និយាយរឿងតម្រងនោម និងក្រលៀន យើងហាក់មានការភាន់ច្រឡំបន្តិច ដោយធម្មតាយើងនិយមប្រើពាក្យដូរក្រលៀន ខូចក្រលៀន មានក្រលៀនតែម្ខាង ដែលពាក្យទាំងនេះ គឺសំដៅលើតម្រងនោមយើង។ តម្រងនោមយើងម្នាក់ៗ នៅមាន ២ ចុះបើមានតែម្ខាង ឬខូចម្ខាង មានបញ្ហាអីកើតឡើងអត់? “Hello គ្រូពេទ្យ” នឹងបញ្ជាក់ពីមូលហេតុ ក៏ដូចជាផលប៉ះពាល់ក្នុងអត្ថបទនេះ។
១- អ្វីទៅជាតម្រងនោម?
តម្រងនោម មានតួនាទីសំខាន់ណាស់ចំពោះខ្លួនយើងម្នាក់ៗ ព្រោះតម្រងនោម មានមុខងារសំខាន់ៗជាច្រើន សម្រាប់ទ្រទ្រង់រាងកាយ ដូចនេះ បើមិនមានតម្រងនោមទេ យើងក៏មិនអាចរស់បានដែរ ខណៈតួនាទីសំខាន់ៗរបស់តម្រងនោម មាន៖
– ផលិតអ័រម៉ូនសម្រាប់ទ្រទ្រង់ឲ្យឆ្អឹងរឹងមាំ
– រក្សាតុល្យភាពសម្ពាធឈាម
– ច្រោះកាកសំណល់ និងទឹកដែលលើស ចេញពីក្នុងឈាម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២- ចុះអ្វីជាបញ្ហាមានតម្រងនោមតែម្ខាង?
ជាទូទៅយើងគ្រប់គ្នាកើតមកមានតម្រងនោមមួយគូមកជាមួយ។ ប៉ុន្តែមានគ្នាយើងមួយចំនួន មានតម្រងនោមតែមួយចំហៀង ឬតម្រងនោមធ្វើការបានតែម្ខាងប៉ុណ្ណោះ។ បញ្ហានេះហើយគេហៅថា តម្រងនោមម្ខាង ជាភាសាបច្ចេកទេស Solitary Kidney។
៣- មូលហេតុធ្វើឲ្យមានតម្រងនោមម្ខាង
តម្រងនោមម្ខាង ឬ Solitary Kidney អាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា៖
– បញ្ហាពីកំណើត៖ កូនក្មេងកើតមកនឹងមានតម្រងនោមតែមួយចំហៀងហៅថា តម្រងនោម Agenesis។ ភាគច្រើន បញ្ហានេះកើតលើក្មេងប្រុសច្រើនជាងក្មេងស្រី ហើយតម្រងនោមដែលបាត់ ភាគច្រើន គឺនៅខាងឆ្វេង។ ក្រៅពីនេះ នៅមានបញ្ហាមួយទៀត គឺតម្រងនោម Dysplasia សំដៅលើក្មេងកើតមក មានតម្រងនោមពីរ តែមានតម្រងនោមតែមួយចំហៀងប៉ុណ្ណោះ អាចដំណើរការបាន។ ចំពោះគ្នាយើងមានបញ្ហាទាំងពីរនេះ ក៏អាចរស់នៅ មានសុខភាពល្អបានដូចមនុស្សធម្មតាបានដែរ។ ដើម្បីដឹងថា យើងមានបញ្ហានេះ ឬអត់? ទាល់តែធ្វើតេស្តពិនិត្យ ដូចជាឆ្លុះអេកូ ឬថតកាំរស្មីអ៊ិចជាដើម។
– វះកាត់តម្រងនោមចោល៖ មានករណីមួយចំនួន បង្ខំឲ្យយើងចាំបាច់ត្រូវកាត់តម្រងនោមចេញ ដើម្បីព្យាបាលជំងឺមហារីក ឬដោយសារជំងឺមួយចំនួន ឬគ្រោះថ្នាក់ណាមួយ។ ពេលវះកាត់យកតម្រងនោមម្ខាងចេញដោយសារតែជំងឺមហារីក ជំងឺ ឬដើម្បីបរិច្ចាគឲ្យអ្នកដទៃ ពេទ្យត្រូវកាត់តម្រងនោម និងរន្ធបង្ហួរនោមចេញទាំងពីរ។
– បរិច្ចាគតម្រងនោម៖ មានគ្នាយើងមួយចំនួន បានបរិច្ចាកតម្រងនោមខ្លួនទៅឲ្យសមាជិកគ្រួសារ ឬទៅកាន់មិត្ដភក្តិណាមានបញ្ហាខូចតម្រងនោម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
៤- កត្តាគ្រោះថ្នាក់ពេលមានតម្រងនោមតែម្ខាង
ជាទូទៅ បើយើងមានតម្រងនោមតែម្ខាង យើងនៅតែអាចបន្តរស់បានធម្មតា និងមានសុខភាពល្អទៀតផង។ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នជាមួយទម្លាប់រស់នៅខ្លួនឯង ដើម្បីការពារតម្រងនោមតែម្ខាងរបស់យើងឲ្យមានសុខភាពល្អ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅមានគ្នាយើងមួយចំនួន ប្រឈមមុខជាមួយបញ្ហាខ្សោយមុខងារតម្រងនោមនៅថ្ងៃខាងមុខ។ សម្រាប់គ្នាយើងមានតម្រងនោមតែម្ខាង ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាមួយចំនួនដូចខាងក្រោម៖
– ប្រូតេអ៊ីនក្នុងទឹកនោម (Proteinuria)៖ កើតឡើងនៅពេលមានប្រូតេអ៊ីនច្រើនខ្លាំងពេកនៅក្នុងទឹកនោម ហើយជាសញ្ញាបញ្ជាក់ពីការខូចខាតតម្រងនោមហើយ។ គ្នាយើងមានតម្រងនោមតែម្ខាង អាចនឹងមានប្រូតេអ៊ីនក្នុងទឹកនោមលើសពីកម្រិតធម្មតាបន្តិច។
– លើសសម្ពាធឈាម៖ តម្រងនោមមានសមត្ថភាពគ្រប់គ្រងបរិមាណទឹកច្រោះក្នុងចរន្ដឈាម និងបញ្ចេញរ៉េនីន ដែលជាអ័រម៉ូនមួយទាក់ទងជាមួយការពង្រីក និងកន្ត្រាក់សរសៃឈាម ខណៈមុខងារនេះហើយ ធ្វើឲ្យយើងអាចគ្រប់គ្រងសម្ពាធឈាមឲ្យនៅល្អបាន។ ប៉ុន្តែសម្រាប់គ្នាយើងមានតម្រងនោមតែម្ខាង អាចប្រឈមខ្ពស់ជាមួយជំងឺលើសឈាម។
– មុខងារច្រោះទឹកនោម GFR (glomerular filtration rate) ថយចុះ៖ ក្នុងតម្រងនោមយើង មានបំពង់ច្រោះតូចៗរាប់ពាន់ គេហៅណេហ្រ្វុន (Nephrons)។ ផ្នែកដំបូងរបស់ ណហ្វ្រុន គឺជាគ្លូម៉េរូលឺស (Glomerulus) មាននាទីជាភ្នាក់ងារបែងចែករវាងម៉ូលេគុលផ្សេងៗនិងកោសិកាគ្រាប់ឈាម ចេញពីសារធាតុទឹក និងជាតិពុល (Toxin) របស់ទឹកនោម។ ដំណើរការមួយនេះ គេឲ្យឈ្មោះថា ដំណើរការ អត្រាមុខងារច្រោះទឹកនោម (Glomerular filtration rate)។ ដើម្បីដឹងថា តម្រងនោមយើងធ្វើការបានល្អ ឬអត់ យើងត្រូវតែទៅធ្វើតេស្ដពិនិត្យមើល ខណៈគ្នាយើងមានតម្រងនោមតែម្ខាង ភាគច្រើនកម្រិតមុខងារ GFR ចុះទាប។
[embed-health-tool-bmi]