ការរមាស់ស្បែកក្បាលមិនត្រឹមតែធ្វើឱ្យយើងពិបាកទ្រាំ រំខានដល់ការងារ ឬជីវភាពរស់នៅប្រចាំថ្ងៃទេ ថែមទាំងអាចធ្វើឱ្យយើងខ្មាសគេទៀតផង។ ហេតុអ្វីបានជាយើងរមាស់ស្បែកក្បាល? ហើយគួរដោះស្រាយបែបណា?
ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងវិធីដោះស្រាយ៖
១. ប្រតិកម្មនឹងផលិតផលថែសក់
ស្បែកក្បាលយើងមានសភាពស្តើងជាងស្បែកនៅកន្លែងផ្សេងៗទៀតនៃរាងកាយ។ ថ្នាំលាបសក់ សាប៊ូកក់សក់ ក្រែមបន្ទន់ និងផលិតផលថែសក់មួយចំនួនអាចមានផ្ទុកសារធាតុគីមី ក្លិនក្រអូបសិប្បនិម្មិត ឬជាតិកាត់ខ្លាំងដែលធ្វើឱ្យស្បែកក្បាលយើងប្រតិកម្ម ហើយបង្កទៅជារលាក និងរមាស់។
យើងគួរសាកល្បងឈប់ប្រើផលិតផលថែសក់ដែលយើងសង្ស័យថា បង្កឱ្យស្បែកក្បាលមានប្រតិកម្មមួយអាទិត្យ ឬមួយរយៈពេលសិនដើម្បីមើលថាអាការៈរមាស់ស្បែកក្បាលយើងមានធូរស្បើយឬទេ?
២. រលាកឫសសក់
ឫសសក់យើងអាចរលាកដោយសារឆ្លងបាក់តេរី ហើយអាចរាលដាលទៅឫសសក់ផ្សេងទៀតដែលបណ្តាលឱ្យឡើងដុំពកពណ៌ក្រហមដូចមុនលើស្បែកក្បាល និងធ្វើឱ្យយើងរមាស់ និងឈឺ។
ការរលាកឫសសក់ស្រាលអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃដោយខ្លួនឯង តែបើក្នុងករណីធ្ងន់ធ្ងរគ្រូពេទ្យសើស្បែកអាចចេញវេជ្ជបញ្ជាថ្នាំផ្សះឱ្យយើង។
៣. មានអង្គែ
អង្គែធ្វើឱ្យស្បែកក្បាលមាស់ និងរបកស្បែកជ្រុះលើសក់ ឬអាវ ប្រសិនបើយើងអេះក្បាល។ ដូច្នេះបើយើងសង្ស័យថា រមាស់ស្បែកក្បាលដោយអង្គែ គួររកមើលបន្ទះពណ៌សតូចៗនៅលើសក់ ឬអាវ។
ភាគច្រើន យើងអាចព្យាបាលអង្គែដោយប្រើសាប៊ូកក់សក់សម្រាប់ព្យាបាលអង្គែ តែត្រូវអនុវត្តតាមការណែនាំរបស់ផលិតផលដោយប្រុងប្រយ័ត្ន។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤. ខានកក់សក់យូរ
នៅពេលយើងមិនបានកក់សក់ញឹកញាប់ សក់ ស្បែកក្បាល និងឫសសក់នឹងឡើងប្រេង ឬក្អែលដែលបណ្តាលឱ្យមាស់។ បើមានបញ្ហាដូច្នេះ យើងគួរកក់សក់មួយថ្ងៃរំលងមួយថ្ងៃ។
៥. បែកញើសច្រើន
លើសពីនេះទៅទៀត ស្បែកក្បាលអាចរមាស់ដោយសារការបែកញើសច្រើន ព្រោះញើសផ្សំឡើងពីទឹក ជាតិខ្លាញ់ និងអំបិល។ នៅពេលញើសស្ងួត សារធាតុទាំងនេះនឹងជាប់នៅលើស្បែកក្បាលយើងដែលធ្វើឱ្យរមាស់។ ដូច្នេះបន្ទាប់ពីបែកញើសច្រើន យើងគួរកក់សក់។
[embed-health-tool-heart-rate]
៦. កើតស្រែង
ស្បែកក្បាលយើងអាចកើតស្រែងដោយសារឆ្លងមេរោគផ្សិតដែលបណ្តាលឱ្យរមាស់ និងឡើងកន្ទួលក្រហមរាងដូចរង្វង់។ បើយើងមានអាការៈបែបនេះ អាចលាបថ្នាំព្យាបាលស្រែង។
៧. កើតចៃ
ចៃអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបើសិនយើងគេងនៅជិតគ្នា ឬប្រើកន្សែងជូតសក់ ក្រាស់ ឬខ្នើយរួមគ្នា។ ចៃពងនៅគល់សក់ ហើយកើនចំនួនយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ចៃខំាស្បែកក្បាលយើងដើម្បីបឺតឈាមដែលជាហេតុធ្វើឱ្យរមាស់ស្បែកក្បាល។
បើសង្ស័យថាមានចៃ យើងអាចពឹងឱ្យអ្នកផ្ទះជួយរកមើលថា មានពងចៃនៅលើសក់ឬទេ? បើឃើញយើងអាចប្រើសាប៊ូកម្ចាត់ចៃ ប្រើស្និតសិតចៃ និងពឹងឱ្យអ្នកផ្ទះជួយបូតពងចៃដើម្បីឱ្យឆាប់អស់។
បើយើងរមាស់ស្បែកក្បាល គួរពឹងឱ្យអ្នកផ្ទះជួយមើលស្បែកក្បាល ទើបដឹងថាមកពីមូលហេតុអ្វីឱ្យប្រាកដ។ ហើយបើយើងរមាស់ស្បែកក្បាលលើសពី ២សប្តាហ៍ឡើង រួមទាំងមានអាការៈដូចជា មានដុំពក ឬឈឺចាប់ជាដើម យើងគួរទៅជួបគ្រូពេទ្យសើស្បែក។
អត្ថបទគួរអាន៖
- អាហារ ៧មុខ ជួយស្បែក សក់ និងក្រចកឲ្យមានសុខភាពល្អ
- តិចនិកថែទាំសក់មុនចូលគេង ស្រីៗយើងគួរដឹង
- ប្រុសៗឧស្សាហ៍ជ្រុះសក់ អាចសាកដោះស្រាយតាមតិចនិកនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ
- រូបមន្តធម្មជាតិល្អបំផុត ដោះស្រាយបញ្ហាស្បែកក្បាលឡើងប្រេង
ចំណុចសំខាន់
- អង្គែ៖ ប្រើសាប៊ូកក់សក់សម្រាប់ព្យាបាលអង្គែ
- រលាកឫសសក់៖ អាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃដោយខ្លួនឯង តែបើធ្ងន់ធ្ងរគ្រូពេទ្យសើស្បែកអាចចេញថ្នាំផ្សះឱ្យយើងប្រើ
- ខានកក់សក់យូរ៖ កក់សក់មួយថ្ងៃរំលងមួយថ្ងៃ
- បែកញើសច្រើន៖ កក់សក់បន្ទាប់ពីបែកញើសច្រើន
- កើតស្រែង៖ យើងអាចលាបថ្នាំព្យាបាលស្រែង
- កើតចៃ៖ ប្រើសាប៊ូកម្ចាត់ចៃ ប្រើស្និតសិតចៃ និងពឹងឱ្យអ្នកផ្ទះជួយបូតពងចៃដើម្បីឱ្យឆាប់អស់