មហារីកជាជំងឺដ៏កាចសាហាវមួយ ដែលបានសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ប្រសិនបើយើងរកឃើញ ក៏ដូចជាការព្យាបាលជំងឺនេះទាន់ពេលវេលា យើងអាចនឹងមានឱកាសជាសះស្បើយច្រើន។ តួយ៉ាង ដូចអ្នកស្រី យ៉ែម ស៊ីវន រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ជាអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកជំងឺផ្សេងទៀត ដែលទទួលបានជោគជ័យក្នុងការព្យាបាលជំងឺមហារីកសុដន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ដោយសារតែការតាំងចិត្តខ្ពស់ ធ្វើឲ្យអ្នកស្រីអាចជម្នះរាល់ឧបសគ្គក្នុងការព្យាបាលដ៏ពិបាកនេះ។
ការដឹងពីវត្តមាននៃជំងឺមហារីក
នៅពេលដែលសង្កេតឃើញថា មានដុំពកតូចមួយនៅលើសុដន់ អ្នកស្រីក៏ប្រញាប់ទៅពិនិត្យរាងកាយនៅមន្ទីរពេទ្យភ្លាមៗ ដែលជាលទ្ធផល គឺអ្នកស្រីកើតជំងឺមហារីកសុដន់ដំណាក់កាលទី២។ ការទទួលបានដំណឹងនេះ ធ្វើឲ្យអ្នកស្រីមានភាពតក់ស្លុត និងមានអារម្មណ៍ច្របូកច្របល់ជាខ្លាំង ដោយមិនដឹងថា ខ្លួនអាចជាសះស្បើយឬយ៉ាងណា។ ប៉ុន្តែ អ្នកស្រីនៅតែមានស្មារតីរឹងមាំ និងប្ដេជ្ញាចិត្តថា ត្រូវតែយកឈ្នះជំងឺដ៏កាចសាហាវមួយនេះឲ្យបាន។
អ្នកស្រីមានប្រសាសន៍ថា៖ «គ្រាន់តែឮពាក្យថាជំងឺមហារីក យើងជាទូទៅ អ្នកណាក៏ខ្លាចដែរ ពាក្យជំងឺមហារីក។ ពេលហ្នឹងយើងអាចនឹងនឹកឃើញដល់សេចក្តីស្លាប់ ថាប្រសិនបើយើងកើតអ៊ីចឹង ប្រហែលជាអាយុមិនវែង មិនដឹងថាព្យាបាលបានឬមិនបាន យើងមិនទាន់ដឹង។ គ្រាន់តែកាន់ក្រដាសលទ្ធផលភ្លាម មានអារម្មណ៍ថាស្លុតចិត្តខ្លាំងដែរ ហើយខ្ញុំក៏តាំងចិត្តខ្លួនឯង ហើយខ្ញុំប្រាប់ខ្លួនឯងថាឲ្យរឹងមាំឡើង»។
ការយកឈ្នះជំងឺមហារីក
ដំបូងឡើយ អ្នកស្រីទទួលយកការវះកាត់ និងក្រោយមក ទើបទទួលបានការព្យាបាលដោយគីមី។ ទោះបីជាការព្យាបាលដោយគីមីមានការលំបាកយ៉ាងណាក៏ដោយ អ្នកស្រីតែងតែក្រើនរំលឹកខ្លួនឯង ឲ្យខំជម្នះឧបសគ្គនេះ ដោយមិនចុះចាញ់ឡើយ។ បន្ទាប់មកទៀត អ្នកស្រីបន្តការព្យាបាលដោយបាញ់កាំរស្មី។ ថ្វីត្បិតតែអំឡុងពេលព្យាបាលមានផលរំខានច្រើន ដូចជាជ្រុះសក់ ក្អួត ពិបាកដកដង្ហើម ឬមិនស្រួលក្នុងខ្លួនក្ដី តែអ្នកស្រីនៅតែអាចតស៊ូបាន ដោយមិនបោះបង់ចោលការព្យាបាលឡើយ។ ជាលទ្ធផល សុខភាពរបស់អ្នកស្រីមានភាពប្រសើរឡើងជាលំដាប់។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងក្លាយជាស្រ្តីដែលរឹងមាំបំផុត ក្រោយពីការព្យាបាលសុដន់ហើយ ពូកែអត់ធ្មត់បំផុត និងមានសុភាពល្អបំផុត ក្រោយពីការព្យាបាល។ អ៊ីចឹង ពាក្យសម្ដីហ្នឹង ខ្ញុំនិយាយឲ្យខ្លួនឯងរហូត។ ទោះបីខ្ញុំមានការលំបាកប៉ុនណា ខ្ញុំមានភាពរឹងមាំ ដូចថាមានចិត្តចង់តស៊ូទៅមុខ។ ពេលខ្លះ ខ្ញុំបាក់ទឹកចិត្តម្តងៗដែរ ពេលព្យាបាលខ្ញុំពិបាករឿងថ្នាំពេក គ្មានអ្នកណាមួយថាព្យាបាលគីមី ស្រួលទេ បើខ្ញុំមិនមានទឹកចិត្តរឹងមាំ ខ្ញុំអាចនឹងធ្វើអីផ្តេសផ្តាស ឬរត់ចោលការព្យាបាលអ៊ីចឹងទៅ ហើយខ្ញុំចេះតែដាស់តឿនខ្លួនឯងឲ្យទទួលយក ហើយព្យាបាល ខ្ញុំចង់ឃើញលទ្ធផលល្អបំផុតក្រោយព្យាបាល»។
ដំបូន្មាន
អ្នកស្រីមានប្រសាសន៍ថា សុខភាពផ្លូវចិត្តគឺជារឿងសំខាន់បំផុត បើសិនបើផ្លូវចិត្តមានបញ្ហា រាងកាយទាំងមូលក៏មានបញ្ហាដូចគ្នា។ ដូច្នេះហើយ យើងចាំបាច់ត្រូវថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អ។ ទន្ទឹមនឹងនេះដែរ យើងក៏ចាំបាច់ត្រូវញ៉ាំអាហារល្អៗ ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ឲ្យបានច្រើន និងជៀសវាងការញ៉ាំគ្រឿងស្រវឹង ក៏ដូចជាការជក់បារីជាដើម។
ទស្សនាវីដេអូនៅទីនេះ៖
[embed-health-tool-bmi]