ចំពោះម៉ាក់ៗពពោះដំបូងៗច្បាស់ជាឆ្ងល់ច្រើនពាក់ព័ន្ធនឹងការបែកទឹកភ្លោះមិនខាន ពេលណាទើបវាបែក ពេលទឹកភ្លោះបែកមានអារម្មណ៍យ៉ាងណា ហើយបើបែកទឹកភ្លោះយើងត្រូវធ្វើម៉េច។ល។
ជាទូទៅទឹកភ្លោះចាប់ផ្ដើមកកើតឡើង តាំងពីសប្ដាហ៍ដំបូងនៃការមានគភ៌ ហើយវាកើតចេញពីទឹករងៃ និងឈាមរបស់ម្ដាយដែលជ្រាបចូលទៅតាមរយៈសុក តមកពីវត្ថុរាវដែលបានជ្រាបចូលតាមរយៈស្បែករបស់ទារកក្នុងផ្ទៃ និងទឹកនោមរបស់ទារក។ ពេលដែលបែកទឹកភ្លោះ យើងឃើញមានជ្រាបទឹក ឬហូរទឹកតាមទ្វារមាសដែលមានពណ៌សថ្លាៗ ឬមានពណ៌លឿង។
ធ្វើម៉េចទើបដឹងថាវាជាទឹកភ្លោះ មិនមែនទឹកនោម?
ជួនកាល យើងពិបាកបែងចែកបន្តិចរវាងទឹកភ្លោះ និងទឹកនោមព្រោះវាសុទ្ធតែជ្រាបតាមទ្វារមាសដូចគ្នា ជាពិសេសនៅពេលដែលយើងគ្រាន់តែមានអារម្មណ៍ថាសើម ឬជ្រាបទឹកចេញមក ដែលមិនមានអាការៈឈឺពោះ។ ប្រសិនបើម៉ាក់ៗមិនច្បាស់ថា វាជាទឹកភ្លោះ ឬទឹកនោម ម៉ាក់ៗអាចទាក់ទង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម។ ពេលនោះ គ្រូពេទ្យនឹងពិនិត្យសុខភាពដើម្បីបញ្ជាក់កាន់តែច្បាស់។ ក្នុងករណីខ្លះ ពេទ្យនឹងតម្រូវម៉ាក់ៗឲ្យធ្វើអេកូពិនិត្យមើលបរិមាណទឹកភ្លោះ ដើម្បីគិតដល់ជំហានដែលត្រូវធ្វើបន្ទាប់។
បន្ទាប់ពីបែកទឹកភ្លោះហើយ ការសម្រាលចាប់ផ្ដើមនៅពេលណា?
តាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសម្ភព និងរោគស្ត្រី ឲ្យដឹងថា ជាទូទៅស្រោមទឹកភ្លោះវាបែកដោយឯកឯង ក្នុងអំឡុងពេលឈឺពោះសម្រាល ឬពេលមាត់ស្បូនបើកអស់ ប៉ុន្តែវាអាចប្រេះមុនពេល ជាទូទៅនៅផ្នែកខាងលើនៃស្រោមទឹកភ្លោះ ហើយបន្ទាប់មកមានការជ្រាបទឹកភ្លោះ និងលំហូរទឹកភ្លោះបរិមាណតិចតួច។ កាលណាម៉ាក់ៗមិនទាន់សម្រាលក្រោយបែកទឹកភ្លោះហើយកាន់តែយូរ ហានិភ័យនៃការឆ្លងមេរោគប៉ះពាល់ដល់សុខភាពម្ដាយ និងកូនក្នុងផ្ទៃកាន់តែខ្ពស់។
ចុះបើឆាប់បែកទឹកភ្លោះពេក អាចមានផលប៉ះពាល់អីអត់?
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់ឲ្យដឹងថា ប្រសិនបើម៉ាក់ៗបែកទឹកភ្លោះមុន៣៧សប្ដាហ៍នៃការពពោះ វាអាចធ្វើឲ្យមានកត្តាប្រឈមប៉ះពាល់សុខភាពច្រើនដូចជា៖
– អាចបង្ករោគក្នុងទឹកភ្លោះ
– កូនខ្សោយអាចប៉ះពាល់ដល់ជីវិតទារក
– ធ្លាក់ឈាម
– អស់ទឹកភ្លោះ។ល។
ចំណែកមូលហេតុដែលបណ្ដាលឲ្យបែកទឹកភ្លោះលឿនពេកអាចបណ្ដាលមកពីការមិនតាមដានផ្ទៃពោះទៀងទាត់ ជំងឺឆ្លងតាមការរួមភេទ ជក់បារី និងមូលហេតុច្រើនទៀតជុំវិញការផ្ដល់កំណើត។
[embed-health-tool-due-date]
បើបែកទឹកភ្លោះ តែមិនឈឺពោះ គ្រោះថ្នាក់ដែរឬអត់?
ទោះមិនឈឺពោះ តែបែកទឹកភ្លោះ បើគ្មានការឆ្លងរោគ ក៏គ្មានគ្រោះថ្នាក់ដែរ។ ប៉ុន្តែបើបែករលាកស្រោមទឹកភ្លោះដែលបណ្ដាលមក ពីមេរោគពីទ្វារមាសទៅស្រោមទឹកភ្លោះ ហើយអាចបណ្ដាលឲ្យយើងក្ដៅខ្លួន និងបង្ករោគដល់ទារក នាំឲ្យចង្វាក់បេះដូងទារកលោតញាប់។ ចំពោះទងសុកក៏អាចធ្លាក់គាបជាប់ខាងមុខមាត់ស្បូនក្រោយពីបែកទឹកភ្លោះដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ទារកភ្លាមៗដោយសុកមិនអាចបញ្ជូនចរន្តឈាមនិងអុកសុីសែនទៅកូនបាន។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?