ទារកមួយចំនួនមានទម្លាប់បៀមម្រាមដៃ ហើយក្មេងមួយចំនួនទៀតអាចបៀមម្រាមដៃរហូតដល់ធំ (អាយុ ៥-៧ ឆ្នាំ)។ ហេតុអ្វីបានជាអាអូនបៀមម្រាមដៃ ហើយការបៀមម្រាមដៃអាចប៉ះពាល់អ្វីខ្លះ? ម៉ាក់ប៉ាគួរជួយអាអូនបញ្ឈប់ការបៀមម្រាមដៃតាមវិធីណា?
ទារកមួយចំនួនបៀមម្រាមដៃដើម្បីរម្ងាប់អារម្មណ៍ខ្លួនឯងនៅពេលឃ្លាន ងងុយគេង ភ័យ ឬអផ្សុក ហើយយូរៗក៏ក្លាយទៅជាទម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអាអូនដុះធ្មេញ ទម្លាប់បៀមម្រាមដៃអាចធ្វើឱ្យអាអូនខូចក្រអូមមាត់ព្រោះធ្មេញមុខជួរខាងលើ និងជួរខាងក្រោមអាចដុះមិនត្រង់ជួរ មានចន្លោះ និងអាចប៉ះពាល់ដល់ការបញ្ចេញសំឡេងរបស់អាអូន។
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលម៉ាក់ប៉ាអាចជួយអាអូនបញ្ឈប់ទម្លាប់បៀមម្រាមដៃ៖
១. ឱ្យអាអូនបៅ ឬញុំាឱ្យឆ្អែត
ម៉ាក់ប៉ាគួរបំបៅ ឬឱ្យអាអូនញុំាអាហារឱ្យទៀងទាត់ ចៀសវាងអាអូនឃ្លាន ព្រោះពេលឃ្លាន អាអូនអាចបៀមម្រាមដៃដើម្បីរំងាប់ការឃ្លាន។
២. បំពេរអាអូនឱ្យគេង
នៅពេលអាអូនងងុយគេង អាអូនក៏បៀមម្រាមដៃដែរ ដូច្នេះម៉ាក់ប៉ាអាចបំពេរអាអូនឱ្យគេង យោលអាអូនឱ្យគេង ឬពអាអូនដើរចុះដើរឡើងឱ្យអាអូនគេង និងចៀសវាងឱ្យអាអូនគេងបៀមម្រាមដៃរហូតដល់គេងលក់។
៣. កុំឱ្យអាអូនទំនេរ
ពេលអផ្សុក អាអូនអាចបៀមម្រាមដៃ ដូច្នេះម៉ាក់ប៉ាគួររកអ្វីឱ្យអាអូនធ្វើ ឬលេងដូចជា ឱ្យអាអូនលេងប្រដាប់ប្រដាក្មេងលេង ផាត់រូប គូររូប ឬនាំអាអូនទៅលេងនៅសួនជាដើម និងចៀសវាងឱ្យអាអូនទំនេរ។
៤. ឱ្យជ័រខាំលេងទៅអាអូន
ម៉ាក់ប៉ាអាចឱ្យអាអូនខាំជ័រខាំលេងដើម្បីបង្វែរអារម្មណ៍អាអូនពីការបៀមម្រាមដៃ និងកុំឱ្យអាអូនអផ្សុក។ ពេលអាអូនទម្លាប់ខាំជ័រខាំលេង យូរៗអាអូនអាចភ្លេចបៀមម្រាមដៃដោយខ្លួនឯង។
៥. សង្កេតពេលវេលាអាអូនចូលចិត្តបៀមម្រាមដៃ
ម៉ាក់ប៉ាគួរសង្កេតមើលពេលណាអាអូនចូលចិត្តបៀមម្រាមដៃ។ ឧទារហរណ៍ ប្រសិនបើអាអូនចូលចិត្តបៀមម្រាមដៃពេលមើលទូរទស្សន៍ ឬពេលមើលទូរស័ព្ទ ម៉ាក់ប៉ាគួរបិទទូរទស្សន៍ ឬទូរស័ព្ទ ហើយបង្វែរអារម្មណ៍អាអូនឱ្យធ្វើអីផ្សេង ឬលេងជាមួយអាអូនដើម្បីឱ្យអាអូនឈប់បៀមម្រាមដៃ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៦. ពាក់ស្រោមដៃ ឬអាវមានដៃវែងដេរជិតម្រាម
ជាទូទៅពេលអាអូនងងុយគេង ឬពេលអាអូនយល់សប្តិអាក្រក់ អាអូននឹងបៀមម្រាមដៃដើម្បីលួងលោមខ្លួនឯង ដូច្នេះពេលអាអូនគេង ម៉ាក់ប៉ាអាចពាក់ស្រោមដៃ ឬអាវដែលដែលមានដៃវែងដេរជិតម្រាមដើម្បីការពារអាអូនពីការបៀមម្រាមដៃពេលគេង។
៧. ឱ្យអាអូនគេងឱបតុក្កដា ឬខ្នើយឱប
បើអាអូនមានអាយុលើសពី ២ ឆ្នាំ ម៉ាក់ប៉ាអាចឱ្យអាអូនគេងឱ្យឱបតុក្កដា ឬខ្នើយឱបដើម្បីបង្វែរអារម្មណ៍អាអូន និងលួងលោមអាអូនឱ្យគេង។ បើម៉ាក់ប៉ាឃើញអាអូនគេងបៀមម្រាមដៃ ម៉ាក់ប៉ាគួរដកម្រាមដៃអាអូនចេញពីមាត់ថ្នមៗ។
៨. ពន្យល់ហេតុផលប្រាប់អាអូន
ម៉ាក់ប៉ាអាចពន្យល់ហេតុផលពីផលវិបាកនៃការបៀមម្រាមដៃឱ្យអាអូនស្តាប់។ ឧទារហណ៍ ម៉ាក់ប៉ាអាចឱ្យអាអូនបើកមាត់នៅមុខកញ្ចក់ រួចប្រាប់អាអូនថា ការបៀមម្រាមដៃធ្វើឱ្យធ្មេញមុខជួរខាងលើ និងជួរខាងក្រោមរបស់កូនដុះមិនត្រង់ជួរ លែងស្អាត ហើយខូចក្រអូមមាត់ទៀត។
ម្យ៉ាងទៀត ការបៀមម្រាមដៃអាចធ្វើឱ្យកូនឈឺដោយសារការឆ្លងមេរោគចូលមាត់ ព្រោះនៅលើម្រាមដៃ និងក្រចកមានមេរោគច្រើនណាស់។ ជាពិសេស មិត្តភក្តិអាចសើចចំអកឱ្យកូនជាដើម។
[embed-health-tool-heart-rate]
៩. សរសើរកូន
នៅពេលអាអូនមិនបៀមម្រាមដៃ ម៉ាក់ប៉ាគួរសរសើរអាអូនដើម្បីលើកទឹកចិត្តអាអូន និងចៀសវាងស្តីបន្ទោស ឬចំអកឱ្យអាអូន នៅពេលបៀមម្រាមដៃព្រោះអាចធ្វើឱ្យអាអូនបាត់ជំនឿចិត្តលើខ្លួនឯង។
១០. លាបរបស់លើម្រាមដៃអាអូន
ម៉ាក់ប៉ាអាចប្រើវិធីរបស់ចាស់ៗដូចជា លាបប្រេងកូឡា ឬ ទឹកខ្មេះលើម្រាមដៃអាអូនដើម្បីកុំឱ្យបៀមម្រាមដៃទៀត។ ដូច្នេះពេលបៀមម្រាមដៃអាអូននឹងហឹរ ឬជូរពេញមាត់ជាមិនខាន តែម៉ាក់ប៉ាត្រូវប្រយ័ត្ន កុំឱ្យអាអូនយកដៃញីភ្នែក។
ទម្លាប់បៀមម្រាមដៃអាចពិបាកនឹងផ្តាច់ ប៉ុន្តែម៉ាក់ប៉ាគួរព្យាយាម និងមានភាពអត់ធ្មត់ ហើយកុំចិត្តទន់ឱ្យសោះ ព្រោះពេលខ្លះម៉ាក់ប៉ាឃើញអាអូនយំដោយសារមិនបានបៀមម្រាមដៃអាចមិនដាច់ចិត្ត។
អត្ថបទគួរអាន៖
- ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេកកូនឱ្យសើច
- ចោះត្រចៀកកូនហើយគួរថែទាំបែបណាទើបមិនឆ្លងមេរោគ?
- វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក
- វិធីសាស្រ្ត ៣ យ៉ាងអាចទាយកម្ពស់កូននាពេលអនាគ
- ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
- ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
ចំណុចសំខាន់
- ឱ្យអាអូនបៅ ឬញុំាឱ្យឆ្អែត
- បំពេរអាអូនឱ្យគេង
- កុំឱ្យអាអូនទំនេរ
- ឱ្យជ័រខាំលេងទៅអាអូន
- សង្កេតពេលវេលាអាអូនចូលចិត្តបៀមម្រាមដៃ
- ពាក់ស្រោមដៃ ឬអាវដែលដែលមានដៃវែងដេរជិតម្រាម
- ឱ្យអាអូនគេងឱបតុក្កដា ឬខ្នើយឱប
- ពន្យល់ហេតុផលប្រាប់អាអូន
- សរសើរអាអូន
- លាបរបស់លើម្រាមដៃអាអូន