backup og meta

រឿង​ ៥យ៉ាង ស្រីៗកំពុងពពោះត្រូវយក​ចិត្ត​ទុក​ដាក់ ការពារកុំឲ្យមានបញ្ហា​សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 24, 2023

      រឿង​ ៥យ៉ាង ស្រីៗកំពុងពពោះត្រូវយក​ចិត្ត​ទុក​ដាក់ ការពារកុំឲ្យមានបញ្ហា​សុខភាព

    ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗ​ប្រាប់ឱ្យធ្វើនេះ ឬហាមមិនឱ្យធ្វើ​នោះ​ដែល​ធ្វើឱ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុស​ដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាព​មិន​ស្រួល​ខ្លួន ឬបញ្ហា​ពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុស​សាមញ្ញ​អ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង?

    ១. រំលងពេលញុំាអាហារ

    ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬ​ញុំា​មិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំា​អាហារអាចធ្វើ​ឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈ​ចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗ​ចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដ​ក្រពះ​ជាដើម។

    លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗ​មិនគួររំលង​ពេល​ញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។

    ២. ញុំាសម្រាប់ពីរនាក់

    ជាការពិតដែលម៉ាក់ៗមាន​អា​អូន​នៅ​ក្នុងផ្ទៃមែន​ តែម៉ាក់ៗមិនចាំ​បាច់​ញុំាអាហារសម្រាប់មនុស្ស​ពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់​លើសគីឡូដែលនឹងបង្កហានិភ័យ​សុខភាព​ដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺ​​ទឹកនោម​ផ្អែម​ពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។

    ជាងនេះទៅទៀត ទារក​ដែល​កើតពីម្តាយធាត់លើសគីឡូ មាន​ទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាស​ទី ២ និងត្រូវការកាឡូរី​បន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។

    ៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ

    ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាក​ធ្វើចលនា តែមិនមាន​ន័យថា​ម៉ាក់ៗ​មិនអាច​ហាត់ប្រាណបាន​ទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់​ប្រាណណា​ដែល​អាច​បង្កគ្រោះថ្នាក់​ដូចជា ការរត់ ការឈរជើងមួយ ការលើកដុំដែកធ្ងន់ៗ ឬត្រូវប្រើកម្លាំង​ខ្លាំង​ជាដើម។

    លំហាត់ប្រាណស្រាលៗដូចជាការដើរ និងការពត់ពែនខ្លួនជាដើមជួយឱ្យម៉ាក់ៗមានសុខភាពល្អ ជំរុញចលនាឈាមរត់ កាត់បន្ថយស្រ្តេស និង​ជួយ​ឱ្យរាងកាយម៉ាក់ៗធន់នឹងភាពលំបាក​នៅ​ពេល​សម្រាល។

    ហាត់ប្រាណពេលពពោះ

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. មិនចាប់អារម្មណ៍ថែសុខភាពផ្លូវចិត្ត

    ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលពពោះធ្វើឱ្យម៉ាក់ៗស្រ្តេស បូកផ្សំនឹងការពិបាកក្នុងខ្លួនដូចជា ពិបាកគេង អង្គុយ ដើរ រមួលក្រពើជាដើម ឬការប្រែប្រួលរូបរាងកាន់តែធ្វើឱ្យម៉ាក់ៗមានអារម្មណ៍​មិនល្អ។ ភាពតាន​តឹងទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗមានជំងឺបាក់ទឹកចិត្ត ឬប៉ះពាល់ដល់ការអភិវឌ្ឍ​ខួរក្បាល​កូនក្នុងផ្ទៃ។

    ដូច្នេះ ម៉ាក់ៗគួរកាត់បន្ថយភាពតាន​តឹងតាមរយៈការស្តាប់តន្រ្តី ដើរលំហែ ហាត់ប្រាណ ដកដង្ហើមវែងៗ មើលរឿងកប្លែង ធ្វើចិត្តឱ្យសប្បាយៗ ឬគិតពីរឿងល្អៗជាដើម។

    ៥. គេងមិនបានគ្រប់គ្រាន់

    ការគេងមិនសូវបានពេលយប់ដោយសារត្រូវក្រោកនោមញឹកញាប់ ឬដោយសារពោះ​កាន់តែធំ​ជា​ហេតុ​ចម្បង​បង្កឱ្យម៉ាក់ៗឆាប់អស់កម្លាំង ឬមិនសូវមានកម្លាំង។ ទោះជាម៉ាក់ៗរវល់យ៉ាងណា​ក៏​ដោយ ម៉ាក់ៗត្រូវប្រាកដថា គេងបាន៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយបើម៉ាក់ៗគេងបានតិច​នៅ​ពេលយប់ ម៉ាក់ៗអាចគេងថ្ងៃបន្ថែម ១ ម៉ោងទៅ ២ ម៉ោង។

    ការ​គេង​មិន​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះអាចបង្កឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺបម្រុងក្រឡាភ្លើង (បង្កឱ្យម៉ាក់ៗពពោះលើសសម្ពាធឈាម​​ និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម) ដែលអាចបណ្តាលឱ្យសម្រាលមិនគ្រប់ខែ។ ​​

    ក្រៅពីកំហុសដូចខាងលើ ម៉ាក់ៗពពោះក៏គួរចៀសវាងការជក់បារី ញុំាគ្រឿងស្រវឹង កាត់បន្ថយជាតិ​កាហ្វេអ៊ីន អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ May 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម