វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ

ដោយ ត្រួតពិនិត្យដោយ MEY Sansophea

ជ្រើសរើស​ប្រភេទ​ពូក​ខុស អាច​ធ្វើ​ឲ្យ​យើង​គេង​ទៅ​មិន​ស្កប់ស្កល់ ភ្ញាក់​ឡើង​ឈឺ​ចង្កេះ ឈឺ​ខ្នង។ បើ​កំពុង​មាន​បញ្ហា​នេះ ស្ដាប់​ការ​បកស្រាយ​ខាង​ក្រោម៖

១- ស្តង់​ដារ​ពូក​​មិន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះទេ

​វេជ្ជបណ្ឌិត​ Steven H. Feinsilver ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​​សុខភាព​ផ្នែក​ដំណេក​ នៃ​មន្ទីរ​ពេទ្យ​ Lenox Hill សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា គ្មាន​ពូក​ណា​​ល្អ​អាចតម្រូវ​គ្រប់​រាង​កាយ​មនុស្ស​ឡើយ ប៉ុន្តែ​យើងអាច​​ដឹង​ខ្លួន​ឯង​ថា យើង​​ត្រូវជាមួយ​​ប្រភេទពូកណា។ ឧទាហរណ៍ ​​បើ​យើង​ចូលចិត្ត​​គេង​ពូករឹងៗ​ ឬ​​កម្រិត​​រឹង​ល្មម​ ​ហើយ​មាន​អារម្មណ៍​មិន​ឈឺ​ចុក​រោយ​ខ្នង​នោះ​ យើង​អាច​រើស​ដោយ​ខ្លួន​ឯង​បាន​។

ការ​លើក​ឡើង​បែប​នេះ ក៏​ព្រោះ​តែ​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១១ បាន​ពិសោធ​លើអ្នក​​ស្ម័គ្រ​ចិត្ត​គេង​ពូក​ប្រភេទ​ផ្សេង​ៗ​គ្នា ដោយ​លទ្ធ​ផល​បង្ហាញ​ថា ពួក​គេ​មាន​ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន​ ពោល​គឺ​អាស្រ័យ​លើ​ភាព​សុខ​ស្រួល​ម្នាក់​ៗ​ពេញ​ចិត្ត​។

២- ប្រភេទ​ពូក និង​កម្រិត​ឈឺ​ខ្នង​

លោក​វេជ្ជបណ្ឌិត​ Kevin M. Cerrone នាយក​ផ្នែក​ស្តារ​នីតិ​សម្បទា​នៃ​មន្ទីរ​ពេទ្យ​ NorthWell Huntington សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​ប្រភេទ​ពូក ​​​ជា​រឿង​ឈឺ​ក្បាល​មួយ​ដែរ​ ប៉ុន្តែ​ត្រូវ​ចាំ​ថា គួរ​រើស​យក​ប្រភេទ​ពូក​ណា​មិន​រឹង​​ពេក និង​មិន​ទន់​ពេក​។

ផ្អែក​តាម​ការ​សិក្សា​ គឺ​ពិត​ជាបង្ហាញ​​ដូចអ្វី​លោក​វេជ្ជបណ្ឌិត​លើក​ឡើង ពូក​ប្រភេទ​​​​នេះ (មិន​ទន់ មិន​រឹង​) ​ពិត​ជា​ជួយ​ទប់​​មិន​ឲ្យ​មាន​បញ្ហា​ឈឺ​ខ្នង និង​ក​ ចង្កេះ កើត​ឡើង​។

ដោយ​ឡែក​ របាយការណ៍​សិក្សា​មួយ​ពី​ប្រទេស​កាណាដា​ ធ្វើ​ឡើង​ក្នុង​​ឆ្នាំ ​២០១៤ ប្រភេទ​ពូក​កម្រិត​កណ្តាល​ (​មិន​រឹង ​មិន​ទន់) ពិត​ជា​បាន​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង និង​ក បាន​ប្រសើរ ហើយ​ប្រភេទ​ពូក​រឹង​ភាគ​ច្រើន ​ជា​​កត្តា​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ខ្នង​ និង​ក។

ឈឺខ្នងដោយសារពូក១
អត្ថបទ​ពាក់ព័ន្ធ៖

៣- តិច​និក​រើស​ពូក​ឲ្យ​សម​ខ្លួន​ឯង​

​លោក​វេជ្ជបណ្ឌិត Kevin M. Cerrone ក៏​បាន​​ចែក​រំលែក​ដំបូន្មាន ៣ ​ចំណុចសម្រាប់​ការ​​ជ្រើស​ទិញ​ពូក​សម​ខ្លួន​យើង​ប្រើ​ប្រាស់​៖

– សាច់​ពូក​មិន​បង្ក​ឲ្យក្តៅ​ស្អុះ​ស្អាប់​៖ ជា​ទូ​ទៅ​ ប្រភេទ​​សាច់​ពូក​ស្អិត​​ហាប់​បង្ក​​ភាព​ក្តៅ​ស្អុះ​ស្អាប់​ ជា​មូល​ហេតុ​រំខាន​ដំណេកដូច​គ្នា ​ពិសេស​បើ​បរិយាកាស​ក្នុង​បន្ទប់​យើង​​​ក្តៅ​ទៀត​នោះ​។ ដូច​នេះ ​ការ​រើស​សាច់​ពូក​ទន់​​ល្អ​ មិន​ហាប់​ពេក​ អាច​ជួយយើង​គេង​លក់​ស្រួល​​បាន​។

– ​តាម​ដាន​ពី​ទម្លាប់​គេងខ្លួនឯង៖ បើគេង​បម្រះ​ យក​ល្អ​គួរ​រើស​ប្រភេទ​ពូក​​មាន​សាច់​រឹង​ល្អ​ទ្រ​ទម្ងន់យើងបាន ធ្វើ​ដូច​នេះ​​ជួយ​សម្រួល​ដល់​ដង្ហើម​​អំឡុង​ពេលយើង​កំពុងគេង​លក់​ផង​ដែរ។ តែ​បើយើង​មាន​ទម្លាប់​​គេង​ស្ងៀម​ រើស​យក​ពូក​ទន់​ជា​ជម្រើស​​ល្អ​បំផុត​។

– តេស្ត​ពូក​តាម​តែ​អាច​ធ្វើ​បាន៖ បើ​សម្រេច​ចិត្ត​ទិញ​ពូក ព្យាយាម​សួរ​អ្នក​លក់​ឲ្យ​អស់​ពី​លទ្ធភាព​ ​អាចពិនិត្យ​សាច់​ពូក​ឲ្យ​បាន​យូរ អាន​​ការ​ណែ​នាំ​ និង​ព័ត៌មាន​អំពី​ផលិត​ផល បើ​មាន​ជម្រើស ​អាច​ដូរ​បាន​កាន់​តែ​ល្អ ហេតុនេះ​ត្រូវ​ប្រាកដ​ថា ​បាន​ពិនិត្យ​ប្រភេទ​សាច់​ពូក​បាន​ល្អិត​ល្អន់​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 16, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 16, 2019

អ្នកអាចចូលចិត្ត