សម្រាប់ស្រ្តីទើបសម្រាកកូន ជារឿងធម្មតាទេដែលមានការឈឺចាប់មួយចំនួនកើតឡើងក្រោយសម្រាល ហើយភាគច្រើននឹងជាបាត់ទៅវិញទៅតាមពេលវេលា។ ផ្ទុយទៅវិញក៏មានម៉ាក់ៗមួយចំនួនមានការឈឺចាប់ក្រោយសម្រាលមានសភាពខ្លាំង និងរយៈពេលយូរ ក្រជាសះស្បើយ។ តើការឈឺចាប់ក្រោយសម្រាលអ្វីខ្លះម៉ាក់ៗគួរដឹង សម្រាប់ត្រៀមខ្លួនទុកមុន?
១. ឈឺចាប់ពេញរាងកាយ
ការឈឺចាប់ពេញរាងកាយក្រោយសម្រាល ជាបញ្ហាទូទៅមួយដែលស្ត្រីច្រើននាក់ជួបប្រទះ។ នេះដោយសារតែរាងកាយឆ្លងកាត់ភាពតានតឹងខ្លាំងពីការកន្ត្រាក់ស្បូនពេលសម្រាល។ ម៉ាក់ៗខ្លះត្អូញត្អែរពីការឈឺខ្នង ឈឺចង្កេះ ឈឺក្បាល ឈឺស្មា ឬត្រគាក។ ការឈឺចាប់ក្រោយសម្រាលទាំងនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដោយសារតែបរិមាណនៃភាពតានតឹង និងការឈឺចាប់រាងកាយត្រូវឆ្លងកាត់ពេលសម្រាលកូន។
២. សុដន់ឡើងធំ និងរឹង
ការផ្លាស់ប្ដូរទូទៅ និងសំខាន់មួយដែលម៉ាក់ៗចាប់ផ្ដើមសម្គាល់ក្រោយពេលសម្រាលកូន គឺថាយើងសុដន់មានឡើងធំប៉ុណ្ណា។ ម៉ាក់ៗជួបបញ្ហាសុដន់ឡើងធំ និងរឹង នេះអាចនឹងចេញទឹកដោះក្នងកំឡុងពេលពី២៤ទៅ៧២ក្រោយសំរាលកូន។
គេអាចប្រើពាក្យផ្សេងទៀតបានថា ការឡើងដោះ ឬលាសដោះនៅពេលដែលទឹកដោះស្តុកទុកនៅក្នុងសុដន់ ឡើងកំដៅ រឹង និងឈឺ ។ ម៉ាក់ៗមួយចំនួនតែងតែលើកឡើងថាមានអាការៈ ក្តៅ និងក្តៅខ្លួន។
៣. កន្ត្រាក់ស្បូន
ក្រោយសម្រាល ការកន្ត្រាក់ស្បូនជារឿងធម្មតាដែលកើតឡើងក្រោយសម្រាល ពីព្រោះស្បូនកំពុងត្រលប់ទៅស្ថានភាពដើមមុនពេលពពោះវិញ។ ហេតុផលមួយទៀតដែលធ្វើឲ្យម៉ាក់ៗអាចជួបប្រទះនឹងការកន្ត្រាក់ស្បូនខ្លាំង ឬបង្កឲ្យមានការឈឺចាប់ក្រោយសម្រាល គឺនៅពេលដែលម៉ាក់ៗបំបៅដោះកូន។ ការបំបៅដោះកូនអាចបណ្ដាលឲ្យម៉ាក់ៗជួយបញ្ហាកន្ត្រាក់ស្បូនក្រោយសម្រាល ប៉ុន្តែបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេល ២-៣ថ្ងៃក្រោយសម្រាល។
៤. រមាស់ថ្នេរវះកាត់
ប្រសិនបើម៉ាក់ៗវះកាត់សម្រាលកូន ហើយស្លាកស្នាមថ្នេរវះចាប់ផ្ដើមរមាស់ ត្រូវដឹងថាវាជារឿងធម្មតា ហើយការរមាស់នឹងថយចុះនៅពេលដែលស្នាមនោះនៅតែបន្តជាសះស្បើយ។ ហេតុផលផ្សេងទៀតដែលអាចធ្វើឲ្យមុខថ្នេររមាស់អាចបណ្ដាលមកពីស្បែកស្ងួត ឬការឆ្លងមេរោគ។
៥. ឈាមនៅទ្វារមាស
ការហូរឈាមតាមទ្វារមាសក្រោយសម្រាល គឺជារឿងធម្មតា ហើយជាទូទៅអាការៈនេះនឹងបាត់ទៅវិញក្នុងរយៈពេល ១០ថ្ងៃក្រោយសម្រាល។ នៅសប្ដាហ៍ទី៦ បន្ទាប់ពីសម្រាលកូនរួច ការហូរឈាមនឹងឈប់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្នាយើងមានការហូរឈាមខ្លាំងបន្ទាប់ពីក្រោយសម្រាលលើសពី ១០ថ្ងៃ នោះគួរទៅពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យឲ្យបានកាន់តែលឿនកាន់តែល្អ។
៦. ចុកកំភួនជើង
ការឈឺចាប់កំភួនជើងក៏ជាការឈឺចាប់ក្រោយសម្រាលមួយដែលម៉ាក់ៗភាគច្រើនជួបប្រទះ។ ប្រសិនបើស្ត្រីមានអារម្មណ៍ឈឺចាប់នៅជើង និងសង្កេតឃើញថាមានការហើម នោះអាចជាសញ្ញានៃការកកឈាម ឬស្ទះសរសៃឈាមវ៉ែនជ្រៅ។
៧. ទល់លាមក
ការទល់លាមកចំពោះម៉ាក់ៗក្រោយសម្រាលកើតឡើងដោយសារតែថ្នាំបំបាត់ការឈឺចាប់ដែលម៉ាក់ៗប្រើអំឡុងពេលសម្រាល។ លើសពីនេះ ក៏អាចមកពីកត្តាផ្សេងៗដូចជារបបអាហារមិនល្អ និងមិនបានធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់ជាដើម។
ចំណុចសំខាន់
- ឈឺចាប់ពេញរាងកាយ
- សុដន់ឡើងធំ និងរឹង
- កន្ត្រាក់ស្បូន
- រមាស់ថ្នេរវះកាត់
- ឈាមនៅទ្វារមាស
- ចុកកំភួនជើង
- ទល់លាមក។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
[embed-health-tool-ovulation]