backup og meta

ជ្រាបទឹកភ្លោះចូលសរសៃឈាមសួតអំឡុងពេលសម្រាល ថ្វីត្បិតតែកម្រកើត ប៉ុន្តែគ្រោះថ្នាក់ណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 29, 2023

    ជ្រាបទឹកភ្លោះចូលសរសៃឈាមសួតអំឡុងពេលសម្រាល ថ្វីត្បិតតែកម្រកើត ប៉ុន្តែគ្រោះថ្នាក់ណាស់

    ការ​ជ្រាប​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​របស់​ម្ដាយ​​អំឡុង​ពេល​សម្រាល​កូន​ ឬ​ក្រោយ​សម្រាល​កូន​ ជា​លក្ខខណ្ឌ​កម្រ​មួយ​ ​ប៉ុន្តែ​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​ពិបាក​​ធ្វើ​រោគវិនិច្ឆ័យ​ណាស់​ ហើយ​ប្រសិនបើ​គ្រូពេទ្យ​មាន​ការ​សង្ស័យ​ថា​ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ស្ថានភាព​នេះ ម៉ាក់​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់។

    រោគសញ្ញា

    ការ​ជ្រាប​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​​​ អាច​វិវត្តយ៉ាង​ឆាប់​រហ័ស និង​ភ្លាម​ៗ។ រោគសញ្ញា​នៃ​បញ្ហា​នេះ​រួម​មាន​៖

    • ហត់
    • មាន​សារធាតុ​រាវ​ច្រើន​នៅ​ក្នុង​សួត
    • សម្ពាធ​ឈាម​ចុះ​ទាប​ភ្លាម​ៗ
    • បេះដូង​មិន​អាច​ធ្វើ​ការ​ច្របាច់​ឈាម​ភ្លាម​ៗ
    • កក​ឈាម​
    • ធ្លាក់​ឈាម​ចេញ​ពី​ស្បូន​ ឬ​កន្លែង​វះកាត់​
    • ស្ថានភាព​ផ្លូវ​ចិត្ត​ប្រែប្រួល​ ដូចជា​ថប់បារម្ភ​
    • គ្រុន​រងា
    • ចង្វាក់​បេះដូង​លោត​ញាប់
    • ប្រកាច់​
    • បាត់បង់​ស្មារតី។

    មូលហេតុ​បង្ក

    ការ​ជ្រាប​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​របស់​ម្ដាយ អាច​ទំនង​ជា​កើត​ឡើង​ដោយ​សារ​​ការ​រហែក​របាំង​សុក​​ពី​ការ​ប៉ះទង្គិច​ជាដើម។ នៅ​ពេល​ដែល​មាន​ការ​ដាច់​រហែក​ ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​បញ្ចេញ​ប្រតិកម្ម​ ដែល​បង្ក​ឲ្យ​មាន​ការ​រលាក​ ជាហេតុ​នាំ​ឲ្យ​មាន​កំណក​ឈាម​មិន​ប្រក្រតី​នៅ​ក្នុង​សួត​ និង​សរសៃ​ឈាម​សួត។ យ៉ាង​ណា​មិញ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ ទោះ​ជា​មាន​ការ​ជ្រាប​​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​របស់​ម្ដាយ​ក៏​មិន​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ។ អ៊ីចឹង​ហើយ ទើប​យើង​មិន​អាច​ដឹង​ច្បាស់លាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​មក​ពី​ការ​ជ្រាប​​ទឹក​ភ្លោះ​នេះ។

    កត្តា​ហានិភ័យ

    បញ្ហា​សុខភាព​មួយ​នេះ អាច​កើត​ឡើង​នៅ​ចន្លោះ​ពី​១​ ទៅ​១២​ករណី​ក្នុង​ចំណោម​ការ​សម្រាល​កូន​ចំនួន​១០០ ០០០ករណី។ ដោយ​សារ​តែ​ការ​ជ្រាប​​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត​ជា​រឿង​កម្រ​មួយ ទើប​យើង​ពិបាក​ក្នុង​ការ​កំណត់​ពី​កត្តា​ហានិភ័យ។

    ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជ្រាប​ទឹក​ភ្លោះ​នេះ រួម​មាន​៖

    • សម្រាល​កូន​នៅ​អាយុ​៣៥​ឆ្នាំ ឬ​លើស​ពី​នេះ
    • បញ្ហា​សុក
    • ជំងឺ​បម្រុង​ក្រឡា​ភ្លើង
    • មាន​ទឹក​ភ្លោះ​ច្រើន​ពេក។

    ផលវិបាក​

    ​ការ​ជ្រាប​​ទឹក​ភ្លោះ​ចូល​សរសៃ​ឈាម​សួត អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទាំង​​ម៉ាក់​ និង​ទារក​ ដូចជា៖

    • របួស​ខួរ​ក្បាល៖ អុកស៊ីសែន​ក្នុង​ឈាម​ទាប អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ខួរ​ក្បាល​ជា​រៀង​រហូត។
    • ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​យូរ​ ទោះ​ជា​រួច​ផុត​ពី​គ្រោះថ្នាក់​ក៏​ដោយ។
    • ចំនួន​ស្ត្រី​ដែល​បាត់បង់​ជីវិត​ពេល​សម្រាល​កូន​ ដោយ​បញ្ហា​ទឹក​ភ្លោះ​​ជ្រាប​ចូល​សរសៃ​ឈាម​សួត​មាន​អត្រា​ខ្ពស់​។
    • ទារក​មាន​ហានិភ័យ​នៃ​បញ្ហា​របួស​ខួរ​ក្បាល ឬ​ស្លាប់​ខួរ​ក្បាល​តែ​ម្ដង។

    ជ្រាបទឹកភ្លោះចូលសរសៃឈាមសួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម