backup og meta

អាលែកហ្ស៊ី​គ្រប់គ្រង​មិនបានល្អ ប៉ះពាល់ច្រើន​លើក្មេង និង​មនុស្សធំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2022

    អាលែកហ្ស៊ី​គ្រប់គ្រង​មិនបានល្អ ប៉ះពាល់ច្រើន​លើក្មេង និង​មនុស្សធំ

    ទោះបី​ជា​យើង​គិត​ថា​ អាលែកហ្ស៊ី​ គឺ​ជា​រឿង​តូចតាច​ក៏​ពិត​មែន​​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​​ទៅ​លើ​ការ​រៀន​សូត្រ​របស់​​ក្មេង​ រាំងស្ទះ​ដល់​ផលិតភាព​របស់​មនុស្ស​ពេញ​វ័យ​ ​ក៏​ដូចជា​​​បណ្ដាល​ឲ្យ​មាន​​ការ​ឆ្លង​មេរោគ​​ធ្ងន់ធ្ងរ​ផង​ដែរ​។ ពិត​ណាស់​ អាលែកហ្ស៊ី​ ​អាច​រារាំង​ដល់​គុណភាព​ជីវិត​របស់​យើង​ មិន​ថា​​យើង​ស្ថិត​នៅ​ក្នុង​វ័យ​ណា​នោះ​ទេ។ ប្រសិនបើ​​មិន​មាន​ការ​​ព្យាបាល​ទេ​នោះ​​​ អាលែកហ្ស៊ី​​​ប្រាកដ​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​រស់នៅ​​មិន​មាន​ភាព​ពេញលេញ​នោះ​ទេ​​ ពីព្រោះ​វា​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​យើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ​ វា​ក៏​បង្អាក់​ដល់​​​ការ​អភិវឌ្ឍរបស់​​ក្មេង​ថែម​ទៀត​ផង​។​​

    យ៉ាង​ណា​មិញ​ ប្រសិន​បើ​​យើង​​​​មិន​​ព្យាបាល​អាលែកហ្ស៊ី​ឲ្យ​បាន​ទាន់​ពេលវេលា​​ទេ​នោះ​ ជីវិត​របស់​យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​​ដូច​ខាងក្រោម​នេះ​។​​​​

    ១. ​ធ្វើ​ឲ្យ​យើង​នឿយហត់​អស់​កម្លាំង​

    ​​​​​នៅ​ពេល​ដែល​យើង​ផ្ដាសាយ ហៀរ​សំបោរ​ ​ឬ​រមាស់​ភ្នែក​​​​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ម​នោះ​ យើង​​​ប្រាកដ​ជា​នឿយហត់​អស់កម្លាំង​ជាក់​ជា​មិន​ខាន​។​ ​បន្ថែម​ពី​នេះ​ ប្រតិកម្ម​​អាលែកហ្ស៊ី​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​​មាន​ការ​ពិបាក​ក្នុង​ការ​គេង​ផង​ដែរ​​ ដែល​កត្តា​​​នេះ​នឹង​​ជះ​ឥទ្ធិពល​ដល់​ផលិតភាព​ ការ​​ផ្ដោត​អារម្មណ៍​ ​និង​ការ​ចងចាំ​ទាំង​ចំពោះ​​​មនុស្ស​ពេញ​វ័យ​ និង​កូន​ក្មេង​។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ២. ជះ​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​យ៉ាង​ធ្ងន់ធ្ងរ

    ​អាការៈ​អាលែកហ្ស៊ី​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មួម៉ៅ​ ក៏​ដូចជា​​​តប់ប្រមល់​ផង​ដែរ។​ ​នៅ​ពេល​ដែល​យើង​មិន​ស្រួល​ខ្លួន​ ​ហើយ​ត្រូវ​សម្រាក​នៅ​ផ្ទះ​ ព្រម​ទាំង​​​ផ្ដាសាយ​មិន​​ឈប់​​ទៀត​នោះ​ យើង​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ឡើយ​។ ​លើស​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​​នឹង​​ជំងឺបាក់ទឹក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​ថែម​ទៀត​ផង​។ ​តាម​រយៈ​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​ នៅ​ពេល​ដែល​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ រាងកាយ​របស់​យើង​នឹង​បញ្ចេញ​សារធាតុរលាក​ ស៊ីតូគីន​ (Cytokines) ដែល​សារធាតុ​នេះ​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​​ទៅ​នឹង​ការវិវត្តទៅ​រក​ជំងឺ​បាក់​ទឹកចិត្ត​។

    ៣. ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ

    សាក​ស្រមៃ​ទៅ​មើល​ថា​​ ​នៅ​ពេល​ដែល​យើង​ផ្ដាសាយ ហៀរ​សំបោរ​ និង​ចេញ​ទឹក​ភ្នែក​មិន​ឈប់​ តើ​យើង​អាច​ផ្តោត​អារម្មណ៍​​ទៅ​លើ​ការងារ​បាន​ដែរ​ឬទេ?​ ​លើស​ពី​នេះ​ អាការៈ​ដែល​យើង​គិត​ថា​​ជា​រឿង​តូចតាច​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ឈប់​សម្រាក​ពី​ការងារ​ផង​ដែរ​។

    បញ្ហាអាលែកហ្ស៊ី

    ៤. រាំងស្ទះ​ដល់​ការលូតលាស់​របស់​ក្មេង

    ​​​​​​​​​​ខណៈ​ដែល​មនុស្ស​ពេញ​វ័យ​ ​ជួប​ប្រទះ​​បញ្ហា​​ជាមួយ​នឹង​ផលិតភាព​ ព្រម​ទាំង​ការ​ផ្ដោត​អារម្មណ៍​ កុមារ​តូចៗ​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ ក៏​អាច​ប្រឈម​មុខ​ទៅ​នឹង​​ការលូតលាស់​ខ្សោយ​ផង​ដែរ​។ ជាទូទៅ​ ​អាលែកហ្ស៊ី​ពាក់ព័ន្ធ​ទៅ​នឹង​ច្រមុះ ក្រពេញ​អាមីដាល់ (Tonsil) និង​ក្រពេញ Adenoid ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ដកដង្ហើម​តាម​មាត់​ និង​ស្រមុក​​ ​ព្រម​ទាំង​បណ្ដាល​ឲ្យ​រាំងស្ទះ​ដល់​ការ​លូត​លាស់​ធ្មេញ​ និង​ផ្ទៃ​មុខ​ថែម​ទៀត​ផង​​។​ ​​ជាង​នេះ​ទៅ​ទៀត​ អាលែកហ្ស៊ី​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ត្រចៀក​រ៉ាំរ៉ៃ​​ផង​ដែរ​ ប្រសិនបើ​​ប្រតិកម្ម​អាលែកហ្ស៊ី​ ទើប​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​លើ​កុមារ​ក្រោយ​អាយុ​៧​ឆ្នាំ​។​

    ៥. ខាត​ពេល​​រៀន​សូត្រ

    ​​​​​​​​​​​​អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​ សម្រាប់​កុមារ​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​ អាច​​វិវត្តទៅ​ជា​ជំងឺ​ភ្នែក​ក្រហម​និង​រលាក​ស៊ីនុស​ក្នុង​ច្រមុះ  ​ថែម​ទៀត​ផង​។ ​មូលហេតុ​​ទាំង​នេះ​ហើយ​​ដែល​​ធ្វើ​ឲ្យ​ក្មេង​ខកខាន​ក្នុង​​រៀន​សូត្រ​ និង​​ពេល​វេលា​លេង​កំសាន្ត​។ បញ្ហា​នេះ​ ​ក៏​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ ដល់​ការ​អភិវឌ្ឍ​​នៅ​ក្នុង​សង្គម​ និង​រាងកាយ​របស់​កុមារ​ផង​ដែរ​។​​​​​​​

    ជាមួយ​នឹង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​នៃ​អាលែកហ្ស៊ី​​ផ្លូវ​ដង្ហើម​ យើង​ និង​គ្រួសារ​​អាច​រស់​នៅ​ជាមួយ​នឹង​ជីវិត​​ប្រកប​ដោយ​ផលិត​ភាព​ និង​​គ្មាន​ការ​រំខាន​ឡើយ​។​ ​​​ជំហាន​ដំបូង​នោះ​ គឺ​ការ​ស្វែងយល់​ឲ្យ​ច្បាស់លាស់​ ​ថា​តើ​អាលែកហ្ស៊ី​នេះ​មាន​រយៈពេល​​ច្រើន​ឆ្នាំ​ ឬ​ក៏​តាម​រដូវកាល​។ នៅ​ក្នុង​ករណី​ដែល​វា​គឺ​ជា​អាលែកហ្ស៊ី​តាម​រដូវ​កាល​ ​ការប្រុងប្រយ័ត្ន​ជាក់លាក់​ក្នុង​​រដូវ​កាល​នោះ​ អាច​ជួយ​យើង​ក្នុង​ការ​​កាត់បន្ថយ​ពី​ការ​វាយប្រហារ​ដោយ​ប្រតិកម្ម​អាលែកហ្ស៊ី​បាន​​​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​​មាន​​អាលែកហ្ស៊ី​​​ច្រើន​ឆ្នាំ​វិញ​នោះ​ យើង​ត្រូវ​ថែទាំ​ខ្លួន​ដោយ​ការ​ប្រើប្រាស់​​ពពួក​ថ្នាំ​ប្រឆំាងអីសស្តាមីនតាម​ការ​​ណែ​នាំ​របស់​គ្រូពេទ្យ​ ទើប​ជា​​ការ​ប្រសើរ​​។​ ​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម