នាពេលថ្មីៗនេះ កម្រិតខ្យល់ពុលមានការកើនឡើង គួរឲ្យបារម្ភ ដែលអាចប៉ះពាល់ដល់សុខភាពយើងរាល់គ្នា ជាពិសេសកុមារតូចៗដែលមិនទាន់មានប្រព័ន្ធភាពស៊ាំរឹងមាំនៅឡើយ។ ហេតុនេះហើយ ប៉ាម៉ាក់គួរយល់ដឹងពីគន្លឹះមួយចំនួន ដើម្បីការពារអាអូនពីខ្យល់ពុលនៅក្នុងបរិយាកាស។
គន្លឹះល្អៗការពារកូនពីខ្យល់ពុល
១. ពិនិត្យគុណភាពខ្យល់
ជំហានដំបូងបង្អស់ដើម្បីការពារកូន ប៉ាម៉ាក់គួរដឹងពីកម្រិតគុណភាពខ្យល់ ប្រសិនបើខ្យល់ពុលមានកម្រិតខ្ពស់ ប៉ាម៉ាក់គួរឲ្យកូនលេងនៅក្នុងផ្ទះ ឬជៀសវាងបញ្ចេញសកម្មភាពរាងកាយខ្លាំងក្លាជ្រុលពេក។
២. បង្កើនគុណភាពខ្យល់នៅក្នុងផ្ទះ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់គួរបើកម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់គេង ឬកន្លែងដែលកូនចូលចិត្តលេង ដើម្បីកាត់បន្ថយភាគល្អិតតូចៗដែលមានគ្រោះថ្នាក់នៅក្នុងខ្យល់។ មួយវិញទៀត យើងក៏ចាំបាច់បិទបង្អួចឲ្យជិតផងដែរ ដើម្បីកុំឲ្យខ្យល់កខ្វក់ឆ្លងចូលបាន។

៣. បង្កើតទម្លាប់ល្អ
បន្ថែមពីនេះ ប៉ាម៉ាក់គួរណែនាំឲ្យកូនបង្កើតនូវទម្លាប់ល្អមួយចំនួន ដើម្បីកាត់បន្ថយការស្រូបយកខ្យល់ពុល ដោយជៀសវាងការធ្វើដំណើរនៅតាមផ្លូវដែលមានមនុស្សអ៊ូអរច្រើន ពីព្រោះខ្យល់ពុលពីផ្សែងម៉ូតូ ផ្សែងឡានមានកម្រិតខ្ពស់។
៤. បង្កើនការទ្រទ្រង់រាងកាយកូនដោយសារធាតុចិញ្ចឹមល្អៗ
របបអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមល្អៗ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកូនតូចពីការប៉ះពាល់ដោយផ្សែងពុល ហេតុនេះ ប៉ាម៉ាក់គួរបញ្ចូលពពួកផ្លែប៊ឺរី បន្លែស្លឹកបៃតង និងពពួកផ្លែក្រូច ដែលផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយកូនក្នុងការប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ ដែលបណ្តាលមកពីផ្សែងពុល។






















