backup og meta

ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 19, 2022

    ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា

    ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​​ណាស់​ ប៉ុន្តែ​ជំងឺ​ខ្លះ​​អាច​​ចេញ​​រោគសញ្ញា​តិចតួច ស្រប​​ពេល​ដែល​ជំងឺ​​​ខ្លះ​ទៀត​មិន​បង្ហាញ​រោគសញ្ញា​ទាល់​តែ​សោះក៏មាន​។ ក្នុង​ករណី​ដែល​ជំងឺ​ពុំ​មាន​រោគសញ្ញា​ នោះ​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ និង​ព្យាបាល​។

    ជំងឺ​កាមរោគ​ទាំង​៤ ដែល​មាន​រោគសញ្ញា​តិចតួច​ ឬ​គ្មាន​រោគសញ្ញា​

    ១. ជំងឺ​ប្រមេះ​ទឹក​បាយ​

    ជំងឺ​នេះ​ ជា​ប្រភេទ​ជំងឺ​កាមរោគ​ទូទៅ​បំផុត​មួយ និង​បង្ក​ឡើង​ដោយ​បាក់តេរី Neisseria gonorrhoeae។ ស្រី​ៗ​យើង​ជា​ច្រើន​កើត​ជំងឺ​នេះ​ ដោយ​ពុំ​មាន​រោគសញ្ញា​ច្បាស់លាស់ ដែល​នេះ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​។ ជាក់ស្ដែង ជំងឺ​​ប្រមេះ​ទឹក​បាយ​ អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​អាង​ត្រគាក ជាលិកា​សម្លាក​ដែល​រាំងស្ទះ​ដៃ​ស្បូន ពិបាក​មាន​ផ្ទៃពោះ និង​ឈឺពោះ​រ៉ាំរ៉ៃ។ ការ​បង្ក​រោគ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​។ អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ផ្សិត​ទ្វារ​មាស ​ឈឺ​​បំពង់​ក ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោម​ញឹកញាប់ ឈឺចាប់​ត្រង់​​ពោះ​ផ្នែក​ខាង​ក្រោម​ គ្រុន​ក្ដៅ ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច  និង​មក​រដូវ​ច្រើន​ជាង​ធម្មតា។

    ២. ​ជំងឺ​ប្រមេះ​ទឹក​ថ្លា

    ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ប្រមេះ​ទឹក​ថ្លា ច្រើន​តែ​កើត​លើ​ក្រុម​មនុស្ស​ដែល​មាន​វ័យ​​ចន្លោះ​ពី​១៥ ទៅ​២៤​ឆ្នាំ និង​អាច​បណ្ដាល​ឲ្យ​មាន​សម្លាក​នៅ​ដៃ​ស្បូន​ អូវែ និង​ស្រទាប់អង់ដូមែ៉ត។ ​ជំងឺ​នេះ ក៏​អាច​​ធ្វើ​ឲ្យ​ដៃ​ស្បូន​មិន​អាច​បង្ក​កំណើត​បាន​ ឬ​មាន​កូន​ក្រៅ​ស្បូន​។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​កាមរោគ​នេះ អាច​ចម្លង​មេរោគ​ដល់​កូន​បាន​​​អំឡុង​ពេល​សម្រាល។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៣. វីរុស​HIV

    ​​​​អ្នក​ដែល​ផ្ទុក​វីរុស​HIV អាច​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​​គ្រុន​ផ្ដាសាយ​ដូច្នោះ​ដែរ ហើយ​ប្រសិនបើ​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​ទេ​នោះ អ្នក​ផ្ទុកវីរុស​នេះ​នឹង​អាច​​ធ្លាក់​ខ្លួន​ជា​ជំងឺ​អេដស៍​បាន។

    ៤. ជំងឺ​រើម​

    ជំងឺ​រើម​ ​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ ប៉ុន្តែ​ឱកាស​ឆ្លង​នៃ​ជំងឺ​នេះ នៅ​មាន​កម្រិត​ទាប។ អ្នក​ជំងឺ​រើម​​ អាច​មិន​បង្ហាញ​រោគសញ្ញា ឬ​មាន​រោគសញ្ញា​តិចតួច។ អាការៈ​មួយ​ចំនួន​​ដូចជា​ ដំបៅ​តូច​ និង​ឈឺចាប់​ នោម​ឈឺ ការ​ធ្លាក់​ទឹក​រម្អិល​តាម​ទ្វារ​មាស​ សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ ក្រោយ​ឆ្លង​ជំងឺ​កាមរោគ​មួយ​នេះ។

    ជំងឺកាមរោគ

    យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​រោគ​សញ្ញា​ណាមួយ​ ដូចជា​ធ្លាក់​ទឹក​រម្អិល​មិន​ធម្មតា នោម​ញឹកញាប់ និង​មាន​ក្លិន​មិន​ល្អ ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ ឈឺចាប់​អំឡុង​ពេល​រួម​ភេទ នោម​ឈឺ ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ រមាស់​ ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ និង​ពក​ ឬ​ដំបៅ​នៅ​បរិវេណ​តំបន់​ពិសេស ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​​ជំងឺ​កាមរោគ​ណា​មួយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម