គេងមិនគ្រប់គ្រាន់ មិនត្រឹមតែប៉ះពាល់ដល់ប្រសិទ្ធភាពការងារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឲ្យឱកាសមានកូនថយចុះដូចគ្នាដែរ។
តើការគេងប៉ះពាល់ដល់សុខភាពបន្តពូជយ៉ាងម៉េចខ្លះ?
១. ប៉ះពាល់ដល់អ័រម៉ូន
គ្នាយើងប្រហែលជាដឹងហើយថា ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពការងារ ប៉ុន្តែបញ្ហានេះក៏ប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូនរបស់ស្រីៗពេញមួយវដ្ដរដូវដូចគ្នា។ អ្នកដែលព្យាយាមយកកូន ចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ នៅចន្លោះពី៧ ទៅ៨ម៉ោង ដើម្បីពង្រឹងកម្រិតអ័រម៉ូនprogesterone, estrogen FSH និងleptin ដែលមានសារៈសំខាន់ណាស់សម្រាប់ការបន្តពូជ។
២. ប៉ះពាល់ដល់គុណភាពស៊ុត
មូលហេតុចម្បងដែលធ្វើឲ្យយើងគេងមិនលក់ នោះគឺឧបករណ៍អេឡិចត្រូនិកដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ពន្លឺពណ៌ខៀវនៃឧបករណ៍ទាំងនោះ អាចប៉ះពាល់ដល់បរិមាណនៃអ័រម៉ូនmelatonin ដែលមានតួនាទីជួយឲ្យយើងគេងលក់ស្រួល និងការពារស៊ុត ដូច្នេះហើយ កង្វះអ័រម៉ូនមួយនេះ អាចធ្វើឲ្យគុណភាពស៊ុតថយចុះផងដែរ។
[embed-health-tool-due-date]
៣. ផលប៉ះពាល់នៃការងារវេនយប់
ជាមួយគ្នានេះដែរ ស្រីៗជាច្រើនដែលកំពុងធ្វើការវេនយប់ អាចមិនទាន់ដឹងច្បាស់ពីផលប៉ះពាល់មកលើរាងកាយយើងនៅឡើយ។ ជាទូទៅ ការធ្វើការវេនយប់អាចរំខានដល់ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយយើង និងបណ្ដាលឲ្យមានបញ្ហាអតុល្យភាពអ័រម៉ូន កម្រិតអ័រម៉ូនestrogen ថយចុះ និងធ្វើឲ្យរដូវមកមិនទៀង។ កត្តាទាំងអស់នេះ អាចធ្វើឲ្យឱកាសនៃការមានផ្ទៃពោះធ្លាក់ចុះ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
គន្លឹះជួយឲ្យគេងលក់ស្កប់ស្កល់
ការគេងគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ជាពិសេសចំពោះស្រីៗដែលកំពុងព្យាយាមយកកូន។ ហេតុនេះហើយ យើងគួរតែអនុវត្តតិចនិកមួយចំនួន ដើម្បីជួយឲ្យគេងលក់ស្រួល និងគេងបានគ្រប់គ្រាន់។
- ចូលគេង និងក្រោកឲ្យទៀងម៉ោង
- ជៀសវាងញ៉ាំអាហារច្រើនជ្រុល ឬពពួកភេសជ្ជៈដូចជា កាហ្វេអ៊ីន ឬគ្រឿងស្រវឹងនៅកៀកម៉ោងគេង
- គេងក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ល្មម ងងឹត និងស្ងប់ស្ងាត់ និងជៀសវាងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករយៈពេលយូរ មុនពេលជិតចូលគេង
- ជៀសវាងគេងថ្ងៃយូរ
- ហាត់ប្រាណជាទៀងទាត់ ដើម្បីជួយជំរុញការគេងឲ្យកាន់តែប្រសើរឡើង
- គ្រប់គ្រងស្រ្តេសឲ្យបានល្អ ដោយការស្ដាប់ចម្រៀង ហាត់យូហ្គា អានសៀវភៅ ឬធ្វើសមាធិជាដើម។