បញ្ហារលាកទ្វារមាសដែលបង្កឡើងដោយបាក់តេរីច្រើនជ្រុល កើតឡើងនៅពេលដែលតុល្យភាពបាក់តេរីមានការរំខាន ដោយបាក់តេរីអាក្រក់មានច្រើនជាងបាក់តេរីល្អ។ ការឆ្លងមេរោគទ្វារមាសនេះ កើតឡើងជាទូទៅលើស្ត្រីយើងប្រហែលជា៣៥% ដែលមានអាយុចន្លោះពី១៥ឆ្នាំ ដល់៤៤ឆ្នាំ។ ប្រសិនបើយើងមានបាក់តេរីអាក្រក់នៅទ្វារមាសអំឡុងពេលពពោះ នោះអាចបណ្តាលឲ្យកូនកើតមិនគ្រប់ខែ។ យ៉ាងណាមិញ បញ្ហារោគស្ត្រីមួយនេះ អាចធ្វើការព្យាបាលបានដោយប្រើថ្នាំផ្សះដែលចេញដោយគ្រូពេទ្យជំនាញ និងជួនកាល អាចបាត់ទៅវិញដោយខ្លួនឯង។
រោគសញ្ញានៃបាក់តេរីច្រើនជ្រុលនៅទ្វារមាស ស្រដៀងទៅនឹងការឆ្លងមេរោគទ្វារមាសផ្សេងទៀតផងដែរ ដូច្នេះហើយគ្នាយើងគួរទៅពិនិត្យឲ្យបានច្បាស់លាស់ជាមួយគ្រូពេទ្យជំនាញ។

ម៉េចបានស្រ្តីពពោះងាយប្រឈមបញ្ហាបាក់តេរីច្រើនជ្រុលនៅទ្វារមាស?
អំឡុងពេលពពោះ អ័រម៉ូនរបស់យើងមានការប្រែប្រួលដែលអាចបណ្តាលឲ្យស្ត្រីពពោះងាយនឹងប្រឈមបញ្ហាបាក់តេរីច្រើនជ្រុលនៅទ្វារមាស។ ក្នុងករណីដែលម៉ាក់ៗប្រឈមនឹងបញ្ហានេះ អំឡុងពេលពពោះ គួរទទួលការព្យាបាលភ្លាមៗ ពីព្រោះបញ្ហានេះ អាចនាំឲ្យកូនសម្រាលមិនគ្រប់ខែ ឬសម្រាលមិនគ្រប់គីឡូ។ ជាទូទៅ ការឆ្លងមេរោគនេះ អាចជាសះស្បើយទាំងស្រុងនៅពេលដែលយើងញ៉ាំថ្នាំផ្សះបានត្រឹមត្រូវតាមវេជ្ជបញ្ជា។