backup og meta

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

    ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ?

    ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖

  • មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់
  • ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម
  • ធ្លាក់ទឹករម្អិល​មានលាយឈាម
  • ជ្រាប ឬបែកទឹកភ្លោះ
  • ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖

    ១. កុំខ្ជះខ្ជាយកម្លាំង

    ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។

    ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។

    ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក

    ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើជាដើម។

    ពេលចូលដល់​ដំណាក់ទី ២ នៃការសម្រាល ម៉ាក់ៗអាចញុំាមិនចូល ឬមិនឃ្លានដោយសារ ការឈឺពោះ ឈឺចង្កេះ ឬស្បូនកន្រ្តាក់។ ដូច្នេះ ម៉ាក់ៗ​អាច​ញុំាទឹកផ្លែឈើគ្មានកាកដើម្បី​​ឱ្យមានកម្លាំង និងដើម្បីកុំឱ្យខ្វះជាតិទឹក។

    ៣. ចៀសវាងមើលម៉ោង

    ការមើលម៉ោងធ្វើឱ្យម៉ាក់ៗដឹងថា ចូលបន្ទប់សម្រាលយូរប៉ុណ្ណាហើយ។ ម៉ាក់ៗអាច​សួរ​ខ្លួន​ឯង​ថា តើអាចទ្រាំបានយូរប៉ុន​ណាទៀត? ពេល​ណា​ទើបសម្រាលរួច? ដែលអាចបង្កើនភាពតានតឹង និង​ភាព​ភ័យខ្លាចដល់ម៉ាក់ៗ។

    ជំនួសឱ្យការមើលម៉ោង ម៉ាក់ៗអាចផ្តុំអាម្មណ៍ និងតាំងចិត្តក្នុង​ការ​ប្រឹង​សម្រាល ដកដង្ហើមវែងៗ បន្ធូរសាច់ដុំ និងសម្រាកនៅចន្លោះពេលស្បូនមិនកន្រ្តាក់។

    ម៉ោង

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. ចៀសវាងដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើម

    ការឈឺចង្កេះ ឈឺពោះ ឬឈឺស្បូនអាចធ្វើឱ្យម៉ាក់ៗដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើមដែលអាច​បណ្តាល​ឱ្យម៉ាក់ៗវិលមុខ ស្ពឹកដៃ ស្ពឹកជើង ឬស្ពឹកមុខ ហើយបើធ្ងន់ធ្ងរអាចបណ្តាល​ឱ្យម៉ាក់ៗ​សន្លប់​ទៀតផង។

    ការដកដង្ហើម​វែងៗអាចជួយឱ្យម៉ាក់ៗបន្ធូរអារម្មណ៍ បន្ធូរភាពតានតឹង ជួយកាត់បន្ថយ​សម្ពាធ​ឈាម ជំរុញការផលិតអ័រម៉ូនអុកស៊ីតូស៊ីន ហើយធ្វើឱ្យម៉ាក់ៗ និងកូនក្នុងផ្ទៃមានកម្លាំង​ដោយសារ​ម៉ាក់ៗស្រូបយកអុកស៊ី​សែនបានច្រើន។

    ម៉្យាងទៀត ប្រសិនបើម៉ាក់ៗទប់ដង្ហើម ចង្វាក់​បេះដូង​កូនក្នុងផ្ទៃនឹងចាប់ផ្តើមធ្លាក់ចុះដែលអាចបណ្តាលឱ្យមានបញ្ហា។

    ៥. កុំមានអារម្មណ៍ខ្មាសអៀន

    ពេលឈឺពោះសម្រាល ម៉ាក់ៗអាចលេចនោមដោយមិនដឹងខ្លួន ហើយពេល​ប្រឹងសម្រាល ម៉ាក់ៗ​អាច​ថែម​ទាំងលេចលាមកទៀតផង។ ដូច្នេះ ម៉ាក់ៗមិនបាច់ខ្មាស់អៀនទេ ទាំងនេះគឺជារឿង​ធម្មតា​ក្នុង​ដំណាក់កាលសម្រាល។

    អ្វីដែលម៉ាក់ៗត្រូវធ្វើគឺត្រូវប្រឹងសម្រាល បើម៉ាក់ៗទប់ព្រោះខ្លាច​លេច​នោម ឬលេចលាមក ម៉ាក់ៗសម្រាលមិនចេញទេ។ លើសពីនេះទៅទៀត បើម៉ាក់ៗមាន​អារម្មណ៍​ខ្មាស រាងកាយម៉ាក់ៗនឹងផលិតអ័រម៉ូនស្រេស្ត​ដែលរារាំងដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីន​ដែល​ជួយ​ឱ្យស្បូនកន្រ្តាក់។

    ៦. បន្ធូរអាម្មណ៍

    ពេល​កំពុង​ឈឺពោះសម្រាល រាងកាយម៉ាក់ៗនឹងផលិតអ័រម៉ូនអុកស៊ី​តូ​ស៊ីន​ដែលជួយ​ឱ្យ​ស្បូន​កន្រ្តាក់។ រាងកាយម៉ាក់ៗផលិតអ័រម៉ូនអុកស៊ីតូស៊ីន​ច្រើន លុះត្រាតែម៉ាក់ៗមានអារម្មណ៍​ថា​មាន​​សុវត្ថិភាព ផាសុកភាព និងមានភាពកក់ក្តៅ។

    នៅពេលដែលម៉ាក់ៗមានភាពតានតឹង ភ័យខ្លាច ឬមានអារម្មណ៍គ្មានសុវត្ថិភាព រាងកាយម៉ាក់ៗនឹងផលិតអរម៉ូនស្ត្រេស (catecholamines) ដែល​រារាំង​ដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីន។

    ពេលឈឺពោះសម្រាល ម៉ាក់ៗគួររក្សាការគិតវិជ្ជមាន និងបន្ធូរអាម្មណ៍ ហើយគិតថាខ្លួន​អាច​ធ្វើ​បាន និងប្រាប់ខ្លូនឯងថា ឱ្យតែប្រឹងបន្តិចទៀត​នឹងបានជួបមុខកូនហើយដើម្បីលើកទឹកចិត្តខ្លួនឯង និងជំរុញរាងកាយ​ឱ្យបញ្ចេញអ័រម៉ូនជំរុញការកន្រ្តាក់ស្បូន។

    គួរស្វែងយល់បន្ថែមពីការសម្រាល៖

    ចំណុចសំខាន់

    ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល៖
    • កុំខ្ជះខ្ជាយកម្លាំង
    • កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក
    • ចៀសវាងមើលម៉ោង
    • ចៀសវាងដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើម
    • កុំមានអារម្មណ៍ខ្មាសអៀន
    • បន្ធូរអាម្មណ៍

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម