សម្រាប់មនុស្សពេញវ័យម្នាក់ តាមការណែនាំគួរញ៉ាំអំបិលត្រឹម៦ក្រាមក្នុងមួយថ្ងៃ ហើយកុមារត្រូវតិចជាងនេះ។ ចុះបើអ្នកមានជំងឺប្រចាំកាយ ដូចជាជំងឺទឹកនោមផ្អែម តើអំបិលមានទំនាក់ទំនងបែបណាខ្លះជាមួយជំងឺនេះ?
១. អំបិល និងជំងឺទឹកនោមផ្អែម
ទោះបីជាអំបិលមិនមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវកម្រិតបរិមាណអំបិលដែលញ៉ាំប្រចាំថ្ងៃ ដែលនេះជាផ្នែកមួយនៃការគ្រប់គ្រងជំងឺ។ ការញ៉ាំអំបិលច្រើនអាចធ្វើឲ្យសម្ពាធឈាមអ្នកជំងឺទឹកនោមផ្អែមកើនឡើង។ អ្នកមានជំងឺទឹកនោមផ្អែមច្រើនទទួលផលប៉ះពាល់ពីការឡើងសម្ពាធឈាមនេះ ដែលអាចបង្កើនហានិភ័យជំងឺបេះដូង បញ្ហាសរសៃឈាមខួរក្បាល និងជំងឺតម្រងនោម។
រឿងគួរឲ្យបារម្ភមួយទៀត គឺការញ៉ាំអំបិលច្រើនអាចធ្វើឲ្យមនុស្សយើងប្រឈមនឹងហានិភ័យកើតជំងឺមហារីកក្រពះផងដែរ។
២. អាហារសម្បូរជាតិអំបិល
ខាងក្រោមនេះជាប្រភេទអាហារមួយចំនួនដែលមានអំបិលច្រើន អ្នកមានជំងឺទឹកនោមផ្អែមគួរកាត់បន្ថយការញ៉ាំ។
- អាហារកែច្នៃ ឬអាហារវេចខ្ចប់
- សាច់ប្រឡាក់
- ទឹកស៊ីអ៊ីវ
- បង្គារក្រៀម និង
- ម្ហូបកំប៉ុង ជាដើម។
អ្នកមានជំងឺទឹកនោមផ្អែម អាចនឹងងាយឡើងសម្ពាធឈាម។ ការញ៉ាំជាតិប្រៃច្រើនពេក អាចធ្វើឲ្យសម្ពាធឈាមកើនឡើងដូចគ្នា។ ដូចនេះ បើយើងមិនច្បាស់ថាអាហារណាមួយមានជាតិប្រៃច្រើន សូមសាកសួរគ្រួពេទ្យបន្ថែម។
[embed-health-tool-bmi]