backup og meta

ចុករួយជើងអំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

    ចុករួយជើងអំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

    បើ​ម៉ាក់​ៗ​ចេះតែ​មាន​អារម្មណ៍​នៅ​មិន​សុខ​ ​ចង់​កម្រើក​ជើង​ចុះ​ឡើង​មិន​ឈប់​ នេះ​អាច​ជា​សញ្ញា​នៃ ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ ឬ ​Restless legs syndrome។ រោគសញ្ញា​នៃ​ជំងឺ នេះ​អាច​មាន​លក្ខណៈ​ស្រាល​ ឬ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់។ ជាក់​ស្តែង បញ្ហា​មួយ​នេះ​មិន​ត្រឹម​តែ​កើត​លើ​​ស្ត្រី​ពពោះ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​បុរស​ កុមារ និង​ស្ត្រី​ដែល​ពុំ​មាន​ផ្ទៃពោះ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ​ស្រី​ៗ​យើង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ​ខ្ពស់​ជាង​បុរស​ដល់​ទៅ​២ដង ហើយ​ប្រមាណ​ជា​២០​%​នៃ​ស្ត្រី​ពពោះ អាច​កើត​មាន​​រោគសញ្ញា​នេះ​នៅ​ត្រី​មាស​ណាមួយ​អំឡុង​ពេល​ពពោះ ដែល​ជា​ធម្មតា គឺ​កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក ជា​ពិសេស​មុន​ពេល​ចូល​គេង​តែ​ម្តង។

    ភាគ​ច្រើន​ យើង​អាច​មាន​រោគសញ្ញា​នៃ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​នៅ​ជើង​ផ្នែក​ខាង​ក្រោម​ ប៉ុន្តែ​ពេល​ខ្លះ ក៏​អាច​ចុក​រួយ​នៅ​ត្រង់​ប្រអប់​ជើង ភ្លៅ ដៃ ឬ​ប្រអប់​ដៃ​ផង​ដែរ។ ថ្វី​ត្បិត​តែ​ការ​កម្រើក​​អវយវៈ អាច​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​ធូរ​ស្បើយ​ភ្លាម​ៗ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​កម្រើក​ នោះ​ភាព​រសាប់រសល់​នឹង​កើត​ឡើង​ម្តង​ទៀត។

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ប៉ះពាល់​ដែរ​អត់​អំឡុង​ពេល​ពពោះ?

    ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ពិបាក​គេង ​អស់​កម្លាំង​ ក៏​ដូចជា​មិន​អាច​បំពេញ​មុខងារ​ប្រចាំថ្ងៃ​​ប្រកប​ដោយ​ប្រសិទ្ធភាព ផងដែរ។ យ៉ាង​ណា​មិញ ជំងឺ​ជើង​នៅ​មិន​ស្ងៀម ឬ​ចុក​រួយ​ជើង មិន​បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ។ ចំពោះ​ស្ត្រី​ដែល​កើត​ជំងឺ​នេះ​នៅ​អំឡុង​ពេល​ពពោះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ជា​ធម្មតា រោគសញ្ញា​នៃ​ជំងឺ​នេះ​កើត​ឡើង​អំឡុង​ត្រី​មាស​ទី​៣ និង​អាច​​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច ឬ​យូរ​ជាង​នេះ។

    ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​កើត​ឡើង​បណ្តាល​មក​ពី​មូលហេតុ​អ្វី?

    ក្រុម​អ្នក​ស្រាវជ្រាវ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ឡើយ​ ប៉ុន្តែ​ជំងឺ​នេះ អាច​កើត​​មាន​​នៅ​ក្នុង​គ្រួសារ​។ ចំណែក​ឯ​ស្ត្រី​ដែល​មាន​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ស្រាប់​ នឹង​​មាន​រោគសញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ​ មាន​ទ្រឹស្ដី​ខ្លះ​បាន​ឲ្យ​ដឹង​ថា កត្តា​មួយ​ចំនួន​ដូចជា​កង្វះ​ជាតិ​ដែក​ កង្វះ​អាស៊ីដ​ហ្វូលីក និង​ការ​ប្រែប្រួល​អ័រម៉ូន​ អាច​បណ្តាល​ឲ្យ​ម៉ាក់​ៗ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​សោះ កើត​មាន​ជំងឺ​នេះ​អំឡុង​ពេល​ពពោះ។

    រួយជើង

    គន្លឹះ​កាត់បន្ថយ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​អំឡុង​ពេល​ពពោះ

    • ជៀសវាង​ញ៉ាំ​កាហ្វេ ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដទៃ​ទៀត
    • ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ
    • កំណត់​ពេល​វេលា​ចូល​គេង​ទៀងទាត់។
    • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​មុន​ពេល​ចូល​គេង
    • ស្អំ​កំណាត់​ក្តៅ
    • ម៉ាស្សា​ជើង​ ប្រសិនបើ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​រំខាន​ដល់​ដំណេក​ម៉ាក់​ៗ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម