backup og meta

ចង់ឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗយើងមិនគួររំលងវីតាមីន ៥ ប្រភេទនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 26, 2023

    ចង់ឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗយើងមិនគួររំលងវីតាមីន ៥ ប្រភេទនេះ

    សុខភាពស្បែកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារដែលយើងញុំា ព្រោះអាចជួយឱ្យ​ស្បែកយើង​ស្រស់ស្អាតចេញពីខាងក្នុងពេញទាំងរាងកាយ។ ក្នុងនោះមានរបបអាហារ​មួយចំនួន​សម្បូរទៅដោយវីតាមីនដែលជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត។ តើវីតាមីន​អ្វី​ខ្លះ​ដែលល្អចំពោះស្បែក ហើយសម្បូរនៅក្នុងអាហារណាខ្លះ?

    ពពួកវីតាមីនដែលជួយឱ្យស្បែកយើងស្រស់ស្អាតរួមមាន៖

    ១. វីតាមីន D

    វីតាមីន D មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងការរលាកដែលអាចជួយកាត់បន្ថយ​ស្បែក​ពី​ការរលាក ឡើង​ក្រហម និងកើតមុន។ មួយវិញទៀត វីតាមីន D ក៏ជួយការពារស្បែកពីភាពចាស់​ដែរ។ តាមការសិក្សាបានឱ្យដឹងថា អ្នកមានកម្រិតវីតាមីន D ខ្ពស់នៅក្នុងខ្លួន ក្មេងជាងអ្នក​​មានកម្រិតវីតាមីន D ទាបក្នុងខ្លួនដល់​ទៅប្រាំឆ្នាំ។ អាហារ​សម្បូរ​វីតាមីន D រួមមាន​ត្រី​សាល់ម៉ុន ធូណា ផ្សិត ស៊ុត។ល។

    ២. វីតាមីន C

    វីតាមីន C ជួយឱ្យស្បែកយើងភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ ការឡើងក្រហម​របស់ស្បែក​ដោយ​សារ​ការរលាក និងការខ្មៅរង្វង់ក្រោមភ្នែកជាដើម។ លើសពីនេះទៅទៀត វីតាមីន C ក៏ជំរុញការ​ផលិត​ខូឡាជែន​ដែលជួយស្បែកប្រឆាំង​នឹងភាពចាស់ កាត់បន្ថយភាពយារធ្លាក់ និងស្នាមជ្រីវជ្រួញ។ វីតាមីន C សម្បូរនៅក្នុងអាហារដូចជា ផ្លែឈើអម្បូរក្រូច គីវី ស្ត្របឺរី ម្ទេស ម្ទេសហាវៃ ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី។ល។

    ៣. វីតាមីន A

    វីតាមីន A ជួយ​ដល់​ការ​ផលិត​កោសិកា​ស្បែក​ថ្មីដែលជួយឱ្យស្បែកស្រស់ថ្លា និងមានផ្ទុកសារធាតុ Retinoids ដែលជាសមាសធាតុប្រឆាំងនឹងការខូចស្បែកដោយសារត្រូវពន្លឺព្រះអាទិត្យដូចជា ការ​ឡើងស្នាមអុជ អាចម៍រុយ ឬជាំជាដើម ជួយឱ្យមុខរបួសឆាប់ជា និងជំរុញការផលិតខូឡាជែន។ ជាងនេះទៅទៀត វីតាមីន A ក៏ជួយកម្ចាត់មុនផងដែរដោយជួយកាត់បន្ថយការផលិតជាតិខ្លាញ់​របស់ស្បែក​ និងជួយការពាររន្ធញើសពីការស្ទះ។ យើង​អាចទទួលបានវីតាមីន A ពីអាហារដូចជា ការ៉ុត ដំឡូងជ្វា ម្ទេសហាវៃក្រហម ស៊ុត។ល។

    ដំឡូងជ្វា

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. វីតាមីន E

    វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចប្រឆាំងការរលាក ហើយជួយឱ្យ​ចរន្ត​ឈាម​រត់​បានល្អដែល​ជួយឱ្យស្បែកយើងរឹងមាំ និងមានសុខភាពល្អ​ ដោយជំរុញការផ្លាស់ប្តូរ​កោសិកា​ស្បែក​ថ្មី ការពារស្បែកពីពន្លឺព្រះអាទិត្យ និងជួយរក្សារសំណើមឱ្យស្បែក។ អាហារផ្ទុកវីតាមីន E មានដូចជា គ្រាប់ផ្កាឈូករ័ត្ន រីករាយ អាល់ម៉ុន សណ្តែកដី ប្រេងសណ្តែក ផ្លែបឺរ និងស្វាយជាដើម។

    ៥. វីតាមីន B

    វីតាមីន B ជួយបំប្លែងអាហារទៅជាថាមពលដែលជំនួយដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ការ​រំលាយ​អាហារ សរីរាង្គ សាច់ដុំ ស្បែក និងសក់របស់យើង។ កោសិកាក្នុងរាងកាយ​ត្រូវការ​វីតាមីន B ដើម្បីលូតលាស់ ហើយកោសិកាស្បែករប​ស់យើងលូតលាស់មិនឈប់ ដូច្នេះវីតាមីន B ជួយឱ្យកោសិកាស្បែកលូតលាស់បានលឿន។ លើសពីនេះទៅទៀត វីតាមីន B ក៏​ជួយ​រក្សាសំណើមឱ្យស្បែកដែរ។ នៅពេលរាងកាយយើងខ្វះវីតាមីន B ស្បែកយើងអាចឡើងកន្ទួល ស្ងួត ឬប្រេះបបូរមាត់ ឬមានបញ្ហាស្បែកផ្សេងៗទៀត។ វីតាមីន B សម្បូរក្នុងអាហារដូចជា ផ្លែបឺរ ចេក សណ្តែក សណ្តែកដី ផ្សិត សាច់មាន់ ស៊ុត។ល។

    អាហារសម្បូរវីតាមីនមិនត្រឹមតែល្អចំពោះសុខភាពស្បែកទេ ថែមទាំងល្អចំពោះសុខភាពទូទៅរបស់យើងទៀត។

    ចំណុចសំខាន់

    ពពួកវីតាមីនដែលជួយឱ្យស្បែកយើងស្រស់ស្អាតរួមមាន៖
    • វីតាមីន D៖ ជួយកាត់បន្ថយស្បែកពីការរលាក ឡើងមុន និងប្រឆាំងភាពចាស់
    • វីតាមីន C៖ ជួយឱ្យស្បែកយើងស្រស់ថ្លា កាត់បន្ថយ​ស្នាមអុជ និងស្នាមជ្រីវជ្រួញ
    • វីតាមីន A៖ ការពារការកើតមុន និងការខូចស្បែក​ដោយពន្លឺព្រះអាទិត្យ
    • វីតាមីន E៖ ជួយឱ្យស្បែកមានសំណើម និងមានសុខភាពល្អ
    • វីតាមីន B៖ ជំរុញដល់ការលូតលាស់កោសិកាស្បែកថ្មី និងជួយរក្សាសំណើមឱ្យស្បែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម