backup og meta

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 25, 2022

    សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

    ដំបៅក្រពះអាចធ្វើឱ្យយើងឧស្សាហ៍ចុកក្រហាយក្រពះ ចង្អោរ ឬហើម​ពោះ ជាពិសេសបន្ទាប់ពីញុំា​អាហារ​ជាក់លាក់ណាមួយ។ ក្រៅពីថ្នាំពេទ្យ យើងអាចកាត់បន្ថយអាការៈដំបៅ​ក្រពះតាម​វិធីណា​ខ្លះ​?

    អាការៈ និងរោគសញ្ញាដំបៅក្រពះមានដូចជា៖

  • ឈឺក្រពះផ្នែកខាងលើខ្លាំង
  • ក្រហាយក្រពះ
  • ឈឺក្រពះពេលឃ្លាន ឬនៅពេលយប់
  • គេងមិនលក់
  • ហូរឈាមក្នុងក្រពះដែលឱ្យយើងស្លេកស្លាំង
  • រាងកាយចុះខ្សោយ
  • ហើមពោះ
  • បាត់ឈឺក្រពះនៅពេលប្រើថ្នាំ antacids
  • ខាងក្រោមនេះជាវិធីព្យាបាលតាមបែបធម្មជាតិដែលយើងអាចប្រើបានក្នុងករណីដំបៅក្រពះធ្វើទុកនៅពេលយើងអត់មាន ឬអស់ថ្នាំព្យាបាលដំបៅក្រពះ ឬនៅឆ្ងាយពីពេទ្យ៖

    ១. ទឹកឃ្មុំ

    ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ទៅ ២០០ ប្រភេទអាស្រ័យលើប្រភពនៃទឹកដមដែល​ឃ្មុំ​ក្រេប រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ polyphenols មួយចំនួន។

    Glucose oxidase ដែលជាអង់ស៊ីមមួយប្រភេទក្នុងទឹកឃ្មុំអាចសម្លាប់មេរោគដែលបង្កឱ្យយើងកើតដំបៅក្រពះ។ ម្យ៉ាង​ទៀត ទឹកឃ្មុំអាចរារាំងការលូតលាស់របស់មេរោគ H.pylori បាន។

    ជាងនេះទៅទៀត ទឹកឃ្មុំ​អាច​ពង្រឹង​ស្រទាប់​ក្រពះ និង​កាត់បន្ថយ​ការ​រលាក​ដែលអាចជួយព្យាបាល​ដំបៅក្រពះ​របស់យើង។

    ២. ចេកខ្ចី

    យើងអាចញុំាម្សៅចេកខ្ចីជាមួយទឹកឃ្មុំដើម្បីព្យាបាលអាការៈដំបៅក្រពះ ព្រោះចេកខ្ចីមានផ្ទុក​សារធាតុ sitoindoside ដែលអាចជួយបង្កើនបរិមាណ​ជាតិអន្ទិលក្នុងផ្លូវរំលាយអាហារ ហើយអាច​ជួយ​បង្កើត​ស្រទាប់ការពារក្រពះដែលអាចព្យាបាល និងការពារដំបៅផ្សេងៗបាន។

    ចេកខ្ចីក៏មានសារធាតុ polysaccharides ដែលជាសមាសធាតុរលាយក្នុងទឹកដូចគ្នា​នឹងធាតុផ្សំ​ក្នុងថ្នាំ​ព្យាបាលដំបៅក្រពះជាច្រើនដែរ។

    ៣. ស្ពៃក្តោប

    ទឹកស្ពៃក្តោបឆៅអាចជួយព្យាបាលអាការៈ​ដំបៅ​ក្រពះ ព្រោះស្ពៃក្តោបជា​អាហារ​ឡាក់ទិកដែល​មាន​ន័យ​ថា ស្ពៃក្តោបអាចជួយ​ផលិត​អាស៊ីដ​អាមីណូ​ពិសេស​ដែល​អាច​ជំរុញ​ឈាម​ឱ្យ​ហូរ​ទៅ​ស្រទាប់​ក្រពះ​របស់​យើង។

    ចលនា​ឈាម​ទៅ​ស្រទាប់​ក្រពះ​អាចជួយពង្រឹងស្រទាប់​ក្រពះ​ ព្យាបាល និង​ការពារ​ដំបៅ​ក្រពះ។ លើស​ពីនេះទៅទៀត ស្ពៃក្តោបមានផ្ទុកវីតាមីន C ខ្ពស់ដែលអាចព្យាបាល​ការ​ឆ្លងមេរោគ​ក្នុងក្រពះ​ដោយសារដំបៅ។

    ស្ពៃក្តោប

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. អាហារមានផ្ទុកសារធាតុ Flavonoids

    តាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា សារជាតិ flavonoids ឬ bioflavonoids អាចជួយ​ព្យាបាល​អាការៈដំបៅក្រពះបាន។ សមាសធាតុទាំងពីរនេះសម្បូរនៅក្នុងបន្លែ និងផ្លែឈើដូចជា ផ្លែប៉ោម ប្រូខូលី ស្បៃពួយឡេង ដំឡូងជ្វា តែបៃតង និងសណ្តែកជាដើម។

    សារធាតុ Flavonoids អាចជួយការពារស្រទាប់ក្រពះដែលជួយឱ្យដំបៅឆាប់ជាសះស្បើយ។ ទោះ​ជាយ៉ាងណាក៏ដោយ យើងគួរចៀសវាងញុំាសារជាតិ flavonoids ដែលមាននៅក្នុងអាហារដូចជា ស្រាក្រហម និង​ផ្លែឈើ​អម្បូរក្រូច ព្រោះអាចធ្វើឱ្យក្រពះយើងកាន់តែឈឺ ជាជាងជួយ​បន្ធូរ​អាការៈ​​ដំបៅក្រពះ។

    ៥. រមៀត

    យើងអាចញុំាម្សៅរមៀតមួយស្លាបព្រាកាហ្វេលាយជាមួយទឹកឃ្មុំបន្តិច ព្រោះរមៀតមានផ្ទុក​សារធាតុ curcumin ដែលអាចប្រឆាំងនឹងការរលាក និងជាសារធាតុប្រឆាំងអុកស៊ីត​ដែលអាចជួយ​ការពារ និងព្យាបាល​ដំបៅក្រពះ។

    ជាងនេះទៅទៀត រមៀត​អាច​បង្កើន​បរិមាណ​ទឹករំអិលនៅក្នុងក្រពះ​ដែលជួយស្រោបស្រទាប់ក្រពះ និងការពារក្រពះពីការបំផ្លាញពីមេរោគ H. Pylori ។

    បើយើងដំបៅក្រពះ យើងគួរចៀសវាងគ្រឿងស្រវឹង អាហារប្រឡាក់ដូចជា ត្រីងៀត អាហារ​កែច្នៃ ឬកំប៉ុង ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់ ម្ទេស ជាតិកាហ្វេអ៊ីន ឬសាច់​ក្រហម ព្រោះ​អាហារទាំងនេះអាចធ្វើឱ្យអាការៈដំបៅក្រពះរបស់យើងកាន់តែធ្ងន់ធ្ងរ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាងក្រោមនេះជាវិធីព្យាបាលអាការៈដំបៅក្រពះតាមបែបធម្មជាតិ៖
    • ទឹកឃ្មុំ
    • ចេកខ្ចី
    • ស្ពៃក្តោប
    • អាហារមានផ្ទុកសារធាតុ Flavonoids
    • រមៀត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម