នៅពេលក្អកលេចនោមដោយអចេតនា វាជាលទ្ធផលនៃសកម្មភាពរាងកាយ ឬសកម្មភាពដែលដាក់សម្ពាធលើប្លោកនោម នាំឲ្យមានអាការៈលេចនោម ហើយមនុស្សស្រីវ័យចំណាស់មានភាគរយកើតច្រើនជាងស្រ្តីវ័យក្មេង។ ចំពោះអ្នកដែលមានអាការៈលេចនោម អាចលេចចេញនៅពេលក្អក ឬធ្វើសកម្មភាពដូចក្រោមនេះ
- កណ្ដាស់
- រត់ ឬលោត
- រួមភេទ
- សើច
- លើកវត្ថុធ្ងន់ៗ
- ក្អួត
- ក្រោកឈរ
អំឡុងពេលធ្វើសកម្មភាពទាំងនេះ អ្នកខ្លះ អាចលេចនោមនៅក្នុងបរិមាណតិចតួច។
មូលហេតុនៃអាការៈលេចនោម
ការលេចនោមកើតឡើងនៅពេលដែលសាច់ដុំ និងជាលិកាអាងត្រគាក ដែលទ្រទ្រង់ប្លោកនោម និងគ្រប់គ្រងបំពង់ទឹកនោមចុះខ្សោយ ហើយសាច់ដុំនឹងមិនអាចទ្រទ្រង់ប្លោកនោមបានត្រឹមត្រូវ ដែលជាហេតុនាំឲ្យទឹកនោមលេចចេញមកក្រៅ។
មានកត្តាជាច្រើនដែលអាចបំផ្លាញសាច់ដុំទាំងនេះ ហើយវាមានលក្ខណៈខុសៗគ្នារវាងបុរស និងស្ត្រី។ ចំពោះស្រីៗយើង មូលហេតុទូទៅដែលបំផ្លាញសាច់ដុំបាតអាងត្រគាក គឺការមានផ្ទៃពោះ និងការសម្រាលកូន។ ចំណែកឯបុរសវិញ មូលហេតុដែលបណ្ដាលឲ្យកើតមានអាការៈលេចនោមនេះ គឺដោយសារតែការវះកាត់ក្រពេញប្រូស្តាត។
កត្តាហានិភ័យនៃការលេចនោម
កត្តាមួយចំនួន អាចធ្វើឲ្យយើងងាយនឹងជួបប្រទះបញ្ហាលេចនោមខណៈពេលក្អក។ យ៉ាងណាមិញ ស្រីៗយើងមានហានិភ័យខ្ពស់ក្នុងការកើតមានអាការៈនេះ។ យោងតាមការសិក្សាមួយបានបង្ហាញថា ១៣%នៃស្ត្រីដែលមានអាយុចន្លោះពី១៩ដល់៤៤ និង២០%នៃស្ត្រីដែលមានអាយុចាប់ពី៤៥ឆ្នាំ ដល់៦៤ឆ្នាំនឹងវិវត្តន៍ទៅជាអាការៈលេចនោម។ ទន្ទឹមនឹងនេះដែរ ស្រីៗដែលសម្រាលកូនតាមធម្មជាតិអាចវិវត្តទៅជាអាការៈលេចនោមខ្លាំងជាងស្រីៗដែលសម្រាលកូនដោយការវះកាត់។
កត្តាហានិភ័យដទៃទៀតដែលធ្វើឲ្យយើងវិវត្តន៍ទៅជាការលេចនោម រួមមាន៖
- អាយុច្រើនជាង៧០ឆ្នាំ
- ធាត់
- ធ្លាប់ធ្វើការវះកាត់អាងត្រគាកពីមុន
- ជក់បារី
- មានបញ្ហាសុខភាពដូចជាប្លោកនោមសកម្មជ្រុល
- ប្រឈមនឹងការទល់លាមករ៉ាំរ៉ៃ
- ស្រុតចុះសរីរាង្គអាងត្រគាក
- មានប្រវត្តិឈឺឆ្អឹងខ្នងផ្នែកខាងក្រោម
- មានជំងឺណាមួយដែលបណ្ដាលឲ្យកណ្ដាស់ ឬក្អករ៉ាំរ៉ៃ
- មានប្រវត្តិលេងកីឡាដែលផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរ
ការព្យាបាល
ជាក់ស្ដែង មានជម្រើសជាច្រើនក្នុងការព្យាបាលអាការៈលេចនោមនេះ រួមមាន៖
- ការផ្លាស់ប្ដូរបែបបទរស់នៅ មានដូចជា ឈប់ជក់បារី សម្រកទម្ងន់ ឬរក្សាទម្ងន់ខ្លួនសមស្រប និងជៀសវាង ឬកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន។
- ការព្យាបាលដោយចលនា ដូចជាការធ្វើលំហាត់ប្រាណ
- ការប្រើប្រាស់ឧបករណ៍ជំនួយ និង
- ការវះកាត់ ជាដើម។
[embed-health-tool-bmi]