្យអ្នកជំងឺផ្លាស់ប្តូររបបអាហារឡើយ។
ការព្យាបាលដោយប្រើស្ទីមសែល ឬកោសិកាដើម ដែលជាប្រភេទកោសិកាទទេ អាចប្រែក្លាយទៅជាកោសិកាច្រើនប្រភេទដែលរាងកាយត្រូវការដើម្បីដំណើរការ ហើយស្ថិតក្នុងលក្ខខណ្ឌត្រឹមត្រូវមួយ កោសិកាដើមអាចប្រើក្លាយទៅជាជាលិកាខួរក្បាល សាច់ដុំ តម្រងនោម ឬសូម្បីតែជាលិកាលំពែង។
ជាក់ស្តែង ការព្យាបាលដោយក្រុមគ្រូពេទ្យចិន គឺជាការលាយបញ្ចូលគ្នានូវសារធាតុគីមីថ្មីមួយ និងបំប្លែងទៅជាកោសិកាលំពែងរបស់អ្នកជំងឺ។ កោសិកាទាំងនេះផលិតអាំងស៊ុយលីន ដែលផ្តល់សញ្ញាប្រាប់រាងកាយឲ្យទាញយកជាតិស្ករពីក្នុងអាហារដើម្បីបង្កើតជាថាមពល។ ចំពោះ អ្នកជំងឺទឹកនោមផ្អែម លំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមនោះទេ។ ក្នុងករណីនេះ បើជាតិស្ករក្នុងឈាមច្រើនជ្រុល ឬតិចជ្រុល ក៏អាចបណ្តាលឲ្យយើងខូចសរសៃប្រសាទ តម្រងនោម កើតជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។
[embed-health-tool-heart-rate]
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ការផ្សាំកោសិកាថ្មីដែលបង្កើតដោយមន្ទីរពិសោធន៍ អាចផលិតអាំងស៊ុយលីនបាន ក៏ដូចជាជួយឲ្យអ្នកជំងឺអាចចាប់ផ្តើមផលិតអាំងស៊ុយលីនដោយខ្លួនឯងម្តងទៀត។
ទោះជាយ៉ាងនេះក្តី អ្នកវិទ្យាសាស្រ្តចាំបាច់ត្រូវដំណើរការសាកល្បងការព្យាបាលបែបនេះចំពោះអ្នកជំងឺជាច្រើនបន្ថែមទៀត ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ចំពោះប្រសិទ្ធភាពនៃការព្យាបាលដោយការផ្លាស់ប្តូរកោសិកានេះ។
អត្ថទពាក់ព័ន្ធ៖