ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ឬហៅថា Pre-Exposure Prophylaxis (ថ្នាំប្រឹព ឬ PrEP) ដែលជាប្រភេទថ្នាំចាក់ នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ប៉ុន្តែ ទោះបីជាយ៉ាងណា លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់បន្ថែមថា ថ្នាំដែលនឹងត្រូវនាំចូលនេះមិនមែនជាថ្នាំបង្ការ ឬវ៉ាក់សាំងការពារមេរោគអេដស៍ ឡើយ ព្រោះនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ។
លោកវេជ្ជបណ្ឌិតបានប្រាប់ Hello គ្រូពេទ្យនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា៖ «យើងនឹងនាំចូលថ្នាំ Pre-Exposure Prophylaxis ឬថ្នាំប្រឹព ដែលជាប្រភេទថ្នាំចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែមករា ឆ្នាំ២០២៥ ក្រោយពីយើងបានដាក់ឱ្យប្រើប្រាស់ថ្នាំប្រឹព ដូចគ្នានេះ ជាប្រភេទគ្រាប់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ»។
ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍មួយនេះ មានឈ្មោះថា Cabotegravir ដែលត្រូវចាក់រៀងរាល់២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម។ ប៉ុន្តែ Cabotegravir នឹងត្រូវចាក់ជូនសម្រាប់តែក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់ថា៖ «ការដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍នេះ នឹងធ្វើឡើងនៅត្រីមាសទី១ នៃឆ្នាំ២០២៥ ហើយថ្នាំនេះមិនមែនសម្រាប់មនុស្សទូទៅឡើយ ប៉ុន្តែ សម្រាប់ក្រុមគន្លឹះដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ប៉ុណ្ណោះ។ យើងនាំចូលសម្រាប់ចាក់តែមនុស្សជាង៣ពាន់នាក់ប៉ុណ្ណោះ»។
លោកបានប្រាប់បន្តថា៖ «ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ យើងរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៅប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត និងជាការបន្ថែមជម្រើសមួយទៀតលើវិធីការពារការឆ្លងជំងឺអេដស៍ ក្រៅពីការប្រើថ្នាំប្រឹព និងប៉ិប (PEP) ប្រភេទគ្រាប់ និងស្រោមអនាម័យ»។
[embed-health-tool-due-date]
ការអនុវត្តចាក់ថ្នាំបង្ការ Cabotegravir នឹងចាប់ផ្តើមដំណើរការតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ នៅក្នុងដំណាក់កាលដំបូងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
ទោះបីជាយ៉ាងណា មុននឹងផ្តល់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍នេះ ទាំងថ្នាំចាក់ និងថ្នាំលេប អ្នកដែលមកទទួលសេវាត្រូវតែតេស្ត និងបញ្ជាក់ថា មិនមានផ្ទុកមេរោគអេដស៍ជាមុនសិន ហើយបើមានផ្ទុកមេរោគអេដស៍ អ្នកជំងឺត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ព្រោះការទទួលការព្យាបាលទាន់ពេលវេលានាំឱ្យអ្នកជំងឺកាត់បន្ថយមេរោគអេដស៍ក្នុងឈាមឱ្យនៅទាបបំផុត និងមិនអាចចម្លងទៅអ្នកផ្សេងបាន។
សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមប្រើប្រាស់ថ្នាំប្រឹពប្រភេទគ្រាប់ តាំងពីឆ្នាំ២០១៩មកម្ល៉េះ ដើម្បីបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយត្រូវលេប១ថ្ងៃ ១គ្រាប់រៀងរាល់ថ្ងៃជាប្រចាំ។
ដោយឡែក ថ្នាំប៉ិប (Post-Exposure Prophylaxis) ជាថ្នាំបង្ការការឆ្លងមេរោគអេដស៍បន្ទាប់ពីការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍។ ឱសថនេះ ប្រើសម្រាប់ប្រឆាំងនឹងការឆ្លងមេរោគអេដស៍ ដែលត្រូវប្រើភ្លាមៗមិនឱ្យហួសពី៧២ម៉ោងបន្ទាប់ពីមានការប្រឈមមុខ នឹងការចម្លងមេរោគអេដស៍៕
ចំណុចសំខាន់
ប្រភេទថ្នាំចាក់នេះ មានឈ្មោះថា Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់។
ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ គេរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៃប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត។ សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- មានរោគសញ្ញាទាំង ១០ នេះ កុំអែរអង់ឆាប់ទៅរកគ្រូពេទ្យភ្លាម!