ក្បួនច្របាច់ទឹកដោះម្ដាយដោយដៃ ទុកឲ្យកូនបៅតាមការណែនាំពីអ្នកជំនាញ
ទឹកដោះម្ដាយ ជាអាហារចម្បងបំផុតសម្រាប់ទារកគ្រប់រូប រហូតគ្រូពេទ្យមួយចំនួនប្រៀបធៀបទឹកដោះម្ដាយទៅនឹងឱសថទិព្វ ដោយសារតែសារធាតុចិញ្ចឹម និងប្រយោជន៍ដែលវាផ្ទុកសម្រាប់ទៅចិញ្ចឹមដល់ទារក។ យ៉ាងណាមិញ ម្ដាយសម័យនេះ មិនសូវជាបានបំបៅដោះកូនដិតដល់ទេ ព្រោះត្រូវចេញធ្វើការ ឬរកស៊ីរកចំណូលចូលផ្ទះវិញ ដូច្នេះការច្របាច់ទឹកដោះម្ដាយទុកឲ្យកូនបៅនៅផ្ទះ ជាជម្រើសពេញនិយមមួយ។

បើតាមការផ្សព្វផ្សាយឲ្យដឹងពីអង្គការ Helen Keller International-Cambodia បានឲ្យដឹងជំហាននៃការច្របាច់យកទឹកដោះម្ដាយត្រឹមត្រូវដូចខាងក្រោម៖
ការរៀបចំមុនច្របាច់ទឹកដោះម្ដាយ
១. លាងសម្អាតដៃជាមួយទឹក និងសាប៊ូ
២. លាងសម្អាតពែងជាមួយទឹក និងសាប៊ូ រួចស្ងោរ ឬចាក់ទឹកក្ដៅចូលក្នុងនោះ និងទុក២-៣នាទី មុនចាក់ទឹកចេញ
៣. ម្ដាយអង្គុយក្នុងស្ថានភាពដែលគាត់យល់ថាស្រួល ដើម្បីជួយភ្ញោចលំហូរទឹកដោះ (ម្ដាយកាន់ពែងដែលបានលាងសម្អាត ហើយដាក់ពីក្រោមដោះ)
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ការច្របាច់យកទឹកដោះម្ដាយដោយដៃ
១. ម៉ាស្សាដោះថ្នមៗ
២. ដាក់មេដៃ និងម្រាមដៃនៅសងខាងរង្វង់ខ្មៅជុំវិញក្បាច់ដោះ រួចសង្កត់ចុះសំដៅទៅរកទ្រូង
៣. ម្ដាយសង្កត់ដោះខាងក្រោយ រង្វង់ខ្មៅជុំវិញក្បាលដោះ ដែលនៅចន្លោះ មេដៃ និងម្រាមដៃ
៤. ម្ដាយបង្វិលម្រាមដៃចុះឡើង ដៃសង្កត់គ្រប់ជ្រុងនៃដោះ រួចរុញមកមុខបន្តិច ដើម្បីច្របាច់បញ្ចេញទឹកដោះ
៥. ច្របាច់ដោះម្ខាងៗយ៉ាងហោចពី៣-៥នាទី រហូតដល់លំហូរទឹកដោះចេញយឺតជិតអស់ បន្ទាប់មកច្របាច់ដោះម្ខាងទៀត
៦. ច្របាច់ទឹកដោះពីដោះទាំងសងខាង ផ្លាស់ប្ដូរទៅវិញទៅមករហូតបានទឹកដោះគ្រប់គ្រាន់តាមតម្រូវការ។
ចុះទឹកដោះម្តាយ អាចច្របាច់ទុកបានប៉ុន្មានម៉ោង?
ទឹកដោះម្តាយអាចច្របាច់ទុកបាន ៨ ម៉ោង ក្នុងសីតុណ្ហភាពធម្មតា ដោយទុកក្នុងកែវ ឬពែង ដែលស្អាត មានគម្របបិទជិត ឬមានទម្រជើងមានទឹក ការពារសត្វល្អិតវារចូល។ ចំពោះការរក្សាទុកទឹកដោះនៅក្នុងធុង ឬទូទឹកកកវិញ អាចបានរហូតដល់ ១២ម៉ោង តែបើសិនជាយើងរក្សាទុកទឹកដោះក្នុងទូទឹកកក ពេលយកមកឲ្យកូនបៅ មិនតម្រូវឲ្យយកទៅកម្ដៅភ្លើង ឬទឹកក្តៅនោះទេ។
លោក ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង សុខាភិបាល

អត្ថបទគួរអាន៖
- បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?
- អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចញ៉ាំអាហារហឹរបានឬអត់?
- ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ
- ម៉េចក៏ទឹកដោះម៉ាក់ៗប្ដូរពណ៌ តើគួរបារម្ភកម្រិតណា?
- អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?