backup og meta

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14, 2023

    ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង

    គ្នាយើងប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីពេលខ្លះញ៉ាំអាហារហើយភ្លាមស្រាប់តែក្អក ឬ ពេលខ្លះទៀត ក៏ស្រាប់តែក្អកកំពុងញ៉ាំអាហារតែម្ដង។ ជាក់ស្ដែងណាស់គ្រាន់តែអាការៈក្អក​មួយមុខ យើងមិនអាចកំណត់បានភ្លាមៗពីមូលហេតុនោះទេ ព្រោះករណីខ្លះបណ្ដាលមកពីរបបអាហារ ឬករណីខ្លះក៏អាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់ក៏ថាបានដែរ។ ខាងក្រោមគឺជាមូលហេតុដែលបណ្ដាលឲ្យក្អកក្រោយពេលញ៉ាំអាហារ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.ជំងឺច្រាលអាស៊ីតក្រពះ

    អ្នកមានជំងឺច្រាល់អាស៊ីតក្រពះ ក៏ជាមូលហេតុបណ្ដាលឲ្យក្អកបានដែរនៅពេលញ៉ាំអាហារចូលទៅ ពិសេសពេលអ្នកជំងឺញ៉ាំអាហាររួចរាល់។ ការក្អកដោយការច្រាលជាតិអាស៊ីត អាចបង្ហាញរោគសញ្ញាដូចជា ក្រហាយទ្រូង ក្អកញឹកញាប់នៅពេលយប់ និងពេលគេង ភើរច្រើន និង រាល់ក្រោយពេលញ៉ាំអាហារ អ្នកជំងឺតែងតែក្អក។

    ២.អាលែកហ្ស៊ីជាមួយអាហារ

    ការអាលែកហ្ស៊ីនឹងរបបអាហារ ក៏បណ្ដាលឲ្យក្អកបានដែរ។ អាការៈនេះអាចកើតមានក្រោយពេលញ៉ាំអាហារ ចន្លោះពីមួយម៉ោងកន្លះ ទៅពីរម៉ោង ប៉ុន្ដែវាមិនបង្កប៉ះពាល់ពាល់ដល់សុខភាពនោះទេ និង​អាចបាត់ទៅវិញដោយខ្លួនឯង។ យើងគួរកត់សម្គាល់នឹងប្រភេទអាហារដែលបណ្ដាលឲ្យយើងប្រឈមអាលែកហ្ស៊ីព្រោះវាអាចប៉ះពាល់ដល់សុខភាព ប្រសិនបើយើងញ៉ាំវាញឹកញាប់ ហើយក្អកញឹកញាប់ដែរនោះ។

    ៣.ការឡើងស្លេស្ម

    យើងអាចចាប់អារម្មណ៍នឹងរបបអាហារមួយចំនួន ដែលបង្កឲ្យយើងងាយឡើងស្លេស្ម និងអាចបណ្ដាលឲ្យយើងក្អកបានដែរ។ របបអាហារទាំងនោះមានដូចជា ផលិតផលទឹកដោះគោ និងផលិតផលពីសណ្ដែកសៀង។

    ៤.កើតជំងឺហឺត

    អ្នកកើតជំងឺហឺត ក៏ប្រឈមក្អកដូចគ្នាបន្ទាប់ពីញ៉ាំអាហារហើយ។ ជំងឺហឺតគឺជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការក្អករ៉ាំរ៉ៃនេះឯង ពិសេសនៅពេលអ្នកជំងឺមិនអាចគ្រប់គ្រងរបបអាហារបានល្អ តាមការណែរនាំរបស់គ្រូពេទ្យ។ ពពួកអាហារដែលអាចបណ្ដាលអ្នកជំងឺក្អកបាន ដូចជា គ្រឿងសមុទ្រ សណ្ដែកដី សណ្ដែកសៀង និង គ្រាប់ធញ្ញជាតិជាដើម។ អាហារ​ទាំង​នេះ​អាចបង្កឲ្យអ្នកមានអាការៈក្អក និង ករណីធ្ងន់ធ្ងរអាចពិបាកដកដង្ហើម។

    ៥.ឈ្លក់អាហារ

    ការញ៉ាំអាហារឈ្លក់អាចកើតឡើងច្រើន ពិសេសអ្នកបានញ៉ាំអាហារលឿនពេក បង្ខំពេក អាចបណ្ដាលឲ្យយើងឈ្លក់ និងក្អកបានដែរ។ ដូច្នេះចូរញ៉ាំអាហារមួយៗ តាមដំណើរ កុំបង្ខំពេក ទើបមិនធ្វើឲ្យឈ្លក់។

    ៦.បញ្ហាពិបាកលេបអាហារ

    អ្នកមានបញ្ហាពិបាកលេបអាហារ ក៏ជាផ្នែកមួយធ្វើឲ្យប្រឈមក្អកពេលកំពុងញ៉ាំអាហារបានដែរ។ ការពិបាកលេបអាហារគឺជាអាការៈមួយបណ្ដាលមកពី ដំណើរការសាច់ដុំក្នុងបំពង់អាហារទៅក្រពះដំណើរការមិនបានល្អ ឬបំពង់អាហារមានសភាពរួមតូច និង អាចមានការរលាកជាដើម ដូច្នេះអាហារដែលញ៉ាំចូលទៅ ពិបាកក្នុងបញ្ជូនទៅក្រពះ។ អាការៈនេះអាចកើតឡើងច្រើន ចំពោះមនុស្សចាស់ វ័យចាប់ពី ៦០ឆ្នាំឡើងទៅ។

    លេបអាហារ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម