ប៉ាម៉ាក់អាចមានអារម្មណ៍ធុញថប់ នៅពេលដែលកូនតូចយំមិនឈប់នៅពេលយប់ ហើយយើងក៏មិនដឹងពីវិធីដែលធ្វើឲ្យកូនគេងលក់វិញ។
ពិតណាស់ អាអូនតូចក៏ត្រូវការគេងដូចជាប៉ាម៉ាក់ដែរ។ អ៊ីចឹងហើយ ដើម្បីឲ្យកូនគេងបានស្កប់ស្កល់ យើងគួរស្វែងយល់ពីមូលហេតុទូទៅមួយចំនួនដែលធ្វើឲ្យកូនយំ និងគន្លឹះដោះស្រាយប្រកបដោយប្រសិទ្ធភាព។
មូលហេតុមួយចំនួនដែលធ្វើឲ្យកូនយំនៅពេលយប់
១. ឃ្លាន
ទារកតូចៗ ត្រូវការបៅឲ្យបានច្រើនដង ពីព្រោះក្រពះអាអូននៅតូចខ្លាំង។ ជាទូទៅ ទារកទើបកើតភ្ញាក់ដើម្បីបៅដោះនៅពេលយប់ញឹកញាប់ដូចទៅនឹងពេលថ្ងៃ ហើយការគេងរបស់កូនក៏មិនខុសគ្នាច្រើន រវាងពេលថ្ងៃ និងពេលយប់ដែរ។ ប៉ុន្តែ នៅពេលចូលដល់អាយុ៣ខែ អាអូននឹងគេងបានយូរជាង ហើយគម្លាតក្នុងការបៅនៅពេលយប់ក៏យូរជាងមុនដូចគ្នា។
២. ហើមពោះ
មួយវិញទៀត អាអូនអាចលេបខ្យល់ចូលទៅក្នុងពោះអំឡុងពេលបំបៅដោះ ដែលធ្វើឲ្យកូនមានអាការៈមិនស្រួលខ្លួន។ ដើម្បីបញ្ឈប់បញ្ហាមួយនេះ ប៉ាម៉ាក់គួរដាក់ឲ្យកូនអង្គុយ ឬដាក់កូនបញ្ឈរឲ្យត្រង់នៅពេលបំបៅ។ យើងក៏អាចកាត់បន្ថយបញ្ហាទល់ខ្យល់ក្រោយបំបៅរួច ដោយដាក់កូនបញ្ឈរនៅលើភ្លៅ និងទះខ្នងកូនថ្នមៗដើម្បីបណ្តេញខ្យល់ចេញពីបំពង់អាហារ។
៣. ដុះធ្មេញ
ជាធម្មតា អាអូនចាប់ផ្តើមដុះធ្មេញនៅចន្លោះអាយុ៦ខែ ហើយការដុះធ្មេញនេះ អាចបង្កការឈឺចាប់ និងធ្វើឲ្យកូនក្តៅខ្លួនផងក៏មាន។ យ៉ាងណាមិញ មានវិធីសាស្ត្រមួយចំនួនដើម្បីកាត់បន្ថយអាការៈឈឺចាប់នៅពេលដុះធ្មេញ ដោយឲ្យកូនខាំប្រដាប់ត្រដុសធ្មេញ ប្រើថ្នាំបំបាត់ការឈឺចាប់សម្រាប់កុមារ ឬញីអញ្ចាញរបស់កូនថ្នមៗដោយប្រើម្រាមដៃស្អាត។
[embed-health-tool-due-date]
៤. ចុកពោះ
ប្រសិនបើទារកមានសុខភាពល្អ ប៉ុន្តែយំនៅពេលយប់ដោយគ្មានមូលហេតុលើសពី៣ម៉ោងក្នុងថ្ងៃ និងយ៉ាងហោចណាស់៣ថ្ងៃក្នុងមួយសប្តាហ៍ កូនអាចមានអាការៈចុកពោះ។ បញ្ហានេះ អាចនឹងបាត់ទៅវិញនៅពេលដែលអាអូនមានអាយុចន្លោះពី៣ ទៅ៤ខែ។
៥. ទល់លាមក
ជាមួយគ្នានេះ បញ្ហាទល់លាមកអាចធ្វើឲ្យទារកយំរករឿង ប៉ុន្តែអាអូននឹងលែងអីវិញ នៅពេលដែលបន្ទោបង់រួច។ ជាក់ស្តែង ម្សៅទឹកដោះគោអាចធ្វើឲ្យកូនមានបញ្ហាទល់លាមក ហើយសញ្ញាមួយចំនួន ដែលប៉ាម៉ាក់អាចសង្កេតបានមានដូចជា កូនយំ ឈឺចាប់នៅពេលបន្ទោបង់ ពោះអាអូនឡើងរឹង និងមានជុះលាមករឹង។
៦. កូនឈឺ
ប្រសិនបើអាអូនមិនស្រួលខ្លួន ដោយសារតែការឆ្លងមេរោគ ឬឈឺចាប់ កូនអាចយំច្រើនជាងធម្មតា។ ក្នុងករណីនេះ អាអូនអាចមានរោគសញ្ញាផ្សេងទៀត ដូចជាក្តៅខ្លួនជាដើម ដែលប៉ាម៉ាក់គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?