ទឹកដោះចេញតិច ឧស្សាហ៍កើតមានចំពោះស្រីៗស្ទើរគ្រប់រូប មិនថាម៉ាក់ៗថ្មីថ្មោង ឬធ្លាប់មានកូនពីមុនទេ។ បញ្ហានេះអាចដោយសារអារម្មណ៍ ឬបញ្ហាណាមួយ ប៉ុន្តែកុំទាន់សម្រេចចិត្តភ្លាម ជ្រើសម្សៅទឹកដោះគោបំបៅកូនអី ព្រោះទឹកដោះយើងមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់កូន។ “Hello គ្រូពេទ្យ” នឹងប្រាប់មូលហេតុ ក៏ដូចជាវិធីជួយឲ្យមានទឹកដោះច្រើនឲ្យគ្នាយើងបានដឹង។
១- ហេតុអីបានជាគ្មានទឹកដោះគ្រប់គ្រាន់?
បញ្ហាបំបៅដោះ ម៉ាក់ៗគ្រប់រូបតែងជួបប្រទះនោះ គឺស្ថានភាពមួយធ្វើឲ្យយើងគិតថា ជឿថាខ្លួនឯងគ្មានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅកូន ខណៈការពិត ទឹកដោះយើងមានគ្រប់គ្រាន់សោះ។ រឿងនេះ អាចមកពីម៉ាក់ៗថ្មីថ្មោងមួយចំនួន ពុំទាន់មានជំនឿចិត្តគ្រប់គ្រាន់ក្នុងការបំបៅដោះកូនដោយផ្ទាល់។ លើសពីនេះ ម៉ាក់ៗភាគច្រើននៅមិនទាន់ឲ្យតម្លៃទឹកដោះខ្លួន ស្មើនឹងម្សៅទឹកដោះគោ បើទោះបីជាមានការអះអាង ណែនាំទឹកដោះម៉ាក់ៗ ជាសារជាតិចិញ្ចឹមល្អបំផុតសម្រាប់កូនក៏ដោយ។
គ្នាយើងមួយចំនួនតែងភ័ន្តច្រឡំរឿងទឹកដោះតិច ឬច្រើនដោយសម្គាល់សញ្ញាខុសៗគ្នា ប៉ុន្តែអ្វីគួរសម្គាល់នោះ ត្រូវផ្តោតលើការឡើងទម្ងន់របស់កូន ទើបត្រឹមត្រូវ។ កូនបៅដោះម៉ាក់ៗ មិនងាយធាត់ជ្រុល ដូចកូនបៅម្សៅទឹកដោះគោនោះទេ។ អ្នកជំនាញបានបញ្ជាក់ថា កូនអាចឡើងទម្ងន់ទ្វេដងអំឡុងពេល ៥-៦ ខែប៉ុណ្ណោះ ហើយគុណនឹងបីនៅពេលអាយុ ១ ខួប។ ដើម្បីដឹងថា កូនទទួលទឹកដោះពីយើងគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់ យើងអាចសម្គាល់រឿងនេះបានយ៉ាងងាយ តាមរយៈខោទឹកនោម ព្រោះបច្ចុប្បន្នក្មេងៗភាគច្រើនតែងប្រើខោទឹកនោមជាមធ្យម ៤-៦ ខោ/មួយថ្ងៃ ខណៈលាមកមានពណ៌លឿងស្រាល កកៗ មានន័យថា កូនទទួលទឹកដោះមិនគ្រប់គ្រាន់ហើយ។ ក្រៅពីនេះ យើងក៏អាចតាមដានមើលស្បែក និងភ្នែកកូនបានដូចគ្នា។
២- ម៉ាក់ៗតែភ័ន្តច្រឡំខ្លួនឯងមានទឹកដោះតិច
កុំទាន់បារម្ភអី ទោះទឹកដោះមានតិច មិនគ្រប់ឲ្យកូនបៅ យើងនៅតែអាចកែខៃបាន ដោយប្រើវិធីបុរាណ ព្រោះជាច្រើនជំនាន់មកហើយ គេជឿថាថ្នាំរុក្ខជាតិខ្លះមានសុវត្ថិភាពចំពោះម៉ាក់មានទឹកដោះតិច ជួយឲ្យមានទឹកដោះច្រើនវិញ ប៉ុន្តែមុនប្រើ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញសិន។ ម្យ៉ាងទៀត របបអាហារក៏មានឥទ្ធិពលខ្លាំងចំពោះការផលិតទឹកដោះរបស់ម៉ាក់ៗ ដោយជាធម្មតា ពេទ្យណែនាំឲ្យស្រីៗញ៉ាំបន្លែ ផ្លែឈើ ស៊ុប ត្រីសាច់ឲ្យបានច្រើន ពិសេសផ្លែល្ហុង ដើម្បីសម្បូរទឹកដោះ ហើយទឹកដោះដែលផលិតចេញក៏ពោរពេញដោយសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់របស់កូនទៀតផង។
៣- ដោះស្រាយបញ្ហាដែលអាចធ្វើឲ្យទឹកដោះចេញតិច
នៅមានហេតុផលមួយចំនួនដែលអាចប៉ះពាល់ដល់ការផលិតទឹកដោះ មួយក្នុងចំណោមនោះ គឺការទុកដាក់កូនមិនបានត្រឹមត្រូវ ព្រោះពេលកូននៅឆ្ងាយតែឯង នឹងបណ្តាលឲ្យខ្វះការភ្ញោចសុដន់របស់ម៉ាក់ៗ ធ្វើឲ្យការផលិតទឹកដោះបានតិចដូចគ្នា។ ទឹកដោះតិចពេក ក៏អាចមកពីរូបរាងនៃចុងដោះផងដែរ ពិសេសចុងដោះសំប៉ែត ឬលឹបចូលក្នុងធ្វើឲ្យកូនពិបាកបៅ។ បញ្ហាមួយទៀត បើយើងពន្យារការបំបៅដោះកូន ដោយសារឈឺចុងសុដន់ ឬមានអារម្មណ៍រំខាន ក៏ជាមូលហេតុនាំឲ្យរាំងស្ទះការផលិតទឹកដោះដែរ។
បំបៅដោះមិនទៀងទាត់ ក៏អាចបង្កបញ្ហានេះដូចគ្នា ហើយដើម្បីដោះស្រាយ យើងត្រូវដាក់កូនលើទ្រូងពេលម៉ឹមដោះ និងឲ្យបានញឹកញាប់ យ៉ាងហោចណាស់ ៨ ដង/ថ្ងៃ។ ពេលកូនបៅញឹកញាប់ សុដន់ក៏ផលិតទឹកដោះបានច្រើនទៅតាមហ្នឹងដែរ ហើយបើយើងទម្លាប់កូនបៅម្សៅទឹកដោះគោជំនួយ នឹងធ្វើឲ្យកូនលែងចង់បៅដោះម៉ាក់ៗមិនខាន។
ក្រៅពីនេះ បញ្ហាស្ត្រេសក៏ជារឿងមិនអាចចៀសផុត ទាំងអំឡុងពេលកំពុងពពោះ និងក្រោយសម្រាល ហើយជាកត្តាចម្បងធ្វើឲ្យការផលិតទឹកដោះបានតិច។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
៤- វិធីសាស្ត្រជួយឲ្យមានទឹកដោះច្រើន
ដូចបានរៀបរាប់ខាងលើ របបអាហារ ផឹកទឹក និងគេងឲ្យបានគ្រប់គ្រាន់ អាចបង្កើនការផលិតទឹកដោះបាន។ ក្រៅពីនេះ ម៉ាក់ៗគួរចៀសវាងប្រើដបទឹកដោះគោ ឬក្បាលដោះជ័រ នៅពេលផ្តល់ទឹក ឬទឹកដោះឲ្យកូន ព្រោះធ្វើបែបនេះ កូនអាចច្រឡំ មិនដឹងមួយណាជាចុងដោះម៉ាក់ៗនោះទេ។ គួរប្រើកែវ ស្លាបព្រា ឬសឺរ៉ាំង បើចាំបាច់។
បើនៅតែមានបញ្ហា គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំឈ្មោះ Domperidone ដើម្បីជួយបង្កើនការផលិតអ័រម៉ូនប្រូឡាក់ទីន (Prolactin) ដែលសំខាន់ជួយបង្កើនការផលិតទឹកដោះ។
[embed-health-tool-vaccination-tool]