“Hello គ្រូពេទ្យ’ ធ្លាប់ប្រាប់ហើយ ថ្នាំពន្យារកំណើត មានផលប្រយោជន៍ច្រើន ជួយសម្អាតស្បែក កាត់បន្ថយហានិភ័យមហារីក។ នៅពេលប្រើប្រាស់ថ្នាំនេះច្រើនឆ្នាំ គ្នាយើងភាគច្រើនអាចនឹងខ្វាយខ្វល់ ពេលឈប់ប្រើអាចប៉ះពាល់អ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
“Hello គ្រូពេទ្យ’ ធ្លាប់ប្រាប់ហើយ ថ្នាំពន្យារកំណើត មានផលប្រយោជន៍ច្រើន ជួយសម្អាតស្បែក កាត់បន្ថយហានិភ័យមហារីក។ នៅពេលប្រើប្រាស់ថ្នាំនេះច្រើនឆ្នាំ គ្នាយើងភាគច្រើនអាចនឹងខ្វាយខ្វល់ ពេលឈប់ប្រើអាចប៉ះពាល់អ្វីខ្លះ?
ពិតណាស់ ផលប៉ះពាល់ច្បាស់ជាមាន ប៉ុន្តែក៏អាស្រ័យលើប្រភេទថ្នាំ និងកម្រិតបរិមាណយើងប្រើដែរ ហើយខាងក្រោមនេះ ជាអ្វីអាចនឹងកើតមានលើរាងកាយយើង នៅពេលឈប់លេបថ្នាំពន្យារកំណើត។
១- ទម្ងន់នៅដដែល
ក្រោយឈប់លេបថ្នាំពន្យារកំណើត ស្រីៗប្រហែលជាអាចស្រកទម្ងន់ ១គីឡូ ឬនៅថេរ។ ទោះបីគ្នាយើងភាគច្រើន ជឿថាខ្លួនឡើងទម្ងន់ ប៉ុន្ដែការស្រាវជ្រាវបែបវិទ្យាសាស្រ្ត មិនបានរកឃើញ ការជាប់ពាក់ព័ន្ធរវាងការលេបថ្នាំពន្យារកំណើត ជាមួយនឹងការឡើងទម្ងន់នោះទេ។
ក្នុងការសិក្សានៅឆ្នាំ ២០១៤ លើករណីពាក់ព័ន្ធចំនួន ៤៩ រកឃើញថា ការពន្យារកំណើត ពុំបានបង្កផលប៉ះពាល់ទម្ងន់រាងកាយឡើយ។ “ពុំមានភស្ដុតាងច្បាស់លាស់ បង្ហាញថា ការចាប់ផ្ដើម ឬការបញ្ឈប់ការលេបថ្នាំពន្យារកំណើត នឹងជះឥទ្ធិពលដល់ទម្ងន់នោះទេ“។ នេះជាការបញ្ជាក់របស់លោក Neha Bhardwaj សាស្រ្ដាចារ្យផ្នែកវិទ្យាសាស្រ្តបន្ដពូជ នៃសាលាឱសថសាស្រ្ត Icahn ក្រុងញូវយ៉ក។
២- អាចកើតមុន
ថ្នាំពន្យារកំណើត បានបំបាត់ការកើតមុនសម្រាប់ស្រីៗភាគច្រើន ដោយសារថ្នាំនេះ អាចធ្វើឲ្យអ័រម៉ូន អង់ដ្រូហ្សែន ចុះខ្សោយ បង្កើតឲ្យមានខ្លាញ់នៅលើស្បែក។ ដូច្នេះ គ្នាយើងប្រហែលអាចកើតមុនវិញ ក្រោយឈប់លេបថ្នាំនេះ។
៣- អាចជ្រុះសក់
ក្រោយឈប់លេបថ្នាំពន្យារកំណើត អាចកើតមានជំងឺ Telogen Effluvium ជាហេតុបង្កឲ្យជ្រុះសក់។ Telogen Effluvium ជាធម្មតា កើតមានក្នុងរយៈពេល ៦ខែ ក្រោយរាងកាយធ្វើការបន្ស៉ាំទៅនឹងស្ថានភាពមិនផឹកថ្នាំពន្យារកំណើត។ ប៉ុន្ដែវេជ្ជបណ្ឌិតផ្នែករោគស្ត្រី Alyssa Dweck នៅក្រុងញូវយ៉ក បញ្ជាក់ថា ករណីជ្រុះសក់នេះ ជាបញ្ហាស្មុគស្មាញមួយ ដោយសារវាពាក់ព័ន្ធនឹងកត្ដាផ្សេងទៀតផងដែរ ដូចជា ស្រ្តេស ជាដើម។
៤- អាចមានវដ្ដរដូវមិនទៀងទាត់
លោក Josh Klein វេជ្ជបណ្ឌិតផ្នែកឱសថសាស្រ្ត នៅទីក្រុងញូយ៉ក អះអាងថា ស្រីៗមួយចំនួន ធ្លាប់លេបថ្នាំពន្យារកំណើត មានវដ្ដរដូវទៀតទាត់ ប៉ុន្ដែក្រោយការឈប់លេបថ្នាំនេះ អាចជួបបញ្ហាវដ្តរដូវមិនទៀង។ យ៉ាងណា ក្រោយរយៈពេល ២-៣ ខែ ទើបវដ្តរដូវត្រឡប់មកធម្មតាវិញ។
៥- វីតាមីន D អាចធ្លាក់ចុះ
ការសិក្សាថ្មី របស់សារព័ត៌មានសុខភាព Journal of Clinical Endocrinology & Metabolism រកឃើញថា ស្រីៗជាច្រើន បានជួបវិបត្តិធ្លាក់ចុះកម្រិតវីតាមីន D នៅពេលឈប់លេបថ្នាំពន្យារកំណើត។ នេះជាបញ្ហាចម្បងមួយ ពិសេសសម្រាប់គ្នាយើងព្យាយាមចង់មានផ្ទៃពោះ ខណៈវីតាមីន D អាចជួយគាំទ្រដល់គ្រោងឆ្អឹងបេប៊ី អំឡុងពេលពពោះ។
អត្ថបទពាក់ព័ន្ធ៖
៦- មានអារម្មណ៍ប្លែកនៅលើសុដន់
គ្នាយើងជាច្រើន ធ្លាប់លើកឡើងពាក់ព័ន្ធករណីឈឺចាប់សុដន់ មុនពេលមករដូវ ក្រោយឈប់លេបថ្នាំពន្យារកំណើត។ នៅពេលកំពុងលេបថ្នាំពន្យារកំណើត ថ្នាំនេះ បានជួយគ្រប់គ្រងកម្រិតអ័រម៉ូនស្រ្ដី ជួយបញ្ចៀសរោគសញ្ញាឈឺសុដន់ សម្រាប់ស្រ្ដីភាគច្រើន។ វេជ្ជបណ្ឌិតផ្នែករោគស្ត្រី Alyssa Dweck បញ្ជាក់ថា ស្រីៗមួយចំនួន ក៏ជួបបម្រែបម្រួលលក្ខណៈរបស់សុដន់ផងដែរ។
៧- ឈឺក្បាលច្រើនជាងមុន
យោងតាមការសិក្សានៅឆ្នាំ ២០០៤ ស្រីៗមួយចំនួន បានជួបបញ្ហាឈឺក្បាលប្រកាំង អំឡុងពេលមករដូវ ដែលនេះ ទំនងដោយសារការធ្លាក់ចុះនៃកម្រិតអ័រម៉ូន អង់ដ្រូហ្សែន។
៨- មានបញ្ហាចំណង់ផ្លូវភេទខ្លាំងជាងមុន
វេជ្ជបណ្ឌិតផ្នែករោគស្រ្ដី Guirlaine Agnant នៃមន្ទីរពេទ្យ Montefiore Mount Vernon ក្រុងញូវយ៉ក អះអាងថា ស្រីៗមួយចំនួន បានលើកឡើងពីបញ្ហាមានចំណង់ផ្លូវភេទខ្លាំង នៅពេលពួកគេបានលេបថ្នាំពន្យារកំណើតជាលើកដំបូង។ នេះទំនងជាដោយសារបម្រែបម្រួលការផលិតអរម៉ូន។ វេជ្ជបណ្ឌិតបន្ថែមថា ស្រ្ដីភាគច្រើន ជាធម្មតាជួបបញ្ហាកើនឡើងចំណង់ផ្លូវភេទ នៅពេលពួកគេឈប់លេបថ្នាំពន្យារកំណើត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕