មហារីក ជាជំងឺគ្រោះថ្នាក់បំផុត បើអាចវិវត្តដល់ដំណាក់កាលរបស់វា។ វិធីជោគជ័យបំផុតព្យាបាលមហារីក គឺត្រូវព្យាបាលពីដំណាក់កាលដំបូង។ ភាគរយខ្ពស់បំផុត គឺអាចព្យាបាលជាដាច់ បើតាមដានដិតដល់ និងយកចិត្តទុកដាក់ព្យាបាលដោយពេទ្យឯកទេស។
“Hello គ្រូពេទ្យ” ចង់ដាស់តឿនប្រុសៗ ពីការថែទាំខ្លួន និងចាប់ផ្ដើមស្រលាញ់សុខភាព កុំចេះតែគិតថាមិនអី មិនធ្ងន់។ យើងមានបញ្ហាតូចៗ ១៥ ចំណុចដែលអាចជាសញ្ញាណរបស់ “មហារីក”។ សូមអង្កេត និងតាមដានសុខភាពខ្លួនយើងថាតើមានអី មិនប្រក្រតីអត់។ បើជារោគមហារីកមែន ក្នុងដំណាក់កាលបឋមនេះ គឺអាចមើលជា។
១- បញ្ហាពេលនោម
អ្នកណាខ្លះ នោមញឹក ជាពិសេសពេលយប់? នោមស្រក់តក់ៗ សើមមិនដឹងខ្លួន ឬពិបាកទប់នោម? ឬអង្កេតឃើញខ្លួនឯង នោមខ្សោយ ពេលចាប់ផ្ដើមនោម?
បញ្ហាទាំងនេះអាចមកពីការរីក ឬមហារីកក្រពេញប្រូស្តាត។ ដូច្នេះ កុំព្រងើយ វាគ្រោះថ្នាក់ជាងការគិតទៅទៀត។ គួរពិនិត្យពិគ្រោះជាមួយគ្រូពេទ្យ។ ការធ្វើតេស្តឈាមខ្លះ ពេទ្យអាចស្នើសុំ ឬឲ្យយោបល់ថាគួរពិនិត្យ។
២- ពងស្វាសប្រែប្រួល
បើមានអារម្មណ៍ ឬដឹងខ្លួនច្បាស់ថា “ពងស្វាស” ឡើងពក ហើមប៉ោង ឬបញ្ហាមិនប្រក្រតីផ្សេងទៀត សូមប្រញាប់ទាក់ទងគ្រូពេទ្យជាបន្ទាន់ ព្រោះវាជាអាចជាមហារីកពងស្វាស។ ជំងឺនេះ វិវត្តរាលដាលលឿនណាស់។
៣- ឈាមក្នុងទឹកនោម ឬលាមក
អាចជាភាពមិនប្រក្រតីចំពោះបុរសដែលមានឈាមនៅត្រង់នេះ។ នេះអាចជាមហារីកប្លោកនោម តម្រងនោម ពោះវៀនធំ ឫសដូងបាត ឬរលាកផ្លូវតម្រងនោម។ ជាការល្អបំផុតដែលត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះ និងព្យាបាលទាន់ពេល។
៤- ស្បែកប្រែប្រួល
មហារីកស្បែកមានសញ្ញាជាការប្រែប្រួលទំហំ រូបរាង ពណ៌នៃដុំ ឬចំណុចលើស្បែក។ បើមានសញ្ញាទាំងនេះ មិនគួរពន្យារពេលរត់រកពេទ្យ ឬមកសម្ងំព្យាបាលខ្លួនឯងផ្ដេសផ្ដាសទេ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
៥- ឡើងកូនកណ្តុរ
ប៉ោងកូនកណ្ដុរ មានដុំតូចៗប៉ុនគ្រាប់សណ្ដែកនៅក ក្លៀក ឬកន្លែងផ្សេងទៀត បានន័យថា មានអ្វីមិនធម្មតាក្នុងខ្លួនយើងហើយ។ វាអាចជាការឆ្លើយតបរបស់រាងកាយទៅនឹងការរលាកបំពង់ក ផ្ដាសាយ ឬធ្ងន់ធ្ងរជាងនេះ គឺដំណើររបស់ មហារីក។ សូមជួបគ្រូពេទ្យដើម្បីទទួលការពិនិត្យ និងព្យាបាល។
៦- ពិបាកលេបចូល
ការពិបាកលេបចូល គឺមានច្រើនណាស់ ហើយក៏បាត់ទៅវិញជារឿយៗ។ តែបើសញ្ញានេះកើតមានជាមួយនឹងការស្រកទម្ងន់ និងក្អួតចង្អោរ វាអាចជាសញ្ញារបស់មហារីកបំពង់ក ឬមហារីកក្រពះ ហើយ។
៧- ក្រហាយទ្រូង
មិនខុសគ្នាពីការពិបាកលេបដែរ វាអាចជាសញ្ញារបស់មហារីកបំពង់ក ឬក្រពះ បើសិនមានរយៈពេលយូរ និងធ្ងន់ធ្ងរជាងមុន។
[embed-health-tool-heart-rate]
៨- មាត់មិនប្រក្រតី
បើសិនជាអ្នកជក់បារី ឬចុកថ្នាំជក់ នឹងប្រឈមជំងឺមហារីកមាត់។ គួរយកចិត្តទុកដាក់នឹងបរិវេណមាត់ឲ្យបានហ្មត់ចត់ ជាពិសេសពេលមានឡើងបន្ទះស ឬក្រហម។
៩- ស្រកគីឡូគ្មានមូលហេតុ
ស្រកគីឡូដោយមានរបបអាហារ និងការហាត់ប្រាណត្រឹមត្រូវ ជារឿងប្រសើរ។ តែបើស្រកទម្ងន់ ៤-១០ គីឡូ ដោយមិនបាច់ខំនោះ អាចមកពីសុខភាពយើងមិនល្អ ឬជាសញ្ញាមហារីកក្រពះ លំពែង ឬសួត។
១០- ក្តៅខ្លួន
ក្ដៅខ្លួនភាគច្រើន កើតឡើងដោយសាររាយកាយប្រឆាំងនឹងការបង្ករោគដោយមេរោគ។ តែពេលវាអត់បាត់ ហើយរកមូលហេតុមិនឃើញនោះ វាអាចជាសញ្ញារបស់មហារីកគ្រាប់ឈាមស ឬមហារីកគ្រាប់ឈាមផ្សេង។ សូមប្រុងប្រយ័ត្នចំពោះការ ក្ដៅខ្លួននេះ ព្រោះករណីខ្លះ មិនមែនក្ដៅខ្លួនធម្មតា។ ចូរអង្កេត និងកំណត់ភាពខុសប្រក្រតីដែលតែងកើត។
១១- ដោះប្រែប្រួល
ប្រុសៗហាក់ព្រងើយនឹងដុំដោះ តែប្រហែលមិនដឹងទេថា ប្រុសៗក៏អាចកើតមហារីកដោះដូចស្រីៗដែរ ទោះជា ១% ក្ដី។ បើសង្កេតឃើញមានដុំដោះត្រង់ណានោះ ទៅពេទ្យពិនិត្យភ្លាម។
១២- ល្ហិតល្ហៃ
បើអស់កម្លាំងអត់មានអីចម្លែកទេ ព្រោះរវល់ការងារមួយថ្ងៃៗ ប៉ុន្តែមហារីកប្រភេទមួយចំនួន នឹងធ្វើឲ្យយើងហត់អស់កម្លាំងពីខ្លួន ទោះខំសម្រាកច្រើនក៏ដោយ។
១៣- ក្អក
អ្នកអត់ជក់បារី ក្អកអាចជារឿងធម្មតា។ តែបើអ្នកជាញៀនបារី បើមានក្អកមានឈាម ដកដង្ហើមខ្លីៗ វាអាចជាសញ្ញាបង្ហាញពីមហារីកហើយ។
១៤- ឈឺចាប់
បើឈឺចាប់ខ្លាំង យូរ ពិបាកទ្រាំ ត្រូវទៅរកគ្រូពេទ្យដោះស្រាយបញ្ហានេះ។ ការឈឺចាប់យូរឥតស្រាក ក៏អាចបណ្ដាលមកពីការរាលដាលនៃមហារីកដែរ។
១៥- ចុកពោះ និងបាក់ទឹកចិត្ត
រោគសញ្ញាពីរនេះរួមចូលគ្នាអាចជាសញ្ញារបស់មហារីកលំពែង។ វាកម្រមានណាស់ តែគួរប្រុងប្រយ័ត្ន និងថែរក្សាខ្លួន។
សរុបមក យើងមិនគួរមើលរំលងសញ្ញាតិចតួចឡើយ។ គួរមានទម្លាប់រស់នៅឲ្យបានល្អ ហាត់ប្រាណឲ្យទៀងទាត់ ចៀសវាងស្រា និងបារី។ ទាំងនេះជារឿងដែលយើងគប្បីធ្វើ ដើម្បីការពារសុខភាពខ្លួនឯង។
ចំណុចសំខាន់
- បញ្ហាពេលនោម
- ពងស្វាសប្រែប្រួល
- ឈាមក្នុងទឹកនោម ឬលាមក
- ស្បែកប្រែប្រួល
- ឡើងកូនកណ្តុរ
- ពិបាកលេបអាហារ
- ក្រហាយទ្រូង
- មាត់មិនប្រក្រតី
- ស្រកគីឡូគ្មានមូលហេតុ
- ក្តៅខ្លួន
- ដោះប្រែប្រួល
- ល្ហិតល្ហៃ
- ក្អក
- ឈឺចាប់
- ចុកពោះ និងបាក់ទឹកចិត្ត