ទោះជាមិនទាន់ដល់ខែចែត្រ ចូលឆ្នាំក្តី តែអាកាសធាតុចាប់ផ្តើមកើនកម្តៅបណ្តើរៗ ដែលអាចប៉ះពាល់ដល់សុខភាពយើង ពិសេសកុមារ និងមនុស្សចាស់។ មិនមែនជារឿងតូចតាចនោះទេ បញ្ហានេះបើមិនយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានដិតដល់ ច្បាស់ជួបបញ្ហាធំ ឈានដល់ពិការ ឬបាត់បង់ជីវិតដោយសារប៉ះពាល់សរសៃឈាមក្នុងខួរក្បាល បញ្ហាជំងឺបេះដូង និងសួត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការជំងឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង បានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពនៅពេលអាកាសធាតុឡើងក្តៅខ្លាំង និងជំងឺមួយចំនួន ដូចជា រាករូស ស្រេ្តស រលាកស្បែក និងជំងឺឆ្លងដែលបណ្តាលមកពីការញ៉ាំទឹក ឬអាហារ មិនមានអនាម័យ។
១- រោគសញ្ញាបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង
អស់កម្លាំងខ្លាំង៖ ពេលសរីរាង្គបាត់បង់ជាតិទឹក ធ្វើឲ្យកើនអំបិលលើសលុប និងបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ ដូចជាប៉ូតាស្យ៉ូម ម៉ាញ៉េស្យ៉ូម ធ្វើឲ្យរំខានដល់ចរន្តឈាម និងដំណើរការខួរក្បាល។ ចំពោះអ្នកមានបញ្ហាបេះដូង សួត ឬតម្រងនោម ឬអ្នកតបអាហារមានជាតិអំបិល ឆាប់អស់កម្លាំង។
[embed-health-tool-heart-rate]
រមួលក្រពើ៖ ដូចនឹងករណីខាងលើដែរ ពេលយើងបាត់បង់ជាតិទឹក អំបិល ប៉ូតាស្យ៉ូម និងម៉ាញ៉េស្យ៉ូម បណ្តាលឲ្យជើងរមួលក្រពើ។
ប៉ះពាល់សរសៃឈាមក្នុងខួរក្បាល៖ បញ្ហាធ្ងន់ធ្ងរពេលរាងកាយយើងរងការប៉ះពាល់កម្តៅថ្ងៃក្តៅខ្លាំងយូរពេក ធ្វើឲ្យខ្លួនប្រាណបាត់បង់លទ្ធភាពចុះត្រជាក់វិញដោយខ្លួនឯង។ ម្យ៉ាងវិញទៀត មុខងារខួរក្បាលបាត់បង់លទ្ធភាពត្រួតពិនិត្យកម្តៅក្នុងខ្លួន ឯការបញ្ចេញញើសក៏ថយចុះ។ នៅពេលសីតុណ្ហភាពក្នុងខ្លួនឡើងលើសពី ៤០,៥៦ អង្សាសេ អាចមានរោគសញ្ញាប៉ះពាល់សរសៃឈាមក្នុងខួរក្បាល បណ្តាលឲ្យដួលសន្លប់។
ក្រៅពីផលប៉ះពាល់សំខាន់ៗទាំង ៣ ខាងលើនេះ ក៏នៅមានរោគសញ្ញាផ្សេងៗទៀតដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង មានដូចជា ស្បែកឡើងក្រហម ក្តៅ និងស្ងួត ឈឺក្បាល វិលមុខ ធីងធោង មិនចេញញើស ខ្សោយសាច់ដុំ ចង្អោរ-ក្អួត បេះដូងដើរញាប់ ដង្ហើមញាប់ វង្វេងវង្វាន់ អាចបាត់បង់ស្មារតី សន្លប់ ឬបាត់បង់ជីវិត។
២- ការការពារ
– ញ៉ាំទឹកឆ្អិនឲ្យបានច្រើន និងញឹកញាប់ មិនត្រូវចាំដល់ស្រេកនោះទេ
– កុំញ៉ាំស្រា ឬជាតិស្ករច្រើនពេក ព្រោះកាន់តែបាត់បង់ជាតិទឹក
– កុំញ៉ាំភេសជ្ជៈត្រជាក់ខ្លាំង បណ្តាលឲ្យរមូលក្រពះ
– ញ៉ាំទឹកត្រជាក់ ឬទឹកមានជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ)
– ជៀសវាងអាហារក្តៅៗ ឬញ៉ាំអាហារច្រើនហួសកម្រិត
– កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យពេលថ្ងៃ ឬនៅមាត់ទន្លេ/សមុទ្រ
– ត្រូវអនាម័យជាប់ជានិច្ច ដោយលាងដៃនឹងសាប៊ូ
– ស្លៀកសម្លៀកបំពាក់រលុង ស្តើងៗ មានពណ៌ស្រាល
– លាបឡេការពារកម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និងវ៉ែនតាពេលចេញក្រៅ។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ