អង់ដូម៉ែត្រគឺជាស្រទាប់នៅក្នុងស្បូន ដែលតែងតែមានការផ្លាស់ប្ដូរទីតាំងនៅពេលមានវដ្ដរដូវ។ ចំណែកឯជំងឺEndometriosis គឺជាជំងឺមួយដែលជាលិការបស់អង់ដូម៉ែត្រមិនធម្មតាដុះក្នុងទីតាំងណាមួយក្រៅពីក្នុងស្រទាប់ស្បូន។ ជាទូទៅ រោគសញ្ញានៃជំងឺEndometriosis អាស្រ័យលើវដ្ដនៃរដូវ ក៏ដូចជាទីតាំងដែលវារីករាយដាល។
ទីតាំងមិនប្រក្រតីនៃអង់ដូម៉ែត្រ
ទីតាំងមិនប្រក្រតីនៃអង់ដូម៉ែត្រមាននៅអាងត្រគាក ទ្វារមាស មាត់ស្បូន ជាលិកាទន់ ស្នាមវះកាត់ សួត តម្រងនោម ថង់ទឹកប្រមាត់ ច្រមុះ ជុំវិញខួរឆ្អឹងខ្នង។
រោគសញ្ញានៃជំងឺEndometriosis
ស្ទើរតែមួយភាគបីនៃស្ត្រីដែលមានជំងឺEdometrriosis មិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។ រោគសញ្ញាចាប់ផ្ដើមលេចឡើងអាស្រ័យទៅលើទីតាំងដែលអង់ដូម៉ែត្រលូតលាស់ ហើយការឈឺចាប់ជាញឹកញាប់ គឺស្ថិតក្នុងតំបន់អាងត្រគាក និងមានការប្រែប្រួលទៅតាមវដ្ដរដូវ។ រោគសញ្ញាសំខាន់ៗមានដូចជា៖

- ឈឺចាប់អំឡុងពេលមករដូវ
- ធ្លាក់ឈាមរដូវច្រើន ឬមិនទៀងទាត់
- ឈឺចាប់នៅតំបន់អាងត្រគាក
- ឈឺពោះផ្នែកខាងក្រោម ឬឈឺខ្នង
- មិនអាចមានកូនបាន
- ឈឺចាប់ ឬមិនស្រួលអំឡុងពេលរួមភេទ
- ឈឺចាប់នៅពេលបន្ទោបង់
- ហើមពោះ ចង្អោរ និងក្អួត
- ឈឺចាប់នៅពេលនោម និង/ឬនោមញឹកញាប់
- ឈឺចាប់អំឡុងពេលហាត់ប្រាណ
- ប្រកាច់ដែលប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរនៃវដ្ដរដូវ។