កន្លងមកមានពាក្យចចាមអារ៉ាមតៗគ្នាយូរហើយថា ពេលមានផ្ទៃពោះ ឬអ្នកបំបៅដោះកូនមិនអាចញ៉ាំអាហារចម្អិនពីផ្លែម្រះបានទេ ព្រោះអាចបណ្ដាលឲ្យរលូត និងជាតិល្វីងជ្រាបតាមទឹកដោះទៅដល់កូន។
ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ
ការលើកឡើងមិនសមហេតុផលបែបនេះ ត្រូវលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បដិសេធ ដោយបានបកស្រាយថាមិនមានការសិក្សាច្បាស់លាស់ ហើយក៏ពុំមានបញ្ហានេះនៅក្នុងផ្នែកវេជ្ជសាស្ត្រដែរ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបន្តទៀតថា កន្លងមកលោកក៏ធ្លាប់ឮគេនិយាយថា ម្រះអាចបណ្ដាលឲ្យស្បូនកន្ត្រាក់ ចេញឈាម និងអាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃផងដែរ។ ស្ត្រីដែលកំពុងពពោះញ៉ាំវាច្រើនពេក នឹងធ្វើឲ្យស្បូនរោលរលាក ឬបង្កឲ្យកូនកើតមិនគ្រប់ខែជាដើម ហើយចំណែកម្ដាយបំបៅដោះកូនវិញ មិនគួរញ៉ាំម្រះឡើយដោយសារវាមានសារធាតុមិនល្អមួយចំនួន អាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅកាន់កូនៗ។
ម្រះជាបន្លែដែលផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗមួយចំនួនដូចជាជាតិដែក Niacin ប៉ូតាស្យូម អាស៊ីដ Pantothenic ស័ង្កសី pyridoxine ម៉ាញេសូម និងម៉ង់កាណែស។ ម្រះមានតួនាទីសំខាន់ ក្នុងការជំរុញដល់ការលូតលាស់របស់ទារកក្នុងផ្ទៃថែមទៀតផង ហើយក្រៅពីនោះ ម្រះនៅផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត សម្រាប់ស្ត្រីអំឡុងពេលពពោះ ក្នុងនោះរួមមានការរក្សាទម្ងន់យើងកុំឲ្យឡើងខ្លាំង ដោយសារវាសម្បូរទៅដោយកាកសរសៃ (fiber) ដែលជួយកាត់បន្ថយការស្រេកឃ្លាន។
ជាចុងក្រោយលោកបានបញ្ជាក់ថា ម្រះដែលយកទៅចម្អិនមានផ្សំជាមួយសាច់ និងគ្រឿងទេសមួយចំនួនទៀត ឬមិនញ៉ាំម្រះទទេទើបកាន់តែមានសុវត្ថិភាពចំពោះខ្លួនឯង និងកូន។ មួយវិញទៀតសម្រាប់អ្នកដែលអាលែកហ្សីនឹងផ្លែម្រះ មិនគួរញ៉ាំវាទេ ឬបើមិនទុកចិត្តខ្លាចថាប៉ះពាល់ មិនបាច់ញ៉ាំក៏បាន ហើយបើចង់ញ៉ាំខ្លាំង តែខ្លាចអាចសាកញ៉ាំក្នុងបរិមាណតិច ចំពោះអ្នកចូលចិត្ត និងធ្លាប់ញ៉ាំកន្លងមកគ្មានបញ្ហា បន្តញ៉ាំជាធម្មតា។
[embed-health-tool-pregnancy-weight-gain]