ក្រោយពីសម្រាលរួចមកហើយ ទារកចំបាច់ទាមទារឲ្យមានការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ និងអ្នកម្ដាយផ្ទាល់ ពិសេសទារកតូចៗ ឬទារកកើតមកមិនគ្រប់ខែជាដើម។ ក្នុងចំណោមការថែទាំទារកមិនគ្រប់ខែដទៃទៀត វិធីសាស្ត្រថែទាំកូនតាមបែបមេតូតកង់ហ្គូរ៉ូ មានភាពងាយស្រួល និងផ្ដល់ប្រយោជន៍ច្រើនដល់ទារក និងម្ដាយ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
អ្វីទៅជាការថែទាំទារកមិនគ្រប់ខែតាមបែបមេតូតកង់ហ្គូរ៉ូ?
វិធីថែទាំទារកតាមបែបមេតូតកង់ហ្គូរ៉ូ ជាការថែទាំទារកតូច ឲ្យប៉ះជាប់នឹងស្បែកម្ដាយ ដើម្បីឲ្យទារកទទួលកម្ដៅពីម្ដាយ។ វិធីនេះ មានភាពសាមញ្ញ តែមានប្រសិទ្ធភាពបំផុត សម្រាប់ជួយម្ដាយដែលមានទារកកើតមិនគ្រប់ខែ ឬមានគីឡូតិចពីកំណើត (តិចជាង២៥០០ក្រាម)។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។ វិធីថែទាំកូនតាមបែបមេតូតកង់ហ្គូរ៉ូនេះ អាចធ្វើបានលុះត្រាតែនៅក្នុងលក្ខខណ្ឌដូចខាងក្រោម៖
១. ទារករួចផុតពីជំងឺផ្លូវដង្ហើម ជំងឺឆ្លង និងរួចផុតពីសញ្ញាគ្រោះថ្នាក់ដទៃទៀត
២. ម្ដាយមិនមានជំងឺឆ្លង
៣. ម្ដាយយល់ដឹងពីការធ្វើអនាម័យច្បាស់លាស់
៤. មានជំនួយពីខាងក្រុមគ្រួសារ (ប្ដី ម្ដាយឪពុក ឬអ្នកជួយមើលថែកូន…)
វិធីដាក់ឲ្យទារកប៉ះជាប់នឹងស្បែកម្ដាយ
– ចំពោះទារក ត្រូវស្លៀកតែខោទឹកនោម ឬកន្ទប មិនបាច់ស្លៀកពាក់អាវ ឬខោទេ ប៉ុន្តែត្រូវពាក់មួក ស្រោមជើង និងស្រោមដៃ ដើម្បីជួយការពារការបាត់កម្ដៅ
– ចំពោះម្ដាយ ត្រូវមានអាវជាតិអំបោះពាក់ខាងក្នុងមួយ និងអាវពីក្រៅមួយ ហើយម៉ាក់ៗត្រូវមានអនាម័យខ្លួន និងដៃឲ្យបានស្អាត បន្ទាប់មក៖
- ដាក់ក្បាលទារក នៅចន្លោះទ្រូងម្ដាយ
- មុខទារក ត្រូវងាកមកឆ្វេង ឬស្ដាំ ចៀសវាងមុខផ្អាប់លើទ្រូងម៉ាក់
- ជើងទាំងពីររបស់ទារក ត្រូវនៅក្នុងអាវម្ដាយក្នុងសភាពដូចកង្កែប។
ចំពោះវិធីថែទាំកូនតាមបែបមេតូតកង់ហ្គូរ៉ូនេះ ផលប្រយោជន៍មិនតិចទេចំពោះទារក និងម្ដាយដូចជា ទារកទទួលកម្ដៅគ្រប់គ្រាន់ពីម្ដាយ ទារកឆាប់ចង់បៅ កាត់បន្ថយការឆ្លងរោគក្នុងមន្ទីរពេទ្យ និងបង្កើតទំនាក់ទំនងស្និទ្ធស្នាលរវាងម្ដាយ និងកូនតូច។ល។ នៅពេលដែលម៉ាក់ៗថែទាំកូនបែបនេះ ត្រូវរៀនពីរបៀបតាមដានសភាពកូន ពណ៌សម្បុរ ការដកដង្ហើម និងកម្ដៅរបស់កូនតូចឲ្យបានច្បាស់លាស់ពីគ្រូពេទ្យជំនាញ មុននឹងចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញ។
[embed-health-tool-vaccination-tool]