វ័យកាន់តែចាស់ រឿងលើគ្រែមិនអាចនៅខ្លាំងដូចកាលយើងនៅវ័យខ្ទង់២០ឆ្នាំនោះទេ ប៉ុន្តែយើងនៅតែអាចធ្វើឲ្យជីវិតលើគ្រែនេះមានក្ដីសុខបានដដែលបើយើងដឹងតិចនិកមួយចំនួននោះ។ រឿងលើគ្រែមិនមែនសម្រាប់តែក្មេងៗទេ អ្នកខ្លះអាចបន្តរួមភេទបានដល់អាយុ៨០ឆ្នាំ ឬលើសនេះក៏មានដែរ។
១. តើវ័យកាន់តែចាស់ ប្រុសៗប្រែប្រួលបែបណារឿងលើគ្រែ?
ប្រុសៗយើងវ័យកាន់តែច្រើន ការធ្លាក់ចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងការប្រែប្រួលលើសមត្ថភាពផ្លូវភេទជារឿងធម្មតា។ ការប្រែប្រួលនេះរួមមាន៖
- ត្រូវការពេលច្រើនជាងមុនដើម្បីឲ្យលិង្គឡើងរឹង និងដល់ចំណុចកំពូល
- រយៈពេលដល់ចំណុចកំពូលខ្លីជាងមុន
- កម្លាំងបាញ់ទឹកកាមខ្សោយជាងមុន និងមានទឹកកាមតិចជាងមុន
- ត្រូវការពេលយូរជាងមុន ដើម្បីឲ្យលិង្គឡើងរឹងជាថ្មី ក្រោយបញ្ចេញទឹកកាមម្ដងហើយ។
បើយើងស្ថិតក្នុងវ័យចំណាស់ យើងអាចមានអារម្មណ៍ថប់បារម្ភចំពោះការប្រែប្រួលនេះ ប៉ុន្តែត្រូវចាំថាការប្រែប្រួលនេះមិនអាចបញ្ឈប់យើងពីការទទួលបានក្ដីសុខរឿងលើគ្រែនេះទេ។ យើងត្រូវសម្របខ្លួនទៅតាមការប្រែប្រួលនេះ និងរក្សាសុខភាពរាងកាយឲ្យនៅរឹងមាំល្អ។ យើងក៏អាចប្ដូរពេលវេលារួមភេទ ទៅតាមពេលណាដែលយើងគិតថាមានកម្លាំង និងលិង្គរបស់យើងក៏ឡើងរឹងដែរ ហើយក៏ត្រូវបង្កើនភាពស្និទ្ធស្នាលឲ្យបានច្រើន ដើម្បីនាំឲ្យមានអារម្មណ៍ពុះកញ្ជ្រោលដែរ។
២. តិចនិកខ្លះៗជួយប្រុសៗវ័យចំណាស់រឿងលើគ្រែ
ពិតណាស់ថាពេលយើងចាស់ទៅសកម្មភាពលើគ្រែ មិនថាយើង ឬដៃគូទេអាចប្រែប្រួលខុសកាលយើងនៅក្មេង។ ខាងក្រោមនេះជាតិចនិកមួយចំនួនគ្នាយើងប្រុសៗកុំមើលរំលង។
- ជជែកជាមួយដៃគូ៖ ពិតណាស់ថាវាជាការពិបាកមួយពេលលើកនិយាយពីរឿងសិច តែថាការនិយាយដោយចំហជាមួយដៃគូពីតម្រូវការ និងកង្វល់ផ្សេងៗទាក់ទងនឹងរឿងលើគ្រែ នឹងធ្វើឲ្យយើងនិងដៃគូអាចទទួលបានការពិត និងបន្តរីករាយជាមួយរឿងលើគ្រែនេះបាន។
- និយមន័យសិច៖ការរួមភេទតែមួយមុខមិនមែនមានន័យថាអាចបំពេញជីវិតលើគ្រែយើងនោះទេ។ ការឱប ថើម បបោសអង្អែល សុទ្ធតែអាចជួយឲ្យយើង និងដៃគូមានអារម្មណ៍ល្អទាក់ទងនឹងរឿងលើគ្រែនេះដែរ។ ដោយសារតែយើង និងដៃគូមានវ័យកាន់តែចាស់ សមត្ថភាព និងតម្រូវការសិចក៏ខុសពីមុនដែរ។ ដូចនេះមានតែរកវិធីផ្សេងដែលយើងគិតថាសមនឹងខ្លួនឯងទេ ទើបធ្វើឲ្យយើងមានក្ដីសុខ និងមានអារម្មណ៍ស្រើបស្រាលនឹងរឿងលើគ្រែនេះបាន។
- ផ្លាស់ប្ដូរពេលរួមភេទ៖ ពេលវេលារួមភេទ យើងអាចផ្លាស់ប្ដូរបាន សំខាន់ពេលណាយើងមានថាមពលគ្រប់គ្រាន់ក្នុងការរួមភេទ។ យើងអាចប្ដូរពីការរួមភេទពេលយប់ មករូមភេទពេលព្រឹក បន្ទាប់ពីយើងបានគេងស្កប់ស្កល់។ ដូចគ្នាដែរ វ័យកាន់តែចាស់ យើងក៏ត្រូវការពេលយូរដើម្បីបានភាពត្រេកត្រអាល ដូចនេះកុំភ្លេចអនុវត្តសកម្មភាពរ៉ូមែនតិកផ្សេងៗ។
- ទៅជួបពេទ្យ៖ គ្រូពេទ្យអាចជួយយើងឲ្យគ្រប់គ្រងជំងឺរ៉ាំរ៉ៃ ឬផលរំខានរបស់ថ្នាំមកលើសកម្មភាពលើគ្រែរបស់យើងបាន។ បើយើងមានបញ្ហាលិង្គមិនឡើងរឹង យើងអាចពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាល។
- ថែទាំសុខភាព៖ ហាត់ប្រាណជាប្រចាំ ញ៉ាំអាហារល្អៗចំពោះសុខភាព ចៀសវាងជក់បារី និងបន្ថយការផឹកគ្រឿងស្រវឹង។
[embed-health-tool-bmi]