backup og meta

ក្រោយចោះត្រចៀកកូន គួរថែទាំបែបណាទើបមិនឆ្លងមេរោគ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2023

    ក្រោយចោះត្រចៀកកូន គួរថែទាំបែបណាទើបមិនឆ្លងមេរោគ?

    ដល់​ពេល​មួយ​ដែល​ប៉ាម៉ាក់​ចង់​ឲ្យ​កូន​ពាក់​ក្រ​វិល គឺ​ត្រូវយក​កូន​ទៅ​ចោះ​ត្រចៀក ប៉ុន្តែ​ដឹង​អត់ ថា​ក្រោយ​ចោះ​ត្រចៀក​ម៉ាក់ៗ​ត្រូវ​ថែទាំ​បែប​ណា​កុំ​ឲ្យ​ត្រចៀក​កូន​ឆ្លង​រោគ​? ក្រោយចោះត្រចៀក បើ​ថែ​ទាំ​មិន​បាន​ល្អ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រោគ​ផង​ដែរ​។ ទាំងនេះ ជា​តិចនិក​មួយ​ចំនួន​ដែល​ម៉ាក់ៗ​គួរ​ដឹង ដើម្បី​ការពារ​ការ​ឆ្លង​រោគ និង​កាត់​បន្ថយ​អាការៈ​ឈឺចាប់​របស់កូន​ក្រោយ​ចោះ​ត្រចៀក​។​

    ១. កុំបង្វិល ឬផ្លាស់ប្តូរក្រវិលថ្មី

    ការពីមុនចាស់ៗបង្វិលក្រវិលបន្ទាប់ចោះត្រចៀកកូនរួច ដើម្បីការពារមិនឱ្យក្រវិល​ជាប់ត្រចៀក​ បន្ទាប់​ពីសាច់ត្រចៀកជាសះស្បើយ ប៉ុន្តែគ្រូពេទ្យបានណែនាំថា ប៉ាម៉ាក់មិនចាំបាច់បង្វិល​ក្រវិល​កូន​ទេ ព្រោះក្រវិលអាចការពាររន្ធត្រចៀកមិនឱ្យដុះ​ជិតវិញបាន​។

    ជាងនេះទៅទៀត ការបង្វិលក្រវិល ឬផ្លាស់ប្តូរក្រវិលថ្មី​បន្ទាប់​ពី​ចោះ​ត្រចៀក​​រួច​អាចធ្វើឱ្យស្បែក​​ជុំវិញ​រន្ធត្រចៀករលាកដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគ។

    ២. កុំឱ្យមានអ្វីទាក់ក្រវិល

    ការទាក់សក់ អាវ ឬអ្វីផ្សេងទៀតជាមួយនឹង​ក្រវិលមិនត្រឹមអាចធ្វើឱ្យសាច់នៅជុំវិញរន្ធត្រចៀកហែក​អាចបង្កឱ្យមានការឆ្លងមេរោគទេ ថែមទាំងបង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ទៀត។

    ដូច្នេះ ប៉ាម៉ាក់​ត្រូវ​ប្រាប់អូនតូចឱ្យប្រយ័ត្នដោយត្រូវពាក់ ឬដោះអាវថ្នមៗ និងយឺតៗ ហើយចៀសវាងពាក់អាវ​ដែល​មាន​កតូចពេកដែលធ្វើ​ឱ្យ​ពិបាកពាក់ ឬដោះចេញ។

    ម្យ៉ាងទៀត ប៉ាម៉ាក់គួរប្រាប់អូនតូចឱ្យទាញសក់ចេញពីត្រចៀក ហើយពេលសិតសក់កក់សក់​ត្រូវ​ប្រយ័ត្ន​កុំឱ្យសក់ទាក់ត្រចៀក។

    ៣. កុំដោះក្រវិលចេញ

    ទោះជាក្រោយចោះត្រចៀកហើយ អូនតូចមានការឈឺចាប់ ឬមានអាការៈ​មិនស្រួល​នៅ​ត្រចៀក​ក៏​ដោយ ម៉ាក់ប៉ាចៀងវាងដោះ​ក្រវិលចេញមុនពេលត្រចៀក​អូនតូចជាសះស្បើយ​ដែលជាទូទៅ​មាន​រយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ព្រោះការដោះក្រវិលចេញអាចបង្កឱ្យមានការឆ្លងមេរោគ និងជំរុញ​ល្បឿន​នៃការជាសះស្បើយដែលធ្វើឱ្យរន្ធត្រចៀកបិទជិតវិញ។

    ៤. ចៀសវាងឱ្យអូនតូចហែលទឹក

    ការហែលទឹកក្នុងអាង ទន្លេ ឬសមុទ្រមុនពេលត្រចៀកមិនទាន់ជាសះស្បើយ​អាចបណ្តាល​ឱ្យ​រន្ធ​ត្រចៀក​ឆ្លងមេរោគ ប៉ះពាល់នឹងសារធាតុគីមី ឬជាតិពុលនៅក្នុងទឹកអាង ទន្លេ ឬសមុទ្រ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ឱ្យអូនតូច​ងូតទឹកស្អាត​ និងកក់សក់ដូចធម្មតាបាន។

    កូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬត្រចៀក

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៥. សម្អាតត្រចៀក និងក្រវិលកូនជាមួយទឹកអំបិល

    ម៉ាក់ប៉ាអាចលាយអំបិលមួយភាគបួនស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ​មួយពែង រួចយកកំប្រេស ឬសំឡីមកជ្រលក់ទឹកអំបិល ហើយសម្អាត​ត្រចៀក និងក្រវិលអូនតូច។ បន្ទាប់មកសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកស្អាតឱ្យបានស្អាតល្អ កុំឱ្យនៅជាប់ជាតិអំបិល​ រួចជូតឱ្យស្ងួត។

    ការសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកអំបិលក្នុងអំឡុងពេល ២ ទៅ ៣ សប្តាហ៍បន្ទាប់​ពី​ចោះ​ត្រចៀករួចអាចការពារការឆ្លងមេរោគ បង្កើនចលនាឈាមរត់ ការពាររន្ធត្រចៀក​កុំឱ្យ​ឡើង​ដុំ​ពក និងជំរុញល្បឿន​នៃការជាសះស្បើយ។

    ៦. ចៀសវាង​លាប​ប្រេងកូឡា ឬ​គ្រីម​នៅរន្ធត្រចៀក

    ការលាប​ប្រេងកូឡា ឬ​គ្រីមការពារឆ្លងមេរោគ​នៅរន្ធត្រចៀកដែលទើប​ចោះហើយអាចបិទរន្ធ​​ត្រចៀក កាត់បន្ថយរំហូរខ្យល់ចេញចូលរន្ធត្រចៀក និងពន្យឺតល្បឿនជាសះស្បើយ។

    លើសពីនេះ ការលាប​ប្រេងកូឡា ឬ​គ្រីមការពារឆ្លងមេរោគ​នៅរន្ធត្រចៀក​អូនតូច​អាចបណ្តាល​ឱ្យ​រន្ធ​ត្រចៀកអូនតូចជាប់​ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងទៀត ដែលអាចបង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ។

    ៧. កុំកិបគូទក្រវិលតឹងពេក

    ម៉ាក់ប៉ាគួរពិនិត្យគូទក្រវិលរបស់អូនតូច កុំឱ្យកិបត្រចៀកអូនតូចតឹងពេក ព្រោះអាចបណ្តាលឱ្យ​ចរន្ត​ឈាមរត់​មិនបានល្អ និងកាត់បន្ថយរំហូរខ្យល់ទៅកាន់រន្ធត្រចៀក​ដែលអាចបណ្តាលឱ្យ​មានការ​ឈឺ​ចាប់ និងឆ្លងមេរោគ។

    ៨. ដោះក្រវិលចេញពេលយប់បន្ទាប់ពី ៦ សប្តាហ៍

    បន្ទាប់ពីចោះត្រចៀកបាន ៦សប្តាហ៍ នៅពេលដែលត្រចៀកអូនតូចជាសះស្បើយ ប៉ាម៉ាក់​អាច​ដោះ​ក្រវិលរបស់អូនតូចចេញនៅពេលយប់ មុនពេលចូលគេងដើម្បីឱ្យរន្ធត្រចៀកមានខ្យល់ចូលចេញ និង​ការពារការឆ្លងមេរោគ។ លុះពេលព្រឹកឡើងម៉ាក់ប៉ាអាចពាក់​ក្រវិលឱ្យអូនតូចវិញ​ដើម្បី​ការពារ​រន្ធ​ត្រចៀកពីការបិទជិតវិញ។

    បន្ទាប់ពីចោះត្រចៀកហើយ ម៉ាក់ប៉ាមិនគួរសម្អាតរន្ធត្រចៀកអូនតូចជាមួយទឹកអុកស៊ីសែន (អ៊ីដ្រូសែន​ពែអុកស៊ីត) ឬអាល់កុលទេ ព្រោះសារធាតុទាំងនេះអាចបណ្តាលឱ្យស្បែក​ត្រចៀក​អូន​តូច​ស្ងួត និងរលាក។ ម្យ៉ាង​ទៀត ប៉ាម៉ាក់គួរជូតត្រចៀក រន្ធត្រចៀក និងក្រវិលរបស់អូនតូច​ឱ្យស្ងួត កុំឱ្យនៅសើមដើម្បីចៀសវាងការឡើងខ្ទុះ។ លើសពីនេះទៅទៀត មុន​ប៉ះត្រចៀកអូនតូច ម៉ាក់ប៉ា​ត្រូវ​លាងសម្អាតដៃឱ្យស្អាតសិន​ចៀសវាង​​​ចម្លងមេរោគដល់ត្រចៀកអូនតូច។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ប្រការគួរធ្វើ និងមិនគួរធ្វើបន្ទាប់ពីចោះ ឬបាញ់ត្រចៀកកូនហើយ៖
    • ប៉ាម៉ាក់ចៀសវាងបង្វិល ឬផ្លាស់ប្តូរក្រវិលថ្មីព្រោះអាចបណ្តាលឱ្យអូនតូចមានការឈឺចាប់ និងឆ្លងមេរោគ
    • ប៉ាម៉ាក់ចៀសវាងមានអ្វីទាក់ក្រវិលអូនតូចដែលបង្កឱ្យសាច់នៅជុំវិញរន្ធត្រចៀកហែក​ និងការឆ្លងមេរោគ
    • ប៉ាម៉ាក់ចៀសវាងដោះក្រវិលចេញមុនរន្ធត្រចៀកជាសះស្បើយ ព្រោះអាចធ្វើរន្ធត្រចៀកបិទជិតវិញ
    • ប៉ាម៉ាក់គួរសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកអំបិលដើម្បីជំរុញល្បឿនជាសះស្បើយ
    • ប៉ាម៉ាក់គួរចៀសវាង​លាប​ប្រេងកូឡា ឬ​គ្រីម​នៅរន្ធត្រចៀកអូនតូច ព្រោះអាច​អាចបណ្តាល​ឱ្យ​រន្ធ​ត្រចៀកអូនតូចជាប់​ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងទៀត ដែលអាចបង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ
    • ប៉ាម៉ាក់ចៀសវាងកិបគូទក្រវិលតឹងពេក ព្រោះអាច​បណ្តាលឱ្យ​អូនតូចមានការ​ឈឺ​ចាប់ និងឆ្លងមេរោគ
    • ប៉ាម៉ាក់គួរចៀសវាងឱ្យអូនតូចហែលទឹកមុនពេល​រន្ធត្រចៀកជាសះស្បើយ ដើម្បីការពារឆ្លងមេរោគពីក្នុងអាងទឹក ទន្លេ ឬសមុទ្រ
    • បា៉ម៉ាក់គួរដោះក្រវិលអូនតូចចេញពេលយប់បន្ទាប់រន្ធត្រចៀកជាសះស្បើយ ដើម្បីរន្ធត្រចៀកមានខ្យល់ចូលចេញ និង​ការពារការឆ្លងមេរោគ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម