ការមិនអាចមានកូនតាមបំណង គឺជាផលរំខានមួយយ៉ាងធំក្នុងចំណោមផលរំខានផ្សេងៗទៀត ដែលជះឥទ្ធិពលមិនល្អដល់សុភមង្គលគ្រួសារ។ លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ឲ្យដឹងពីមូលហេតុ ៨យ៉ាង នៃការមិនអាចមានផ្ទៃពោះ ឬមិនអាចមានកូនដែលបង្កឡើងដោយធម្មជាតិដូចជា៖
១. វិបត្តិមិនអាចទម្លាក់ពង៖
មានមូលហេតុជាច្រើនដែលបណ្ដាលអោយស្ត្រីមិនអាចទម្លាក់ពងបាន ឬបណ្ដាលឲ្យស្ត្រីមានរដូវមិនទៀងទាត់ ប៉ុន្តែក្នុងចំណោមមូលហេតុទាំងនោះ យើងសង្កេតឃើញថាការមិនមានតុល្យភាពអ័រម៉ូន គឺជាកត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងៗទៀត។
២. វិបត្តិកោសិកាបន្តពូជឈ្មោលមិនគ្រប់គ្រាន់៖
ការមិនអាចមានកូនដែលបណ្ដាលមកពីកោសិកាបន្តពូជឈ្មោលមិនគ្រប់គ្រាន់ដែលមិនអាចមានកូន គឺប្រមាណជា ២៥% ក្នុងចំណោមមូលហេតុផ្សេងៗដែលប៉ះពាល់ទៅលើបុរស (កោសិកាបន្តពូជឈ្មោលដែលគ្មានកន្ទុយសម្រាប់ផ្លាស់ទី ឬមានកន្ទុយខ្លី ដែលបណ្ដាលឲ្យមានផលលំបាកក្នុងការផ្លាស់ទៅក្នុងតួស្បូនដើម្បីបង្កកំណើត)
៣. វិបត្តិស្ទះដៃស្បូនរបស់ស្ត្រី៖
ដៃស្បូនរបស់ស្ត្រីដែលភ្ជាប់ទំនាក់ទំនងរវាងកន្សោមពងទៅ និងតួស្បូនមានតួនាទីយ៉ាងសំខាន់ និងជាផ្លូវក្នុងការធ្វើដំណើររបស់ស៊ុត របស់ស្ត្រីមកកាន់តួស្បូនដើម្បីទទួលការបង្កកំណើត។
៤. កម្រាស់ភ្នាសខាងក្នុងស្រទាប់ស្បូន៖
គឺជាការកើនឡើងនៃកម្រាស់ខាងក្នុងស្រទាប់ស្បូនដែលដុះក្រាស់លើសធម្មតា ហើយរលាយធ្លាក់ចេញមកក្រៅជាឈាមរដូវ ប៉ុន្តែធ្លាក់មិនអស់ (តាមធម្មជាតិស្រទាប់ខាងក្នុងសាច់ស្បូនមានការលូតលាស់ក្រាស់ក្នុងពេលធ្លាក់ស៊ុត ដើម្បីឲ្យការកាច់សំបុកមានភាពងាយស្រួល ក្រោយពេលបង្កកំណើតហើយវានឹងរលាយធ្លាក់ចេញមកក្រៅជាឈាមរដូវ ប្រសិនមិនមានការបង្កកំណើត)។
៥.វិបត្តិមានដុំគីសលើកន្សោមពង៖
វិបត្តិមានដុំគីសនៅលើកន្សោមពងជាញឹកញាប់ គឺបង្កឲ្យមានអតុល្យភាពអ័រម៉ូន ដែលបណ្ដាលឲ្យមានបញ្ហារដូវមិនទៀងទាត់ ក្នុងនោះវាក៏បង្កឲ្យមានបញ្ហាមួយចំនួនទៀតដូចជា ជំងឺលើសទម្ងន់ ទឹកនោមផ្អែម ជំងឺសើស្បែក និងមានដុះរោមនៅលើរាងកាយជាដើម។ ចំពោះវិបត្តិមានដុំគីសលើកន្សោមពង ពិតជាពិបាកសន្និដ្ឋានអំពីមូលហេតុពិតប្រាកដណាស់។
[embed-health-tool-due-date]
៦.ស៊ុតមានសុខភាពមិនល្អ៖
មានកត្តាជាច្រើនដែលបណ្ដាលឲ្យកោសិកាបន្តពូជរបស់ស្ត្រី មានសុខភាពខ្សោយដូចជា កត្តាបរិស្ថាន កត្តាចំណីអាហារដែលមានជាតិអ័រម៉ូន កត្តាស្ត្រេស កត្តាជីវភាពរស់នៅ និងកត្តាអាយុជាដើម។
៧.ជំងឺសរីរាង្គប្រឆាំងនឹងកោសិកាបន្តពូជ៖
ជំងឺនេះបណ្ដាលមកពីសរីរាង្គរបស់យើងមានការយល់ច្រឡំ និងប្រឆាំង (សម្លាប់) ជាមួយនឹងកោសិកាបន្តពូជរស់យើងខ្លួនឯង។
៨.ការមិនអាចមានកូន ពិបាកសន្និដ្ឋាន៖
ក្នុងចំណោមប្ដីប្រពន្ធដែលទទួលការសន្និដ្ឋាន ដោយមិនអាចមានកូន មាន ១៥% ស្ថិតក្នុងលក្ខណៈមិនអាចបកស្រាយបាន បើទោះបីជាពួកគេបានពិសោធរកមូលហេតុសព្វគ្រប់ក៏ដោយ។