ពិតណាស់ រាងកាយស្រីៗយើងប្រឈមនឹងការប្រែប្រួលជាច្រើន រួមទាំងពណ៌សក់ ស្បែក ក៏ដូចជាវដ្ដរដូវផងដែរ។ ការបញ្ចេញឈាម និងជាលិកាពីក្នុងស្បូន ត្រូវបានកំណត់ដោយអ័រម៉ូន ហើយកម្រិតអ័រម៉ូនក្នុងរាងកាយទាំងនោះ មានការប្រែប្រួលទៅតាមវ័យរបស់យើង។ ដូច្នេះហើយ ការមករដូវក៏មានការប្រែប្រួលដូចគ្នា។
វដ្ដរដូវធម្មតាមានលក្ខណៈយ៉ាងម៉េចខ្លះ?
- វដ្ដរដូវមានរយៈពេលពី២៤ ទៅ៣៥ថ្ងៃ
- ការធ្លាក់ឈាមប្រចាំខែមានចន្លោះពី៤ ទៅ៨ថ្ងៃ
- បរិមាណឈាមរដូវមិនលើស៨០មិល្លីលីត្ររ ប៉ុន្តែបើយើងត្រូវផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់មួយម៉ោងម្ដង ក្នុងរយៈពេលពីរម៉ោងជាប់គ្នា នេះអាចជាកត្តាដែលគួរឲ្យបារម្ភ។
វដ្ដរដូវក្មេងស្រីជំទង់
ជាទូទៅ ក្មេងស្រីជំទង់ចាប់ផ្ដើមមានរដូវនៅអាយុ១២ឆ្នាំ ប៉ុន្តែការមករដូវមិនទៀងទាត់ឡើយ នៅអំឡុងពេលនេះ។ ជាក់ស្ដែង ក្មេងស្រីជំទង់ត្រូវរង់ចាំរហូតដល់៣ឆ្នាំ ដើម្បីឲ្យវដ្ដរដូវមកទៀងទាត់វិញ។
វដ្ដរដូវនៅវ័យ២០ឆ្នាំ
ការប្រើថ្នាំពន្យារកំណើតម្ដងម្កាល ឬផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការពន្យារកំណើត អាចធ្វើឲ្យមានការប្រែប្រួលលំហូរ ឬរយៈពេលនៃការមករដូវ។ យ៉ាងណាមិញ ការបាត់រដូវក្នុងវ័យនេះ អាចជាសញ្ញានៃការមានផ្ទៃពោះ ឬក៏បណ្ដាលមកពីបញ្ហាស្រ្តេស។ ក្នុងករណីខ្លះ ការបាត់រដូវក៏អាចបង្កឡើងដោយការហាត់ប្រាណលើសកម្រិត ឬវិបត្តិនៃការញ៉ាំអាហារ ផងដែរ។
វដ្ដរដូវនៅវ័យ៣០ឆ្នាំ
មិនថាយើងអាយុប៉ុន្មានឡើយ បើស្រីៗយើងធ្លាប់មានកូន នោះរដូវអាចប្រែប្រួលបន្ទាប់ពីមានផ្ទៃពោះ។ គ្នាយើងខ្លះអាចប្រឈមនឹងការមករដូវច្រើនជ្រុល មានរយៈពេលយូរ ឬឈឺចាប់ នៅក្រោយពេលសម្រាលកូនរួច។ ទន្ទឹមនឹងនេះដែរ ស្រីៗជាច្រើនមិនមករដូវ នៅអំឡុងពេលបំបៅដោះកូនឡើយ។ នៅពេលដែលចូលដល់វ័យជិត៤០ឆ្នាំ គ្នាយើងអាចមករដូវមិនសូវញឹកញាប់ ឬតិចជាងធម្មតា។
វដ្ដរដូវក្រោយវ័យ៤០ឆ្នាំ
ក្នុងវ័យ៤០ឆ្នាំ ការផលិតអ័រម៉ូនEstrogenនឹងមានការថយចុះ ដែលធ្វើឲ្យយើងមករដូវតិចជាងមុន និងមានរយៈពេលខ្លីជាងមុន។ ការអស់រដូវកើតឡើងនៅពេលដែលរដូវរាំងរយៈពេល១២ខែជាប់ៗគ្នា។ ស្ត្រីភាគច្រើនអាចនឹងអស់រដូវនៅវ័យជិត ៥០ឆ្នាំ ឬចាប់ពី៥០ឆ្នាំឡើងទៅ។
អានបន្ថែម៖
- ពេលរួមភេទ ស្រីៗអាចនឹងឆ្លងកាត់បួនដំណាក់កាលនេះ
- ការរួមភេទផ្ដល់គុណប្រយោជន៍ ៥យ៉ាង ដល់ស្រីៗ
- ទ្វារមាសមិនមានទឹករម្អិលពេលរួមភេទ មកពីមូលហេតុទាំងនេះ
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
[embed-health-tool-ovulation]