កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរសម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និងថែទំាំរបៀបម៉េច?
១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ?
អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្កអាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។
[embed-health-tool-vaccination-tool]
២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ
វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូចពីអាលែកហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖
- ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន
- បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាងសម្អាតដៃឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន
- ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម
- ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើមរីកលូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើមក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក)
- ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស
- ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម
- ឱ្យកូនគេង និងញុំាទឹកឱ្យបានគ្រប់គ្រាន់
- ឱ្យកូនញុំាអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើមដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយកូន
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. វិធីថែទាំកូនពេលអាលែកហ្ស៊ីច្រមុះ
អ្នកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា បើកូនក្រោមអាយុពីរឆ្នាំអាលែកហ្ស៊ីច្រមុះ ម៉ាក់ប៉ាត្រូវនាំកូនទៅ ពិគ្រោះជាមួយគ្រូពេទ្យ។ ចំពោះកូនមានអាយុចាប់ពីពីរឆ្នាំឡើង ម៉ាក់ប៉ាអាច៖
- ឱ្យកូនញុំាថ្នាំប៉ារ៉ាសេតាម៉ុលតាមកម្រិតដូសដើម្បីបន្ថយការឈឺចាប់ ព្រោះជាមធ្មតាពេល អាលែកហ្ស៊ីច្រមុះក្រៅពីក្អក និងកណ្តាស ក៏បង្កឱ្យឈឺក្បាល ឬឈឺប្រហោងឆ្អឹងច្រមុះដែរ
- ឱ្យកូនថ្នាំប្រឆាំងអាការៈក្អក កណ្តាស់ ហៀរសម្បោរដែលជាប្រភេទថ្នាំអាលែកហ្ស៊ីមិនផ្តល់ការ រំខានដូចជាធ្វើឱ្យកូនងងុយគេងតាមកម្រិតដូស
- បើប្រើថ្នាំខាងលើរយៈពេលមួយអាទិត្យនៅមិនបាត់ សូមនាំកូនទៅជួបគ្រូពេទ្យ
- ប្រើសារ៉ូបប្រៃលាងច្រមុះឱ្យកូនដើម្បីកាត់បន្ថយអការៈតឹងច្រមុះ
ជាចុងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិតបានផ្តាំថា កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះក្នុងអំឡុងអាកាសធាតុត្រជាក់អាចមានហូរឈាមច្រមុះ។ បើកូនហូរឈាមច្រមុះ ម៉ាក់ប៉ាត្រូវឱ្យកូនអង្គុយ រួចឱនមកខាងមុខ បន្ទាប់មកយកមេដៃ និងចង្អុរដៃខ្ទប់ចុងច្រមុះកូនប្រហែល ១០នាទី បើសិន ក្រោយ ១០នាទី ឈាមឈប់ហូរបានន័យថា ការសង្រ្គោះ បឋមជោគជ័យហើយ តែបើឈាមមិន ឈប់ហូរទេ ត្រូវនាំកូនទៅជួបគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?