ពិតណាស់ ការធ្លាក់ទឹករម្អិលទ្វារមាស ជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងសង្កេតឃើញមានការប្រែប្រួលភ្លាមៗ ជាមួយនឹងអាការៈនោមឈឺ នោះអាចជាសញ្ញានៃបញ្ហាសុខភាពមួយចំនួន ដែលគួរតែតាមដានឲ្យបានដិតដល់។
មូលហេតុបង្កនៃការធ្លាក់ទឹករម្អិលទ្វារមាស និងការឈឺពោះអំឡុងពេលនោម
១. ការឆ្លងមេរោគផ្សិត
មូលហេតុទូទៅមួយនៃការធ្លាក់រម្អិលទ្វារមាសមិនប្រក្រតី គឺជាការឆ្លងមេរោគផ្សិត។ ជាក់ស្តែង នៅក្នុងទ្វារមាសយើង មានពពួកបាក់តេរី និងផ្សិត ហើយនៅពេលដែលតុល្យភាពនៃសមាសធាតុទាំង២មានការរំខាន ស្រីៗយើងអាចនឹងឆ្លងមេរោគផ្សិត។ រោគសញ្ញារួមមាន នោមក្រហាយ និងរមាស់ ព្រមជាមួយនឹងការធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី ដែលអាចមានសភាពខាប់ និងមានពណ៌ស។ ប៉ុន្តែ យើងអាចព្យាបាលបញ្ហាមួយនេះបាន ជាមួយនឹងការប្រើថ្នាំផ្សះ ឬថ្នាំប្រឆាំងនឹងមេរោគផ្សិត។
២. អតុល្យភាពបាក់តេរីក្នុងទ្វារមាស
នៅពេលដែលបាក់តេរីលូតលាស់ឆាប់រហ័សពេក ស្រីៗយើងអាចប្រឈមនឹងបញ្ហាអតុល្យភាពបាក់តេរីក្នុងទ្វារមាស។ រោគសញ្ញានៃការបង្ករោគនេះ អាចមានការធ្លាក់ទឹករម្អិលមិនប្រក្រតីនៅទ្វារមាស ដែលអាចមានពណ៌សបែកប្រផេះ ហើយមានក្លិនមិនល្អ។ ការបង្ករោគនេះ ក៏អាចព្យាបាលជាសះស្បើយតាមរយៈការប្រើថ្នាំផ្សះផងដែរ។
៣. ការឆ្លងជំងឺកាមរោគ
ជំងឺកាមរោគមានច្រើនប្រភេទណាស់ ដូចជាជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ដែលអាចនាំឲ្យមានការធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី និងឈឺពោះនៅពេលនោម។ ក្នុងករណីដែលយើងសង្ស័យថាបានឆ្លងជំងឺកាមរោគ គួរទៅពិនិត្យសុខភាព ក៏ដូចជាទទួលយកការព្យាបាលឲ្យបានឆាប់រហ័ស ទើបជាការប្រសើរ។
[embed-health-tool-due-date]
៤. ការបង្ករោគលើផ្លូវទឹកនោម
ការបង្ករោគលើផ្លូវទឹកនោម គឺជាមូលហេតុចម្បងនៃការចុកពោះ អំឡុងពេលនោម។ បញ្ហាមួយនេះ កើតឡើងដោយសារមូលហេតុជាច្រើន ដូចជាការរួមភេទដោយមិនបានការពារ កង្វះអនាម័យ និងបញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែមជាដើម។
៥. ជំងឺមហារីកមាត់ស្បូន
ជំងឺមហារីកមាត់ស្បូន តែងមានរោគសញ្ញាមួយចំនួន ដូចជាធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី និងឈឺពោះអំឡុងពេលនោម ព្រមទាំងឈឺអាងត្រគាកថែមទៀតផង។ ប្រសិនបើយើងរកឃើញជំងឺមហារីកមួយប្រភេទនេះនៅដំណាក់កាលដំបូង នោះយើងអាចទទួលការព្យាបាលបានទាន់ពេលវេលា និងបញ្ចៀសផលវិបាកបានកាន់តែច្រើន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី