ក្រសួង​​សុខាភិបាល​​ឲ្យ​​ប្រយ័ត្ន​ ជំងឺ​​​ពង​បែក​​ដៃ​ជើង​​និង​មាត់ វាយ​​លុក​​លើ​​កុមារ

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ស្រប​ពេល​អាកាស​ធាតុក្តៅ​ខ្លាំង ធ្វើ​ឲ្យ​មាន​កំណើន​នៃ​ជំងឺ​ពង​បែក​ដៃ​ជើង​ និង​មាត់​លើ​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ដែល​ករណី​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ តម្រូវ​ឲ្យ​សង្គ្រោះ​បន្ទាន់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ។

១- រោគសញ្ញាជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ 
ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ជា​ជំងឺ​ឆ្លង​ដែល​កើត​ឡើង​ញឹកញាប់​ចំពោះ​ទារក និង​កុមារ ហើយ​រោគសញ្ញា​មាន គ្រុនក្តៅ មាន​ដំបៅ​ក្នុង​មាត់ មាន​ពង​កន្ទួល​លើ​បាតដៃ បាតជើង និង​កំប៉េះគូទ។

ក្នុង​ករណី​ជំងឺ​នេះ​ស្រាល អាច​ជា​សះស្បើយពី ៧-១០ថ្ងៃ ដោយ​គ្រាន់​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ និង​បំបាត់​ការ​ឈឺចាប់​បណ្តាល​មក​ពី​ពងបែក​ក្នុង​មាត់ ម៉ាក់ប៉ា​មិន​ត្រូវ​ថ្នាំ​អាស្ពីរីន ដើម្បី​បញ្ចុះ​កម្តៅ​កូន​ឡើយ។

២- ផលវិបាកជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ 
ជំងឺ​ពង​បែក​ដៃជើង និង​មាត់ ក៏​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ជា​ករណី​កម្រ​ប៉ុណ្ណោះ។ ផលវិបាក​ទាំង​នោះ​រួម​មាន អូនតូច​អាចហត់ ប្រកាច់ ឬ​កន្ត្រាក់ដៃជើង ហើយ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃ​ចេញ​ពី​ពងបែក លាមក​អ្នក​ជំងឺ។

៣- វិធីការពារជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ 
ជំងឺ​ពងបែកដៃជើង និង​មាត់​ជា​ជំងឺឆ្លង ដូច្នេះ​យើង​ត្រូវ​មាន​អនាម័យ លាងដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក និង​សាប៊ូ ហើយ​ប្រសិន​កូន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 22, 2019

អ្នកអាចចូលចិត្ត