អាការៈចង់ក្អួតអំឡុងពេលមករដូវ អាចធ្វើឲ្យស្រីៗយើងមួយចំនួនមានការព្រួយបារម្ភខ្លាចថា នេះអាចបណ្ដាលមកពីបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែផ្ទុយទៅវិញ អាការៈបែបនេះ គឺកើតឡើងជាទូទៅចំពោះស្ត្រីភាគច្រើន និងមិនបង្កគ្រោះថ្នាក់ណាមួយឡើយ។
មូលហេតុអ័រម៉ូន
ពិតណាស់ ស្រីៗភាគច្រើនដែលប្រឈមនឹងអាការៈចង់ក្អួត អំឡុងពេល ឬមុនពេលមករដូវ គឺជារោគសញ្ញាទូទៅមុនពេលមករដូវ (PMS)។ អ័រម៉ូនមួយប្រភេទដែលមានឈ្មោះថាProstaglandin ចរាចរជុំវិញរាងកាយអំឡុងពេលមករដូវ ដោយបង្កឲ្យមានអាការៈដូចជាចង់ក្អួត ឬក្អួត រាករូស និងឈឺក្បាលជាដើម។ ជាធម្មតា រោគសញ្ញាមុនពេលមករដូវ អាចចាប់ផ្ដើមនៅរយៈពេល១ ឬ២សប្ដាហ៍មុនពេលមករដូវ ដោយមានអាការៈដូចជាឈឺសុដន់ ទល់លាមក ឈឺខ្នង ឈឺក្បាល និងហើមពោះ។ លើសពីនេះ ស្រីៗយើងក៏អាចមានអារម្មណ៍អន្ទះអន្ទែង ប្រែប្រួលអារម្មណ៍ ឬចង់យំដោយគ្មានមូលហេតុ ក៏ដូចជាគេងមិនលក់។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចុកពោះខ្លាំងក៏អាចបង្កជាអាការៈចង់ក្អួតដូចគ្នា
ក្នុងករណីដែលយើងឈឺចាប់ពេលមករដូវខ្លាំង ដូចជាឈឺខ្នង ពោះ ជើង ត្រគាក និងឆ្អឹងអាងត្រគាក ទាំងនេះក៏អាចបណ្ដាលយើងមានអារម្មណ៍ចង់ក្អួតផងដែរ។
មូលហេតុធ្ងន់ធ្ងរនាំឲ្យចង់ក្អួតអំឡុងពេលមករដូវ
ជាទូទៅ រោគសញ្ញាមុនមករដូវមិនបង្កជាគ្រោះថ្នាក់ឡើយ។ ប៉ុន្តែ មានមូលហេតុធ្ងន់ធ្ងរចំនួន២ ដែលនាំឲ្យយើងមានអាការៈចង់ក្អួតអំឡុងពេលមករដូវ នោះគឺ ជំងឺEndometriosis និងជំងឺរលាកអាងត្រគាក (PID)។
ជំងឺEndometriosis អាចធ្វើឲ្យជាលិកានៅក្នុងស្បូនរបើក និងបង្កឲ្យរដូវប្រចាំខែលូតលាស់នៅខាងក្រៅស្បូនជំនួសវិញ។ ជួនកាល ជាលិកានោះលូតលាស់នៅជិតពោះវៀន និងបណ្ដាលឲ្យយើងចង់ក្អួត ព្រមទាំងល្ហិតល្ហៃ រាករូស ទល់លាមក ហើមពោះ និងធ្លាក់ឈាមច្រើនអំឡុងពេលមករដូវ។ ស្ត្រីមួយចំនួនដែលកើតជំងឺនេះ ក៏អាចមានអារម្មណ៍ឈឺចាប់នៅពេលរួមភេទ នោម ឬបន្ទោបង់ថែមទៀតផង។
ចំណែកឯជំងឺរលាកអាងត្រគាក (PID) ជាមូលហេតុធ្ងន់ធ្ងរមួយទៀត ដែលបង្កឲ្យមានអាការៈចង់ក្អួត។ ស្រីៗភាគច្រើនឆ្លងជំងឺនេះ នៅពេលដែលបាក់តេរីផ្លាស់ទីពីទ្វារមាសទៅកាន់ស្បូន អូវែ និងដៃស្បូន។ អ្នកកើតជំងឺនេះ អាចមានរោគសញ្ញាផ្សេងៗ រួមមាន ចុកពោះ ឈឺចាប់ពេលរួមភេទ នោមឈឺ និងឈឺអាងត្រគាក។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង យើងអាចមានអាការៈគ្រុនញាក់ថែមទៀតផង។ ជំងឺរលាកអាងត្រគាក (PID) កើតឡើងដោយសារតែការឆ្លងបាក់តេរីដែលបង្កឡើងពីជំងឺកាមរោគ ឬអាចវិវត្តអំឡុងពេលសម្រាលកូន។
ប្រសិនបើយើងមានអារម្មណ៍ចង់ក្អួត អំឡុងពេលមករដូវ យើងគួរតែដើរលំហែនៅជិតៗផ្ទះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬស្អំទឹកកក។ មួយវិញទៀត យើងចាំបាច់ត្រូវញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារល្អៗ ទើបជាការប្រសើរ។
ចំណុចសំខាន់
ជាទូទៅ រោគសញ្ញាមុនមករដូវមិនបង្កជាគ្រោះថ្នាក់ឡើយ។ ប៉ុន្តែ មានមូលហេតុធ្ងន់ធ្ងរចំនួន២ ដែលនាំឲ្យយើងមានអាការៈចង់ក្អួតអំឡុងពេលមករដូវ នោះគឺ ជំងឺEndometriosis និងជំងឺរលាកអាងត្រគាក (PID)។ ជំងឺEndometriosis អាចធ្វើឲ្យជាលិកានៅក្នុងស្បូនរបើក និងបង្កឲ្យរដូវប្រចាំខែលូតលាស់នៅខាងក្រៅស្បូនជំនួសវិញ។ ជួនកាល ជាលិកានោះលូតលាស់នៅជិតពោះវៀន និងបណ្ដាលឲ្យយើងចង់ក្អួត ព្រមទាំងល្ហិតល្ហៃ រាករូស ទល់លាមក ហើមពោះ និងធ្លាក់ឈាមច្រើនអំឡុងពេលមករដូវ។ ស្ត្រីមួយចំនួនដែលកើតជំងឺនេះ ក៏អាចមានអារម្មណ៍ឈឺចាប់នៅពេលរួមភេទ នោម ឬបន្ទោបង់ថែមទៀតផង។