បញ្ហារាកពេលយប់ ទំនងគ្នាយើងខ្លះធ្លាប់ជួបប្រទះ ពិសេសអ្នកដែលចូលចិត្ដញាំអាហារខាងក្រៅផ្ទះច្រើនដែលមិនមានអនាម័យ ក៏ដូចជាគ្រប់គ្រងពេលវេលាញ៉ាំមិនបានល្អ។ ជាក់ស្ដែងណាស់ ការរាកពេលយប់នេះ អាចបង្កការរំខាន ធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់ ដោយសារត្រូវក្រោកទៅបន្ទប់ទឹក។
តាមការពិសោធន៍របស់ មជ្ឈបណ្ឌលសុខភាព Mayo Clinic អាមេរិកបានបង្ហាញថា ពពួកបាក់តេរី មេរោគ ប៉ារាសិត ពេលជ្រៀតចូលក្នុងក្រពះពោះវៀនតាមរយៈអាហារដែលយើងញ៉ាំ នឹងអាចបង្កឲ្យមានការរលាកបាន។ ចំពោះការរាកនេះគឺជាដំណើរធម្មជាតិចង្វាក់បញ្ចេញចោលនៃប្រព័ន្ធរំលាយអាហារដែលត្រូវបញ្ចេញពពួកបាក់តេរីទាំងនោះតាមលាមក។
ករណីនេះភាគច្រើនអាចកើតឡើងចំពោះអ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍ អ្នកដែលសាកល្បងរសជាតិអាហារប្លែកៗដោយគ្មានអនាម័យ និងមិនស្គាល់ប្រភពច្បាស់លាស់។
ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួន ក៏អាចបង្កឲ្យរាកនៅពេលយប់បាន។ តួយ៉ាងប្រភេទថ្នាំផ្សះ( antibiotics) ជាប្រភេទថ្នាំបង្កើតឡើងដើម្បីបញ្ចេញចោលពពួកបាក់តេរី វាធ្វើការកម្ចាត់ទាំងបាក់តេរីល្អ និងអាក្រក់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពលំនឹង ដែលកត្ដានេះធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំទៅជារាកបាន។ នៅមានប្រភេទថ្នាំផ្សេងទៀត ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម ក៏អាចបណ្ដាលឲ្យរាកបានដែរ។
អាហារ ឬភេសជ្ជៈមួយចំនួនក៏អាចធ្វើឲ្យពោះវៀនធំធ្វើចលនាខ្លាំងនៅពេលយប់បានដែរ។ ការណ៍នេះបណ្ដាលមកពីរបបអាហារទាំងនោះប្រើប្រាស់ស្ករសិប្បនិមិត្ដច្រើន និងករណីខ្លះការប្រតិកម្មនឹងសារធាតុប្រើប្រាស់ក្នុងរបបអាហារ បណ្ដាលឲ្យអាលែកហ្ស៊ី ដូចជាការអាលែកហ្ស៊ីទឹកដោះគោ ដែលចំណុចនេះកើតឡើងច្រើន។

ជាធម្មតាបញ្ហារាកនៅពេលយប់ ក្នុងករណីស្រួចស្រាល់អាចចន្លោះពី ២ ទៅ ៣បីថ្ងៃ។ ក្នុងករណីនេះគឺមិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ហើយអាចបាត់ទៅវិញដោយខ្លួនឯងដោយយើងគ្រាន់តែផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត កែប្រែរបបអាហារ ពោលបរិភាគអាហារមានជាតិសរសៃ និងអនាម័យ ញ៉ាំទឹកឲ្យបានច្រើន និងបំភ្លេចចោលពពួកភេសជ្ជះផ្អែមៗមុនពេលចូលគេងគឺនឹងប្រសើរឡើងវីញហើយ។
ប៉ុន្ដែក្នុងស្ថានភាពដែលអាការៈរាកនេះអូសបន្លាយពេលពី២សប្ដាហ៍ឡើងទៅ អ្នកជំងឺត្រូវតែទៅជួបគ្រូពេទ្យដើម្បីពិភាក្សា និង ទទួលការព្យាបាលជៀសវាង ជំងឺវិវត្ដទៅជាជំងឺរាករ៉ាំរ៉ៃ បង្កគ្រោះថ្នាក់ដល់អាយុវជីវិត។