ស្រីៗយើងមួយចំនួន អាចមានអាការៈចុកពោះក្រោយពេលមករដូវ ដែលបញ្ហាមួយនេះពុំមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែ ជួនកាល អាការៈចុកពោះខ្លះ ចាំបាច់ត្រូវធ្វើការព្យាបាល ទើបបានធូរស្រាល។ តើការចុកពោះក្រោយមកពេលរដូវបណ្តាលមកពីមូលហេតុអ្វី? ហើយយើងអាចគ្រប់គ្រងស្ថានភាពមួយនេះតាមវិធីណា?
មូលហេតុបង្កនៃការចុកពោះក្រោយពេលមករដូវ
១. ធ្លាក់មេជីវិតញី
មូលហេតុទូទៅមួយនៃការចុកពោះក្រោយពេលមករដូវ អាចបណ្តាលមកពីការធ្លាក់មេជីវិតញី។ អំឡុងពេលនេះ ស្បូនរបស់យើងកន្ត្រាក់ និងបណ្តាលឲ្យមានការឈឺចាប់នៅត្រង់ពោះផ្នែកខាងក្រោម។ ប្រហែលជា៤០%នៃស្រីៗក្នុងវ័យបន្តពូជ អាចប្រឈមនឹងការឈឺចាប់បែបនេះជារៀងរាល់ខែ។
២. ពពោះ
អ័រម៉ូនដែលបញ្ចេញក្នុងអំឡុងពេលពពោះថ្មីថ្មោង អាចបង្កឲ្យមានអាការៈចុកពោះតិចតួចទៅធ្ងន់ធ្ងរ។ មូលហេតុនៃការចុកពោះនេះ ទាក់ទងទៅនឹងការបង្កកំណើត នៅពេលដែលស៊ុតញីភ្ជាប់ទៅនឹងស្បូន។ ក្នុងអំឡុងពេលនេះ យើងក៏អាចសង្កេតឃើញមានធ្លាក់ឈាមពីទ្វារមាសតិចតួចផងដែរ។ យ៉ាងណាមិញ អាការៈចុកពោះខ្លាំង ធ្លាក់ឈាមតិចតួច ឬមានធ្លាក់សារធាតុរាវ និងជាលិកាពីទ្វារមាស ក៏អាចបង្ហាញពីការរលូតកូនដូចគ្នា។
៣. កូនក្រៅស្បូន
ការមានផ្ទៃពោះក្រៅស្បូន កើតឡើងនៅពេលដែលអំប្រ៊ីយ៉ុងកកំណើតនៅខាងក្រៅស្បូន ដែលអាចបណ្តាលឲ្យស្រីៗយើងចុកពោះក្រោយពេលមករដូវ។ ការឈឺចាប់ ធ្លាក់ឈាម និងចង្អោរ អាចជារោគសញ្ញានៃការមានផ្ទៃពោះក្រៅស្បូន។
៤. ជំងឺEndometriosis
ជំងឺEndometriosis ជាស្ថានភាពដែលកោសិកាពាសក្នុងស្បូនលូតលាស់នៅខាងក្រៅស្បូន។ កោសិកាទាំងនេះ អាចផ្សាំនៅលើអូវែ ដៃស្បូននិងសរីរាង្គផ្សេងទៀតដូចជាពោះវៀន និងប្លោកនោម។ ជំងឺមួយនេះ ជាមូលហេតុទូទៅដែលនាំឲ្យគ្នាយើងមានការឈឺចាប់ និងចុកពោះក្រោយពេលមករដូវ ហើយប៉ះពាល់ដល់ស្រីៗដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ៤៤ឆ្នាំច្រើនជាង១១%តាំងពីកំណើតមកម្ល៉េះ។
៥. ដុំគីសអូវែ
ដុំគីសអូវែ ជាថង់ដែលផ្ទុកទៅដោយសារធាតុរាវ ដែលវិវត្តន៍នៅលើ ឬខាងក្នុងអូវែ។ ស្ថានភាពមួយនេះ អាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ជាពិសេសនៅពេលដែលដុំគីសបែក។ ការចុកពោះក្រោយពេលមករដូវ អាចជាសញ្ញានៃដុំគីសអូវែ ហើយភាគច្រើនមិនតម្រូវឲ្យមានការព្យាបាលឡើយ។
[embed-health-tool-ovulation]
៦. ជំងឺរលាកនៅតំបន់អាងត្រគាក
អាការៈចុកពោះក្រោយពេលមករដូវ ក៏អាចបណ្តាលមកពីជំងឺរលាកនៅតំបន់អាងត្រគាក។ ស្ថានភាពនេះ ជាការឆ្លងមេរោគធ្ងន់ធ្ងរដែលអាចធ្វើឲ្យស្រីៗយើងមិនអាចមានកូនបាន ប្រសិនបើមិនធ្វើការព្យាបាលទេនោះ។
គន្លឹះដោះស្រាយបញ្ហាចុកពោះក្រោយពេលមករដូវ
ពិតណាស់ ការព្យាបាលអាការៈចុកពោះ មានភាពខុសៗគ្នាអាស្រ័យលើមូលហេតុបង្ក។ ក្នុងករណីខ្លះ គ្នាយើងអាចត្រូវប្រើប្រាស់ថ្នាំ ការព្យាបាលដោយអ័រម៉ូន ឬវះកាត់ជាដើម។ យ៉ាងណាមិញ យើងអាចកាត់បន្ថយការឈឺចាប់ ដោយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ និងស្អំកំណាត់ក្តៅ ឬទឹកកក។ ជាមួយគ្នានេះដែរ ប្រសិនបើយើងចុកពោះធ្ងន់ធ្ងរ និងមានធ្លាក់ឈាមផងនោះ យើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី