ជំងឺមហារីកពោះវៀន ជាជំងឺមហារីកដែលកើតឡើងជាទូទៅទាំងចំពោះបុរស និងស្ត្រី។ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ជំងឺនេះកើតឡើងចំពោះមនុស្សដែលមានអាយុក្រោម៥០ឆ្នាំ ហើយស្ត្រីមានហានិភ័យខ្ពស់ជាងបុរសទៅទៀត។ ខណៈពេលដែលមានកត្តាជាច្រើនអាចបង្កើនហានិភ័យនៃការវិវត្តន៍ទៅជាជំងឺមហារីក ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករគឺជាកត្តាចម្បងមួយ។
ការញ៉ាំភេសជ្ជៈមានជាតិស្ករអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀន
តាមការសិក្សាដែលចេញផ្សាយដោយJournal Gutបានបង្ហាញថា ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករអំឡុងពេលដែលយើងស្ថិតក្នុងវ័យជំទង់ និងពេញវ័យបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀន ហើយករណីនៃជំងឺនេះបានកើនឡើងគួរឲ្យកត់សម្គាល់។ ការសិក្សាដដែលនេះបានបញ្ជាក់ថា អ្នកដែលកើតក្រោយឆ្នាំ១៩៩០ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀន និងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកចុងពោះវៀនធំ ។
ជាមួយគ្នានេះដែរ ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករចំនួន២កំប៉ុង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀន ដល់ទៅ២ដង មុនពេលដែលឈានដល់វ័យ៥០ឆ្នាំ។ ចំពោះអ្នកដែលផឹកភេសជ្ជៈទាំងនេះនៅចន្លោះអាយុពី១៣ដល់១៨ឆ្នាំ មានហានិភ័យខ្ពស់រហូតដល់ទៅ៣២% ក្នុងការវិវត្តទៅជាជំងឺមហារីកពោះវៀន។
កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនតាមរយៈវិធីសាស្ត្រទាំងនេះ
ជាក់ស្ដែង ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើននៅវ័យក្មេងអាចបណ្ដាលឲ្យមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកពោះវៀនធំចំពោះស្ត្រី។ ដូច្នេះហើយ យើងគប្បីកាត់បន្ថយការញ៉ាំភេសជ្ជៈទាំងនេះ ដោយការញ៉ាំទឹកដោះគោ ឬទឹកធម្មតាជំនួសវិញ។ បន្ថែមពីនេះ យើងគប្បីញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូលឲ្យបានច្រើន និងញ៉ាំសាច់ក្រហម ដូចជាសាច់គោ សាច់ជ្រូក និងសាច់កែច្នៃ នៅក្នុងកម្រិតតិចតួច។
ជាងនេះទៅទៀត ការហាត់ប្រាណជាទៀងទាត់ និងការគ្រប់គ្រងទម្ងន់ឲ្យបានល្អ ក៏អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀននេះដែរ។ យើងគួរជៀសវាងការជក់បារី និងផឹកគ្រឿងស្រវឹងនៅក្នុងបរិមាណសមល្មម គឺត្រឹមតែ១កែវសម្រាប់មនុស្សស្រី ទើបជាការប្រសើរ។
[embed-health-tool-bmi]