របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង

ដោយ ត្រួតពិនិត្យដោយ Chan Sineth

យើងគ្រប់​គ្នាគួរតែ​ចេះ​វិធី​សង្គ្រោះ​បឋម (First aid) ដើម្បី​អាច​ជួយ​អ្នក​ដទៃ​ពេល​ជួប​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ​ ឆក់​ខ្សែភ្លើង ​រន្ទះ​បាញ់​ ឬ​​​ស្លាក់​អ្វីមួយ​ជាដើម។ ក្នុង​ករណី​ខ្លះ​បើ​យើង​ចេះ អាច​ជួយ​បាន​ទាន់ពេល មិន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បង្រៀន​ពី​របៀប​សង្គ្រោះ​បឋម​ខាងក្រោម៖

១- លង់​ទឹក

ពេល​ស្រង់​មក​ពី​ទឹក​ដាក់​មនុស្ស​ឲ្យ​ដេក​ផ្ទាល់ដី ជើង​សណ្ដូក​ត្រង់ ហើយ​ចាប់ផ្ដើម​ធ្វើ​ចលនា​បេះដូង គឺ​ត្រូវ​យក​ដៃទាំងពីដាក់ពីលើគ្នា​ រួច​ក្ដាប់​ចូល​គ្នា​ទៅ​សង្កត់​លើ​ដើម​ទ្រូង​ឆ្វេង​ត្រង់​ចំណុច​បេះដូង​ជន​រងគ្រោះ ​ដោយសង្កត់ ៣០ ដងនិងផ្លុំ​ខ្យល់​ដង្ហើម ២ ដង​។ ការ​ធ្វើបែបនេះ​គឺ​ដើម្បី​ផ្តល់​ចរន្ត​ឈាម និង​អុកសុីសែន​ទៅ​ដល់​ខួរ​ក្បាល។

២- ស្លាក់​វត្ថុ​អ្វី​មួយ​ចូល​បំពង់​ខ្យល់

ប្រសិន​បើ​​ឃើញ​​ក្មេង​ណា​មាន​បញ្ហា​ជាប់​អ្វី​ម្យ៉ាង គួរតែ​ដឹង​ពី​វិធី​ជួយ​សង្គ្រោះ​ភ្លាម​ៗ ព្រោះ​បើ​ហ៊ាន​តែ​យឺត​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន។ ដំបូង​គួរតែ​រក​កន្លែង​ដែល​អាច​អង្គុយ​បាន ហើយ​លើក​ក្មេង​មក​ដាក់​លើ​ជង្គង់ ក្បាល​ផ្ចុច​​ទៅ​ក្រោម ហើយ​យក​​ដៃ​ទះ​​ពី​​ពាក់​កណ្ដាល​​ខ្នង​​ខ្លាំង​ៗ ដើម្បី​​វត្ថុ​​ស្លាក់​នោះ​ចេញ​​មក​​វិញ តែ​​បើ​​ទារក​វិញដាក់​​នៅ​​លើ​ដៃ និង​ក្បាល​ឱន​បន្តិច។ វិធី​មួយ​ទៀត​យើង​​អាច​ឱប​ពី​ក្រោយ ហើយ​យក​ដៃ​ផ្ទប់​ចុង​ដង្ហើម​ជន​រងគ្រោះ ដោយ​​ទាញ​​មក​ខ្លួន​​យើងប្រសិន​បើ​គាត់​ជា​មនុស្ស​ពេញវ័យ។​

សង្គ្រោះ​បឋមHello_គ្រូពេទ្យ

៣- រន្ទះ​បាញ់

ពេល​ឃើញ​ករណី​នេះ យើង​​គួរតែ​ពិនិត្យ​មើល​ជីពចរ​ជាមុន​សិន ប្រសិនបើ​គ្មានសញ្ញា ​ត្រូវ​ធ្វើ​ចលនា​បេះដូង​ និងដង្ហើម​ភ្លាមៗ។

៤- ឆក់​ខ្សែភ្លើង

ពេល​ឃើញ​មនុស្ស​ឆក់​ខ្សែ​ភ្លើង​នៅ​ផ្ទះ ដំបូង​បំផុត​ត្រូវ​បិទ​​ឌីសង់ទ័រ​ភ្លើង ហើយ​ត្រូវ​រក​ឈើ​ស្ងួត​វាស​ខ្សែ​ភ្លើង​ចេញ។ បន្ទាប់​មក​ទៀត​ត្រូវ​យក​កំណាត់​ស្ងួត​ថ្ពក់​កដៃ ឬ​កជើង អូស​ជន​រង​គ្រោះ​ឲ្យ​ចេញ​ផុត​ពី​ខ្សែភ្លើង​។ កុំ​យក​ជន​រងគ្រោះ​ទៅ​កន្លែង​សើម បន្ទាប់​មក​ពិនិត្យ​មើល​សភាពជនរងគ្រោះ បើ​អត់អត់ដង្ហើម​ត្រូវ​ប្រញាប់​​សង្កត់បេះដូង និង​ផ្លុំដង្ហើម ដោយ​ផ្ដេក​ជន​រងគ្រោះ​នៅ​លើ​ដី​រាបស្មើ ។ បន្ទាប់​មក​ត្រូវ​តេរក​ឡាន​សង្គ្​រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ។

ត្រូវ​ចាំ​ថា យើង​ជា​អ្នក​សង្គ្រោះ​ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាមុន​សិន ប្រសិនបើ​យើង​គ្មាន​សុវត្ថិភាព​ទេ ត្រូវ​ស្វែង​រក​ជំនួយ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 10, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 10, 2019

អ្នកអាចចូលចិត្ត