បើសិនជាកំពុងត្រៀមខ្លួនធ្វើជាប៉ាៗគេហើយនោះ ប្រុសៗត្រូវដឹងថាបញ្ហាសុខភាពរបស់យើងនិងដៃគូពិតជាសំខាន់ណាស់។ កត្តាមួយចំនួនអាចបំផ្លាញមេជីវិតប្រុសៗបាន ដែលអាចធ្វើឲ្យអត្រាធ្វើឲ្យដៃគូមានផ្ទៃពោះធ្លាក់ចុះ ឬអាចប៉ះពាល់សុខភាពកូនដែរ។ តើប្រុសៗគួរដឹងចំណុចអ្វីខ្លះពេលចង់បានកូន?
១. ទម្ងន់ខ្លួន
ការលើសទម្ងន់អាចកាត់បន្ថយលទ្ធភាពមានកូនរបស់ប្រុសៗបាន ព្រោះថាវាធ្វើឲ្យគុណភាពមេជីវិតធ្លាក់ចុះ រួមមានចំនួនមេជីវិត និងចលនារបស់មេជីវិត។ ដូចគ្នាដែរ ការលើសទម្ងន់ក៏ទំនងជាធ្វើឲ្យប្រុសៗផលិតមេជីវិតមានលក្ខណៈខុសប្រក្រតីផងដែរ។
ការលើសទម្ងន់ ក៏អាចកាត់បន្ថយការផលិតអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន ដែលអាចនាំឲ្យមានបញ្ហាដល់សកម្មភាពផ្លូវភេទ ដូចជាលិង្គពិបាកឡើងរឹង ឬមិនឡើងរឹងជាដើម។ មេជីវិតក៏បាននាំយកហ្សែនពីប៉ាៗទៅកាន់កូនផងដែរ ហើយការលើសទម្ងន់អាចប៉ះពាល់ដល់ដំណើរការហ្សែននេះ។ ការណ៍នេះមានន័យថាសុខភាពកូនរបស់យើងអាចប៉ះពាល់ពេលនៅក្នុងផ្ទៃ ឬក្រោយពេលកើត។
បើសិនជាយើង និងដៃគូមានសុខភាពល្អ ទម្ងន់ខ្លួនល្អ នោះអ្នកទាំងពីរនឹងមានឱកាសខ្ពស់ក្នុងការឆាប់មានកូន។ ជាការល្អប្រុសៗត្រូវខំរក្សាទម្ងន់ខ្លួនឲ្យនៅកម្រិតសុខភាពល្អតាមរយៈការហាត់ប្រាណ និងមានរបបអាហារត្រឹមត្រូវ។
២. ជក់បារី
ការជក់បារីនឹងធ្វើឲ្យគុណភាពមេជីវិតធ្លាក់ចុះ ដោយចំនួនមេជីវិតមានតិច ទឹកកាមតិច និងចលនាមេជីវិតខ្សោយដែរ។ ប្រុសៗជក់បារីកាន់តែច្រើន គុណភាពមេជីវិតក៏ធ្លាក់ចុះកាន់តែខ្លាំងដែរ។ ការជក់បារីច្រើនជាង២០ដើមក្នុងមួយថ្ងៃ ពេលកំពុងត្រៀមយកកូនអាចធ្វើឲ្យកូនប្រឈមខ្ពស់ក្នុងការវិវត្តទៅកើតជំងឺមហារីកគ្រាប់ឈាមក្នុងវ័យកុមារ។
៣. គ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងម្ដងម្កាលទំនងជាមិនប៉ះពាល់ដល់ការបង្កកំណើតរបស់ប្រុសៗនោះទេ ប៉ុន្តែការផឹកគ្រឿងស្រវឹងច្រើនអាចកាត់បន្ថយគុណភាពមេជីវិត។ ការណ៍នេះធ្វើឲ្យការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនធាក់ចុះ នាំឲ្យលិង្គពិបាកឡើងរឹង។ មួយវិញទៀត គ្រឿងស្រវឹងអាចធ្វើឲ្យខូចថ្លើម នាំឲ្យប៉ះពាល់សុខភាពទូទៅរបស់ប្រុសៗ និងសុខភាពបន្តពូជ។ ការផឹកគ្រឿងស្រវឹងមិនទាន់មានការបញ្ជាក់ថាកម្រិតណាធ្ងន់ធ្ងរប៉ះពាល់ដល់ការបង្កកំណើតនោះទេ តែប្រុសៗគួរផឹកក្នុងកម្រិតសមល្មមដើម្បីសុខភាពល្អ។ ជាការណែនាំ បើប្រុសៗយើងកំពុងព្យាយាមយកកូន គួរឈប់ផឹកគ្រឿងស្រវឹងយ៉ាងតិចបីខែមុនពេលចាប់ផ្ដើមយកកូន។
[embed-health-tool-heart-rate]
៤. អាយុ
ខុសពីស្រ្តី ប្រុសៗមានមេជីវិតពេញមួយជីវិតតែម្ដង។ ប៉ុន្តែពេលយើងវ័យកាន់តែចាស់ គុណភាពមេជីវិតក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ ទោះបីជានៅអាចបង្កកំណើតបានក៏ដោយ។ បុរសមានវ័យចាប់ពី៤៥ឆ្នាំ ឬលើសពីនេះ នឹងត្រូវការពេលច្រើនដើម្បីធ្វើឲ្យដៃគូមានផ្ទៃពោះ ហើយក៏ប្រឈមនឹងកូនងាយរលូតផងដែរ។
ទោះបីជារឿងកម្រ តែកូនកើតពីឪពុកវ័យចំណាស់អាចជួបបញ្ហាការលូតលាស់ ឬមានជំងឺអូទីស្សឹមខ្ពស់ដែរ។ ដូចគ្នាដែរ កូនកើតមកក៏អាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាក្រូម៉ូសូម ឬហ្សែន។ អ្វីទាំងនេះ ជាបញ្ហាដែលយើងមិនអាចគ្រប់គ្រងបាន ដូចនេះ បើចង់ក្លាយជាប៉ាៗគេ គួរតែយកកូនក្នុងវ័យក្មេងជាងនេះ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ