ប្រកាច់គឺជាអាការៈដែលធ្វើឱ្យកុមារកន្រ្តាក់សាច់ដុំ រាងកាយ ហើយអាចបណ្តាលឱ្យអាអូនរបួស ឬគ្រោះថ្នាក់ដល់ជីវិត បើម៉ាក់ប៉ាមិនដឹងពីវិធីសង្រ្គោះបឋម។ ហេតុអ្វីបានជាកុមារប្រកាច់? ពេលអាអូនប្រកាច់ម៉ាក់ប៉ាគួរធ្វើបែបម៉េច? គួរចៀសវាងអីខ្លះ?
លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាបានលើកឡើងថា មូលហេតុសំខាន់ៗដែលធ្វើឱ្យកុមារប្រកាច់រួមមាន៖
ទារកកើតមកខ្សោយ ឬសន្លប់ក្នុងអំឡុងពេលសម្រាល មានហូរឈាមក្នុងខួរក្បាល ឆ្លងមេរោគចូលទៅក្នុងឈាម ធ្វើឱ្យរលាកស្រោមខួរក្បាល ឬរលាកខួរក្បាល ខួរក្បាលមិនធម្មតាពីកំណើត មានជំងឺEpilepsie (ជំងឺស្កន់ ឬ ជំងឺឆ្កួតជ្រូក ) ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង (៣៩ អង្សា) លើកុមារមួយចំនួនដែលមានអាយុ ពី ៦ ខែ ដល់ ៥ ឆ្នាំ មានដុំសាច់ក្នុងខួរក្បាល វិបត្តិមេតាបូលីក និងអេឡិចត្រូលីតដូចជាជាតិស្ករ កាល់ស្យូម ជាតិសូដ្យូមក្នុងឈាមចុះទាបខ្លាំងពេក គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរដែលធ្វើឱ្យហើមខួរក្បាល ឬមានកកឈាមក្នុងខួរក្បាល សម្ពាធឈាមឡើងខ្ពស់ខ្លាំង
១. ពេលកុមារប្រកាច់ ម៉ាក់ប៉ាគួរធ្វើដូម្តេច?
– ត្រូវដាក់កុមារឱ្យគេងក្នុងស្ថានភាពសុវត្ថិភាព គឺដាក់ឱ្យអាអូនគេងផ្អៀងនៅលើទីរាប ក្បាលទាបជាងដងខ្លួន និងងើយឡើងលើបន្តិចដើម្បីសម្រួលឱ្យស្លេស្ម ឬទឹកមាត់ហូរចេញមកក្រៅ
– ពិនិត្យមើលផ្លូវដង្ហើម ព្រោះអាចស្ទះដោយសារស្លេស ហើយបើមានត្រូវបូម ឬយកម្រាមដៃកៀរស្លេសចេញ
– ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ ប្រសិនបើឪពុកម្តាយអាចធ្វើបាន
– ក្នុងករណីមានក្តៅខ្លួន ម៉ាក់ប៉ាត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅដោយសុលតាមរន្ធគូទ ដោះសម្លៀកបំពាក់ចេញ ស្អំកន្សែងត្រជាក់ រួចនាំកូនមកមន្ទីរពេទ្យ
ខ. ប្រការមិនគួរធ្វើ
– មិនត្រូវចាប់ដៃជើងកុមារទប់មិនឱ្យកន្ត្រាក់ទេ ព្រោះថាការធ្វើបែបនេះក៏មិនអាចទប់អាអូនមិនឱ្យកន្រ្តាក់ដែរ តែផ្ទុយទៅវិញបែរជាធ្វើឱ្យអាអូនមានការឈឺចាប់ នៅពេលដឹងខ្លួនវិញដោយសារឈឺស្នាមដែលម៉ាក់ប៉ាប្រើកម្លាំងដើម្បីទប់អាអូនឱ្យឈប់កន្ត្រាក់។
– មិនត្រូវផ្តល់ថ្នាំ ទឹកក្រូចឆ្មារ ឬទឹកតែក្រូចឆ្មារ អ្វីតាមមាត់ពេលកុមារកំពុងប្រកាច់ទេ ព្រោះពេលកុមារប្រកាច់ អាអូននឹងសន្លប់បាត់ស្មារតី ហើយបើម៉ាក់ប៉ាបញ្ចុកអ្វីចូលតាមមាត់អាចធ្វើឱ្យកុមារឈ្លក់ចូលក្នុងបំពង់ខ្យល់ដែលអាចបណ្តាលឱ្យរលាកសួត ឬស្ទះដង្ហើម ហើយអាចបណ្តាលឱ្យស្លាប់ភ្លាមៗបាន។
លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ !
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ !
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ !
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ !
២. ពេលណាត្រូវនាំកុមារប្រកាច់មកកាន់មន្ទីរពេទ្យ?
គ្រប់កុមារដែលប្រកាច់ ជាពិសេសពេលប្រកាច់លើកទី១ ឪពុកម្តាយត្រូវនាំកូនមកជួបគ្រូពេទ្យដើម្បីពិនិត្យ វាយតម្លៃ និងរកមូលហេតុ និង ផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។
បើសិនជាកុមារមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូកដែលកំពុងប្រើថ្នាំ ឪពុកម្តាយត្រូវនាំកូនមកជួបគ្រូពេទ្យវិញនៅពេលអាអូនប្រកាច់ញឹកញាប់ជាងថ្ងៃធម្មតា ឬរយៈពេលប្រកាច់របស់អាអូនយូរលើសពី ៥ នាទី ឬសន្លប់បាត់ស្មារតីយូរ ឬមានទន់អវយវៈរយៈពេលយូរក្រោយពេលដឹងខ្លួនមកវិញ។
៣. វិធីការពារកុំឱ្យប្រកាច់
– ក្នុងករណីកុមារមានជំងឺឆ្កួតជ្រូក ៖ ម៉ាក់ប៉ាត្រូវឱ្យថ្នាំកូនតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ
– ក្នុងករណីកុមារមានប្រវត្តិប្រកាច់ដោយសារកម្តៅឡើងខ្លាំង ៖ ពេលកុមារក្តៅខ្លួនចាប់ពី ៣៨ អង្សាឡើងទៅ ម៉ាក់ប៉ាត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅតាមមាត់ ឬសុលតាមរន្ធគូទឱ្យបានឆាប់ ដោះសម្លៀកបំពាក់របស់កូនចេញ រួចស្អំកន្សែងសើម ឬអាចបន្ថែមថ្នាំ anticonvulsivant (ថ្នាំទប់ប្រកាច់) តាមវេជ្ជបញ្ជា។ ក្នុងករណីកុមារនៅតែក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាត្រូវនាំអាអូនមកជួបគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុ និងផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា៖ «ការប្រកាច់អាចកើតឡើងវិញម្តងទៀត បើកុមារដែលមានអាយុចន្លោះ ៥-៦ ខែដល់ ៥-៦ ឆ្នាំដែលធ្លាប់មានប្រវត្តិក្តៅប្រកាច់ ដូច្នេះឪពុកម្តាយដែលមានកូនធ្លាប់មានប្រវត្តិប្រកាច់ត្រូវឧស្សាហ៍មើលកូន និងឧស្សាហ៍តាមដានកម្តៅកូនដើម្បីការពារអាអូនកុំឱ្យប្រកាច់ម្តងទៀត»។
អត្ថបទគួរអាន៖
ចំណុចសំខាន់ ពេលកូនប្រកាច់ ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោម៖
– ប្រការគួរធ្វើ៖
ដាក់កូនឱ្យគេងផ្អៀងនៅលើទីរាប ក្បាលទាបជាងដងខ្លួន និងងើយឡើងលើបន្តិច ដាក់ Canule ឬប្រើឈើសង្កត់អណ្តាតដែលរុំក្រណាត់ក្នុងមាត់ចន្លោះធ្មេញលើ និងក្រោមដើម្បីការពារកូនខាំអណ្តាត ពិនិត្យមើលផ្លូវដង្ហើម បើមានត្រូវបូម ឬយកម្រាមដៃកៀរស្លេស្មចេញ ក្នុងករណីកូនលែងដកដង្ហើម ម៉ាក់ប៉ាត្រូវផ្តល់ជំនួយលើផ្លូវដង្ហើមតាមរយៈការផ្លុំខ្យល់បញ្ចូលតាមមាត់ ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ ក្នុងករណីមានក្តៅខ្លួន ម៉ាក់ប៉ាត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅដោយសុលតាមរន្ធគូទ ដោះសម្លៀកបំពាក់ចេញ ស្អំកន្សែងត្រជាក់ រួចនាំកូនមកមន្ទីរពេទ្យ – ប្រការមិនគួរធ្វើ៖
មិនត្រូវចាប់ដៃជើងកុមារទប់មិនឱ្យកន្ត្រាក់ទេ មិនត្រូវផ្តល់ថ្នាំ ទឹកក្រូចឆ្មារ ឬទឹកតែក្រូចឆ្មារ តាមមាត់ទេ